Connect with us

សន្តិសុខសង្គម

ម៉ាស៊ីនផ្លុំខ្យល់អុកស៊ីសែនរលត់ ធ្វើឲ្យពលករខ្មែរម្នាក់ ស្លាប់នៅបាតសមុទ្រ នាក្រុងផាត់តាយ៉ា

បានផុស

នៅ

ពលករខ្មែរម្នាក់ បានស្លាប់នៅក្រោមផ្ទៃទឹក ខណៈមុជរកគ្រុំនៅបាតសមុទ្រ ដែលមានជម្រៅជ្រៅ ស្រាប់តែម៉ាស៊ីនផ្លុំខ្យល់ អុកស៊ីសែន ដែលនៅលើទូករលត់ ធ្វើឲ្យជនរងគ្រោះស្លាប់ ដោយគ្មានខ្យល់ដកដង្ហើម។ ហេតុការណ៍នេះ កើត​ឡើងនៅវេលាម៉ោង ២រសៀល ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចលើផ្ទៃទឹកសមុទ្រនាក្រុងផាត់តាយ៉ា ក្នុងឃុំណាក្លឿ ស្រុកបាងឡាក់មុង ខេត្តឈុនបុរី។

ជនរងគ្រោះមានឈ្មោះ ឡុង សារៀង ភេទប្រុស អាយុ ៤១ឆ្នាំ។ រីឯម្នាក់ទៀត ដែលជាអ្នកនាំសពយកមកច្រាំង មានឈ្មោះ ពេជ្រ កុមារ ភេទប្រុស អាយុ ៣៧ឆ្នាំ បានរៀបរាប់ថា កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០ ២១ ពួកគេទាំង ២នាក់ បានចេញទូកទៅកណ្តាលសមុទ្រ ដើម្បីរកគ្រុំ និងរបស់ផ្សេងៗ ទៀត នៅបាតសមុទ្រ ដែលនៅទីនោះមានជម្រៅប្រហែល ៧ម៉ែត្រ។

សាក្សីរូបនេះ បានបន្តថា ពេលមុជទៅបាតសមុទ្រ គឺពួកគេបានប្រើប្រាស់ខ្សែទម្លាក់ចេញពីទូក និងបំពាក់ទុយោខ្យល់អុកស៊ីសែនរៀងៗខ្លួន ដែលបញ្ជូនខ្យល់តាមរយ:ម៉ាស៊ីននៅលើទូក។ ខណៈដែលជនរងគ្រោះ មុជដល់បាតសមុទ្រ ស្រាប់តែម៉ាស៊ីននៅខាងលើទូករលត់ ធ្វើឲ្យលែងមានខ្យល់ដកដង្ហើម។ ចំពោះបុរសជាសាក្សី បានទាញខ្សែដែលចងជាប់ទូក ស្ទុះឡើងមកលើផ្ទៃទឹក រីឯជនរងគ្រោះដែលស្លាប់ គឺមិនបានទាញខ្សែឡើងទេ គឺគេធាក់ដីស្ទុះហែលឡើងតែមិនទាន់ពេល ក៏ដាច់ខ្យល់ស្លាប់នៅក្នុងទឹកតែម្តង។ បុរសឈ្មោះ ពេជ្រ កុមារ បានមុជទៅម្តងទៀត ដើម្បីទាញសពដាក់លើទូក នាំយក មកកាន់ច្រាំង ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចថៃ បាននាំយកសពទៅពិនិត្យ និងធ្វើកោសល្យវិច័យ នៅឯមន្ទីរពេទ្យបន្ថែមទៀត។ បន្ទាប់មកពិនិត្យឃើញថា គ្មានស្លាកស្នាមណាមួយ ពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម