Connect with us

សន្តិសុខសង្គម

ឮថាមានអគ្គិភ័យ មនុស្សប្រុស-ស្រី ៤ នាក់ ភ័យស្លន់ស្លោលោតពីបន្ទប់ជួលជាន់ទី ២ ចុះមកក្រោម ស្លាប់ ១ របួស ៣ នៅខណ្ឌច្បារអំពៅ

បានផុស

នៅ

ឆាបឆេះ​ម៉ូតូ​ទុក​នៅ​ជាន់​ក្រោម​យ៉ាង​សន្ធោសន្ធៅ ផ្អើល​ដល់​អ្នក​ជួល​បន្ទប់​ជាន់​ទី ២ ភ័យ​ស្លន់ស្លោ នាំគ្នា​លោត​ចុះ​មក​ក្រោម បណ្ដាលឲ្យ​ស្ត្រី ១ នាក់​ស្លាប់ និង​មនុស្ស​ប្រុស-ស្រី ៣ នាក់​ទៀត របួសធ្ងន់-ស្រាល បញ្ជូន​ទៅ​មន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ១០ នាទី​យប់ ថ្ងៃ​ទី ២៤ ខែ​តុលា ឆ្នាំ ២០២៥ នៅ​ចំណុច​ផ្ទះ​ជួល ១ កន្លែង ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​និរោធ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ សព​ស្ត្រី​រងគ្រោះ​ឈ្មោះ ចាន់ គា ភេទ​ស្រី អាយុ ៣៧ ឆ្នាំ មុខរបរ​លក់ដូរ​នៅ​សាលា​ឯកជន ស្នាក់​នៅ​បន្ទប់​ជួល​ជាន់​ទី ២ និង​មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ពួកគាត់​មិន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ ស្រាប់​តែ​មាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ហុយផ្សែង​ខ្មួលខ្មាញ់ ចេញពី​ជាន់​ផ្ទាល់​ដី ដែល​ជា​កន្លែង​ទុក​ម៉ូតូ។

ប្រភព​ដដែល​បន្ត​ថា ដោយសារតែ​ឃើញ​មាន​ភ្លើង និង​ផ្សែង​ខ្មួលខ្មាញ់​ឡើង​ទៅ​ដល់​ជាន់​ខាងលើ ខ្លាំង​ទៅៗ អ្នក​រស់នៅ​ទីនោះ​មាន​ការ​ភ័យ​ស្លន់ស្លោ ក៏​មាន​មនុស្ស​ប្រុស-ស្រី ៤ នាក់ ក្នុង​នោះ ប្រុស​ម្នាក់ បាន​នាំ​គ្នីគ្នា​លោត​ចុះ​មក​ដល់​ជាន់​ក្រោម បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់ ១ នាក់ វ័យ​ជិត ៤០ ឆ្នាំ បោក​ក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាមៗ។ ចំណែក​ប្រុស-ស្រី ៣ នាក់​ទៀត ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ច្បារអំពៅ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ផង​ដែរ។

អគ្គិភ័យ​នេះ​ឆាបឆេះ​ខូចខាត​អស់​ម៉ូតូ​ចំនួន ៤ គ្រឿង និង​ឆេះ​ជញ្ជាំង​អស់ ១ ចំនួន ព្រមទាំង​ធ្វើ​ឲ្យ​មាន​អ្នក​រង​របួស​ធ្ងន់-ស្រាល ៣ នាក់ និង​ស្លាប់​ស្ត្រី​ម្នាក់​ផង​ដែរ។ ក្នុង​នោះ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ បុរី ប៉េង ហួត ១ គ្រឿង បាញ់​ឲ្យ​រលត់​ទៅ​វិញ​ជា​ស្ថាពរ និង​មិន​បង្ក​ឲ្យ​រាលដាល​ដល់​ផ្ទះ​ក្បែរ​ខាង​ផ្សេងទៀត​នោះ​ឡើយ។ ចំពោះ​មូលហេតុ​យោង​តាម​កាមេរ៉ា​សុវត្ថិភាព​ប្រជាពលរដ្ឋ បាន​បញ្ជាក់​ថា សង្ស័យ​ឆ្លង​ចរន្ត​ឆេះ​ចេញ​ពី​ម៉ូតូ ទើប​បណ្ដាល​ឲ្យ​កើត​ជា​អគ្គិភ័យ​បែបនេះ។

បច្ចុប្បន្ន សព​ស្ត្រី​រងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ទាក់ទង​សាច់ញាតិ​ឲ្យ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម