Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៥ ជំនួយតាមអង្គការទស្សនៈពិភពលោកផ្ដល់ដល់ប្រជាជនកម្ពុជា៥,៤លាននាក់ ចំពេលមានបញ្ហាផ្នែកមនុស្សធម៌

បានផុស

នៅ

អង្គការទស្សនៈពិភពលោកបានផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនចំនួនជាង៥.៤លាននាក់នៅទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ ខណៈសមត្ថភាពឆ្លើយតបមនុស្សធម៌ និងការអភិវឌ្ឍមានបញ្ហាប្រឈម ជាពិសេសការឆ្លើយតបនឹងវិបត្តិភៀសសឹកតាមព្រំដែនកម្ពុជា-ថៃ ដោយអង្គការនេះបានពង្រីកការផ្ដល់ជំនួយបន្ទាន់ ដើម្បីឆ្លើយតបទៅនឹង​ការផ្លាស់​ទីលំនៅដោយសារជម្លោះតាម​ព្រំដែន ព្រមទាំង​បន្ត​គាំទ្រ​លើវិស័យ​អប់រំ សុខភាព ទឹកស្អាត ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ ដែលត្រូវបាន​បង្ហាញ​ឱ្យដឹងដោយ​អង្គការ​ទស្សនៈ​ពិភពលោក ក្នុងចំណោម​ប្រជាជន​ដែល​ទទួលបាន​ជំនួយ គឺមាន​កុមារ​ប្រមាណ៣,១លាន​នាក់ ដោយអង្គការចាត់ទុកថា ក្នុងឆ្នាំ២០២៥កន្លងទៅ គឺជាពេលវេលាដ៏លំបាកបំផុតមួយសម្រាប់វិស័យមនុស្សធម៌ និងការអភិវឌ្ឍ។ ទោះជាមានបញ្ហាប្រឈមក៏ដោយ តែអង្គការទស្សនៈពិភពលោក បានអះអាងថា ខ្លួនបានពង្រីកវិសាលភាពការងារទៅកាន់ ៨៤ភាគរយនៃស្ទើរទូទាំងប្រទេសកម្ពុជា ពោលគឺនៅភ្នំពេញ និងខេត្ត២០ផ្សេងទៀត ដោយផ្តល់ការគាំទ្រដល់កុមារ និងគ្រួសារ តាមរយៈកម្មវិធីមនុស្សធម៌ និងគម្រោងអភិវឌ្ឍតាមវិស័យនានា។

ជុំវិញនឹងការឆ្លើយតបទៅនឹងវិបត្តិភៀសសឹកនៅតាមព្រំដែនកម្ពុជា-ថៃ អង្គការទស្សនៈពិភពលោក បានរាយការណ៍ថា បានផ្តល់ជំនួយដល់ជនភៀសសឹកចំនួនជាង១៤ម៉ឺននាក់ ក្នុងនោះកុមារជាង៤៣ ០០០នាក់ និងជនពិការ១ ១០០នាក់ នៅទូទាំងខេត្ត៥ រួមមានសៀមរាប បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ និងព្រះវិហារ។ ជំនួយដែលបានផ្តល់រួមមានស្បៀងអាហារ ទឹកស្អាត បង្គន់អនាម័យ ជម្រកបណ្តោះអាសន្ន ថ្នាក់រៀនបណ្តោះអាសន្ន កន្លែងកុមារមាត្រី ការគាំទ្រផ្លូវចិត្តសង្គម ជំនួយសាច់ប្រាក់ និងសេវាអាហារូបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ និងបំបៅកូនដោយទឹកដោះ។

ដើម្បីជួយកុមារភៀសសឹកបានបន្តការសិក្សា និងស្តារឡើងវិញខាងសុខភាពផ្លូវចិត្ត អង្គការបានបង្កើតកន្លែងកុមារមាត្រីចំនួន៤៥កន្លែង និងកន្លែងសិក្សាបណ្តោះអាសន្នចំនួន៥៤កន្លែង ដោយមានបញ្ចូលសកម្មភាពដែលធ្វើឱ្យមានអារម្មណ៍ប្រសើរឡើង និងយុទ្ធសាស្ត្រដោះស្រាយវិជ្ជមាន។

ក្រៅពីការឆ្លើយតបបន្ទាន់ខាងលើ ក្នុងឆ្នាំ២០២៥ អង្គការទស្សនៈពិភពលោកបានបន្តវិនិយោគលើការអភិវឌ្ឍកុមារនៅទូទាំងប្រទេសកម្ពុជា ដោយកុមារជាង ១៦៤ ៩០០នាក់ ក្នុងនោះមានកុមារដែលបាត់បង់ឱកាសចំនួនជាង១៩ ៤០០នាក់ មានលទ្ធភាពទទួលបានកម្មវិធីអប់រំប្រកបដោយបរិយាបន្ន កុមារអាយុក្រោម៥ឆ្នាំ ចំនួនជាង៤១ ៨០០នាក់ ទទួលបានសេវាសុខភាពនិងអាហារូបត្ថម្ភ ដោយកុមារចំនួន២៨ ១០០នាក់ ទទួលបានការពិនិត្យរកមើលកង្វះអាហារូបត្ថម្ភ ខណៈកុមារងាយរងគ្រោះចំនួនជាង១៨៤.២០០នាក់ បានចូលរួមក្នុងកម្មវិធីការពារ និងការចូលរួមរបស់កុមារ ដែលពង្រឹងសុវត្ថិភាព និងប្រព័ន្ធការពារតាមសហគមន៍។

អង្គការទស្សនៈពិភពលោកក៏បានគាំទ្រដល់គ្រួសារចំនួនជាង២ ៤០០គ្រួសារ តាមរយៈការលើកកម្ពស់ចំណេះដឹងផ្នែក ហិរញ្ញវត្ថុ និងបានជួយស្ត្រីចំនួន២ ៣០០នាក់ ឱ្យចូលរួមក្នុងសកម្មភាពបង្កើតប្រាក់ចំណូល ខណៈដែលបន្តជំរុញការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅក្នុងសហគមន៍ងាយរងគ្រោះ។

លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា បានលើកឡើងថា តាមរយៈការធ្វើការរួមគ្នាជាមួយដៃគូរាជរដ្ឋាភិបាល ម្ចាស់ជំនួយ វិស័យឯកជន និងសហគមន៍ អង្គការទស្សនៈពិភពលោក គឺបានផ្តល់ផលជះវិជ្ជមានដល់ប្រជាជន៥,៤លាននាក់ ស្ទើរតែមួយភាគបីនៃចំនួនប្រជាជនសរុបជាមួយនឹងជំនួយសង្គ្រោះជីវិត ដែលឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ ខណៈពេលដែលនៅបន្តកសាងអនាគតប្រកបដោយសុវត្ថិភាពជាងមុនសម្រាប់កុមារ។

លោក ថា ផលជះទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពរឹងមាំរបស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំណាចនៃភាពជាដៃគូផងដែរ។

ឆ្នាំ២០២៦នេះ គឺជាខួប៥៦ឆ្នាំ នៃវត្តមានរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា ដែលបង្ហាញពីការប្តេជ្ញាចិត្ត រយៈពេលវែងរបស់ខ្លួនក្នុងការធ្វើការងាររួមគ្នាជាមួយសហគមន៍ និងរាជរដ្ឋាភិបាល សម្រាប់កុមារគ្រប់រូបរស់នៅក្នុងជីវិតពេញបរិបូរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម