ព័ត៌មានជាតិ
អភិបាលខេត្តបន្ទាយមានជ័យស្នើភាគីថៃឱ្យគោរពតាមស្មារតីនៃកិច្ចប្រជុំGBC កុំពង្រីកទំហំវិវាទនៅភូមិព្រៃចាន់ និងភូមិជោគជ័យ
លោក អ៊ុំ រាត្រី គណៈអភិបាលខេត្តបន្ទាយមានជ័យបានស្នើឱ្យភាគីថៃចូលរួមជាមួយកម្ពុជាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ(GBC) នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ត្រង់ចំណុច៨.១ ដែលបានប្រគល់ភារកិច្ចឱ្យខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងខេត្តស្រះកែវរបស់ថៃ សម្របសម្រួលជាមួយគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង ដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) នៃប្រទេសទាំងពីរ។

ការស្នើរបស់លោក អ៊ំ រាត្រី ធ្វើឡើងនៅ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្រោយពីមិនមានការឆ្លើយតបពីអភិបាលខេត្តស្រះកែវចំពោះលិខិតអញ្ជើញកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ របស់អភិបាលខេត្តបន្ទាយ ដើម្បីជួបប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវទាក់ទងនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងភូមិណងយ៉ាកែវ ឃុំគោកស៊ូង និងភូមិណងចាន់ ឃុំណងម៉ាក់មូន ស្រុកគោកស៊ូង ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ។
លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា៖«កន្លងទៅនេះ យើងសង្កេតឃើញថា មានអ្នកនាំពាក្យរងនៃកងទ័ពភូមិន្ទថៃ រដ្ឋបាលខេត្តស្រះកែវ ក៏ដូចជា បណ្តាញព័ត៌មានថៃមួយចំនួនបានបង្ហាញ និងផ្សព្វផ្សាយដល់សាធារណជនជាតិ និងអន្តរជាតិ អំពីផែនទីរូបភាពផ្កាយរណប និងប្លង់ទីតាំងបង្គោលព្រំដែន នៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ដោយប្រើប្រាស់ឯកសារ និងព័ត៌មានទ្វេភាគីមួយចំនួន យកមកបកស្រាយប្រាសចាកពីការពិត។ ទោះបីជាផ្អែកទៅលើខ្សែមិនផ្លូវការ ដែលគូសនៅលើផែនទីរូបភាពផ្កាយរណប ជាឯកតោភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ៤២ និងលេខ៤៣ និងចន្លោះបង្គោលព្រំដែនលេខ ៤៤ ដល់បង្គោលព្រំដែនលេខ ៤៧ នេះក៏ដោយ ក៏យើងអាចសង្កេតឃើញថា ការអង្កេតនៅលើដីជាក់ស្តែង បានបង្ហាញ និងបញ្ជាក់ច្បាស់ថា ក៏មានការកាន់កាប់ និងអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃចូលមកកម្ពុជាវិញផងដែរ»។

លោកអភិបាលខេត្តបន្ទាយមានជ័យ បានអះអាងថា បញ្ហាទាំងអស់នេះបង្ហាញឱ្យឃើញពីភាពស្មុគ្រស្មាញ និងការលំបាកនៅក្នុងការងារដោះស្រាយបញ្ហាព្រំដែន ដែលទាមទារឱ្យគោរពទៅតាមកិច្ចព្រមព្រៀង និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។ ក្នុងន័យនេះ លោកស្នើឱ្យភាគីថៃចូលរួមជាមួយកម្ពុជាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ(GBC)។ ជាមួយគ្នានេះ លោកអភិបាលខេត្តរបស់កម្ពុជា ក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ ក្នុងការបង្កើតបរិយាកាសអំណោយផលដល់ដំណើរការស្វែងរកដំណោះស្រាយលើបញ្ហាព្រំដែន ជាពិសេស តាមរយៈការបញ្ឈប់រាល់សកម្មភាពឯកតោភាគីទាំងឡាយ ដែលអាចនាំឱ្យប៉ះពាល់ដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាជនទាំងសងខាង ដោយរង់ចាំរហូតដល់មានការសម្រេចចិត្តរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។
លោកអភិបាលខេត្តបន្ទាយមានជ័យ ក៏បានរំឭកពីឡើងវិញនូវគោលការណ៍ចំនួន៤ចំណុច ដូចដែលបានលើកឡើងជូនអភិបាលខេត្តស្រះកែវ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ និងស្នើភាគីថៃយកចិត្តទុកដាក់អនុវត្តគោលការណ៍ទាំងនេះឱ្យបានពេញលេញនិងខ្ជាប់ខ្ជួន។ គោការណ៍ទាំង ៤ ចំណុចនេះ រួមមាន គឺ១-ស្នើសុំរក្សាស្ថានភាពដើមដែលមាន កុំពង្រីកវិសាលភាពនៃបញ្ហា ឬខ្វែងគំនិតគ្នាហើយរង់ចាំការសម្រេចពីគណៈកម្មាធិការចម្រុះព្រំដែននៃប្រទេសទាំកម្ពុជាថៃ។ ២-ក្នុងករណីធ្វើទៅបាន ភាគីថៃត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគាត់វិញ។ ភាគីថៃត្រូវដោះបន្លាលួស ស្បៃ និងកង់ឡាន ហើយរង់ចាំការសម្រេចរបស់JBC ប្រទេសទាំងពីរដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាម MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០០។ ៣-ស្នើសុំភាគីថៃជៀសវាងសកម្មភាពផ្សេងៗក្នុងដំណាក់កាលដែលមិនទាន់មានការប្រជុំសម្រេចពីគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរកម្ពុជា-ថៃ ដូចជា ការដាក់បន្លាលួសបន្ថែម ការចេញបណ្ណកម្មសិទ្ធិ ការធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង និងទ្រព្យសម្បតិ្តប្រជាពលរដ្ឋដែលនៅជាប់ក្នុងបន្លាលួស ការបញ្ជូនប្រជាជនថៃមកកាន់កាប់ទីតាំងដែលមិនទាន់មានភាពដាច់ស្រេច។ល។ ៤-ករណីដែលពុំមែនជាភារកិច្ច និងសមត្ថកិច្ចរបស់រដ្ឋបាលខេត្តត្រូវបញ្ជូនទៅGBC និងJBC។

ដោយឡែក ពាក់ព័ន្ធនឹងការសម្រេចលើកិច្ចការព្រំដែននិងបូរណភាពទឹកដី លោក អ៊ុំ រាត្រី បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តមិនមានសិទ្ធិសម្រេចលើបញ្ហាបូរណភាពទឹកដីនេះទេ ដោយបានគូសបញ្ជាក់ថា៖« តាមខ្ញុំដឹងទាំងរដ្ឋធម្មនុញ្ញរបស់ថៃ ក៏ដូចជារដ្ឋធម្មនុញ្ញរបស់កម្ពុជា បានកំណត់យ៉ាងច្បាស់ថា ការសម្រេចពាក់ព័ន្ធនឹងបូរណភាពទឹកដីនិងព្រំដែន គឺត្រូវមានការអនុម័តពីរដ្ឋសភា និងឡាយព្រះហស្តលេខាពីព្រះមហាក្សត្រ។ ដូច្នេះ ខេត្តពុំមានសមត្ថកិច្ចក្នុងការសម្រេចអំពីបញ្ហាកិច្ចការព្រំដែន និងការងារខណ្ឌសីមានេះទេ»។
យ៉ាងណាក៏ដោយ លោកអះអាងថា រដ្ឋបាលខេត្តបន្ទាយមានជ័យប្រកាន់ខ្ជាប់នូវគោលការណ៍អនុវត្តតាមអ្វីដែលជាការព្រមព្រៀង ដែលប្រទេសទាំងពីរឯកភាពគ្នា ជាពិសេស ដំណោះស្រាយដែលនឹងត្រូវសម្រេចដោយGBC និងJBC ដែលជាយន្តការមានសមត្ថកិច្ចលើកិច្ចការព្រំដែន ស្របតាមMoU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញារវាងប្រទេសទាំងពីរ។ លោកអភិបាលខេត្ត ក៏បានសំណូមពរអភិបាលខេត្តស្រះកែវ ចូលរួមក្នុងការដឹកនាំសម្របសម្រួលជាមួយគ្នាឱ្យបានជិតស្និទ្ធ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ដោយសន្តិវិធី និងជៀសវាងរាល់សកម្មភាពដែលអាចនាំឱ្យមានការពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


