Connect with us

ព័ត៌មានជាតិ

World vision ផ្តល់ជំនួយគាំទ្រវិស័យសុខាភិបាល ដោយផ្ដោតលើសុខុមាលភាពប្រជាជនក្នុងខេត្តព្រះវិហារ

បានផុស

នៅ

អង្គការទស្សនៈពិភពលោកអន្តរជាតិ (World vision) សហការជាមួយក្រុមហ៊ុនដឹកជញ្ជូនឯកជនមួយ អនុវត្តគម្រោងផ្ដល់ជំនួយគាំទ្រវិស័យសុខាភិបាលនៅកម្ពុជា ដោយផ្ដោតលើការពង្រឹងសេវាថែទាំសុខភាព និងសុខុមាលភាពសម្រាប់ប្រជាជន ជាពិសេសស្ដ្រី និងកុមារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួយគាំទ្ររបស់អង្គការ World vision ពេលនេះ ជាការផ្តល់ជំនួយសង្គ្រោះបន្ទាន់ រយៈពេល៦ខែ ជាមួយនឹងកញ្ចប់ថវិកាចំនួន១២ម៉ឺនដុល្លារដើម្បីគាំទ្រដល់វិស័យសុខាភិបាលនៅកម្ពុជា ទាំងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមណ្ឌលសុខភាព ដែលបច្ចុប្បន្នកំពុងរងផលប៉ះពាល់នៅក្នុងខេត្តព្រះវិហារ និងការផ្តល់ជាជំនួយអាហារូបត្ថម្ភ និងសម្ភារៈផ្សេងៗដល់ស្ត្រី និងកុមារ ដែលជាគោលដៅងាយរងគ្រោះក្នុងខេត្តជាប់ព្រំដែនមួយនេះ។

ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមណ្ឌលសុខភាព ត្រូវបានអង្គការ World vision បញ្ជាក់ឱ្យដឹងថា រួមមានការជួសជុលអគារថែទាំ និងព្យាបាល ដំឡើងនូវបន្ទះសូឡា ដើម្បីរក្សាគុណភាពបរិក្ខារវិជ្ជសាស្រ្ត សាងសង់កន្លែងអនាម័យ ប្រព័ន្ធទឹក និងរបង និងជួយគាំទ្រដល់មណ្ឌលសុខភាព ដើម្បីបន្តផ្តល់សេវាសុខភាពមាតា និងទារក។

សម្រាប់ជំនួយជាអាហារូបត្ថម្ភ និងសម្ភារៈផ្សេងៗដល់ស្ត្រី និងកុមារ គឺរួមបញ្ចូលការចែកចាយកញ្ចប់អាហារសម្បូរសារធាតុចិញ្ចឹម ការផ្តល់សម្ភាៈប្រើប្រាស់សំខាន់ៗដូចជាភួយ កន្ទេល សម្ភារៈចម្អិនអាហារ និងកញ្ចប់សម្ភារៈអនាម័យ ការពិនិត្យស្ថានភាពអាហារូបត្ថម្ភ និងការបញ្ជូនបន្តដើម្បីព្យាបាលកុមារអាយុក្រោម៥ឆ្នាំ ព្រមទាំងលើកកម្ពស់ការយល់ដឹងសម្រាប់អាណាព្យាលបាលស្តីពីការបំបៅកូនដោយទឹកដោះម្តាយ ជាដើមនោះ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ World vision តាមរយៈជំនួយនេះនឹងផ្តល់ផលដោយផ្ទាល់ដល់ប្រជាជនចំនួន៤ ៨០០នាក់ ដោយមានស្ត្រីមានផ្ទៃពោះ និងកំពុងបំបៅដោះកូនចំនួន៦០០នាក់ និងកុមារអាយុក្រោម៥ឆ្នាំចំនួន១ ២០០នាក់។

គម្រោងដែលជាគំនិតផ្តួចផ្តើមរួមគ្នារវាងអង្គការទស្សនៈពិភពលោកអន្តរជាតិ (World vision) និងវិស័យឯកជននេះកំពុងត្រូវបានអនុវត្តដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលខេត្ត ការិយាល័យស្រុកប្រតិបត្តិ និងបុគ្គលិកមណ្ឌលសុខភាព។ ក្រុមសហគមន៍ រួមទាំងក្រុមគាំទ្រសុខភាពភូមិ យុវជន និងកុមារ ក៏ត្រូវបានកៀរគរឱ្យចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តដល់ការប្រើប្រាស់សេវាសុខភាពប្រកបដោយនិរន្តរភាព។

នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា លោក ជេនេស អ៉ីម៉ានូអ៊ែល ហ្គីនទីញ បានលើកឡើងថា​ នៅពេលដែលគម្រោងនេះត្រូវបានបញ្ចប់ មន្ទីរសុខាភិបាលខេត្តនឹងដាក់ពង្រាយបុគ្គលិកពេទ្យដែលបានទទួលការបណ្តុះបណ្តាល ឱសថ និងឧបករណ៍ទំនើបៗ ដើម្បីធានាបាននូវសេវាថែទាំសុខភាពដែលមិនមានការរំខាន។

បើតាមលោក ជេនេស អង្គការទស្សនៈពិភពលោក នឹងនៅតែចូលរួមយ៉ាងសកម្ម តាមរយៈការតាមដានជាបន្តបន្ទាប់ របាយការណ៍តម្លាភាព និងការចូលរួមសហគមន៍យ៉ាងស៊ីជម្រៅ ធានាថាគំនិតផ្តួចផ្តើមផ្តល់នូវការផ្លាស់ប្តូរយូរអង្វែងសម្រាប់អ្នកដែលរងផលប៉ះពាល់បំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម