ព័ត៌មានជាតិ
អង្គការ CHAI បន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល និងលើកកម្ពស់សុខភាពប្រជាជនកម្ពុជា
អង្គការ Clinton Health Access Initiative (CHAI) បន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល និងលើកកម្ពស់សុខភាពប្រជាជនកម្ពុជាប្រកបដោយចីរភាព។

នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោក Zachary Katz អនុប្រធានអង្គការ Clinton Health Access Initiative (CHAI) ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល។ ក្នុងជំនួបនេះ លោក Zachary Katz បានថ្លែងអំណរគុណ ចំពោះក្រសួងសុខាភិបាល ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ CHAI ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក និងបានជម្រាបជូនអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា។
គណៈប្រតិភូ CHAI បានលើកឡើងអំពីសកម្មភាព និងលទ្ធផលសំខាន់ៗនៃកិច្ចសហការជាមួយ ក្រសួងសុខាភិបាល រួមមាន ការពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម និងការរួមបញ្ចូលសេវាជំងឺមិនឆ្លង ការគាំទ្រកម្មវិធីចាក់វ៉ាក់សាំងជាតិ និងការពង្រីកការចាក់វ៉ាក់សាំង HPV ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលឌីជីថល និងប្រព័ន្ធព័ត៌មានសុខាភិបាល ការពង្រឹងយន្តការហិរញ្ញប្បទានសុខាភិបាល និងនិរន្តរភាពកម្មវិធីសុខាភិបាល ការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាសុខាភិបាលសំខាន់ៗ ព្រមទាំងការគាំទ្រដល់ការរៀបចំ និងអនុវត្តកម្មវិធីមូលនិធិសកលជុំទី៨ (Global Fund Grant Cycle 8-GC8)។

ជាការឆ្លើយតប លោកស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះអង្គការ CHAI ដែលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងជាទីទុកចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការគាំទ្រដល់ការពង្រឹងប្រព័ន្ធសុខាភិបាល និងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។ លោកបានគូសបញ្ជាក់ថា ក្រសួងសុខាភិបាល កំពុងបន្តជំរុញការអនុវត្ត ផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ (HSP4) ដោយផ្តោតលើការពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម ការពង្រឹងធនធានមនុស្សសុខាភិបាល ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលឌីជីថល ការធានាហិរញ្ញប្បទានប្រកបដោយចីរភាព និងការឈានទៅសម្រេចបាននូវ ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage-UHC)។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានស្វាគមន៍ ចំពោះការបន្តគាំទ្ររបស់អង្គការ CHAI ជាពិសេសលើវិស័យអាទិភាព ដូចជា សុខភាពមាតា ទារក និងកុមារ កម្មវិធីចាក់វ៉ាក់សាំង ការគ្រប់គ្រងជំងឺមិនឆ្លង ការអភិវឌ្ឍប្រព័ន្ធព័ត៌មានសុខាភិបាលឌីជីថល និងការពង្រឹងនិរន្តរភាពហិរញ្ញប្បទានសុខាភិបាល ស្របតាមអាទិភាពរបស់ក្រសួងសុខាភិបាល និងបរិបទនៃការប្រែប្រួលជំនួយអភិវឌ្ឍន៍សកល។

ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដោយភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងអង្គការ CHAI ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល និងលើកកម្ពស់សុខភាពប្រជាជនកម្ពុជាប្រកបដោយចីរភាព៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


