សន្តិសុខសង្គម
អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ណែនាំឲ្យប្រធានពន្ធនាគារខេត្តមណ្ឌលគិរី ថ្មី ត្រូវអនុវត្តការងារដោយទទួលខុសត្រូវខ្ពស់
អគ្គានុរក្សថ្នាក់លេខ១ លោក ឈន សាណាត អគ្គនាយកដ្ឋាន ពន្ធនាគារក្រសួងមហាផ្ទៃ បានផ្ដល់ការណែនាំដល់ប្រធានមន្ទីរពន្ធនាគារខេត្តមណ្ឌលគិរីថ្មីត្រូវខិតខំប្រឹងប្រែងធ្វើការងារឲ្យបានល្អ ព្រោះក្នុងមន្ទីរឃុំឃាំងពន្ធនាគារមានរឿងស្មុគស្មាញជាច្រើនដែលទាមទារឲ្យមន្ត្រីមានសមត្ថភាពខ្ពស់ វិជ្ជាជីវៈគ្រប់គ្រាន់ ក្នុងការដឹកនាំទាំងមន្ត្រីក្រោមឱវាទជាពិសេសអ្នកទោសកំពុងតែជាប់ឃុំខ្លួនផងដែរ។

ការណែនាំនេះ ធ្វើឡើងក្នុងពិធី ប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តមណ្ឌលគិរីថ្មី លោក មុិញ រដ្ឋា ជំនួសលោក អាន គឹមឡេង ដែលត្រូវចូលនិវត្តន៍ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។
អគ្គនាយកដ្ឋានពន្ធនាគាបានផ្តាំផ្ញើផ្តល់គន្លឹះ៤ចំណុចទៅប្រធានពន្ធនាគារខេត្តមណ្ឌលគិរី ដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ១៖ត្រូវបំពេញការងារ គោរពតាមឋានានុក្រមមុខងារតួនាទីភារៈកិច្ចដែលថ្នាក់លើ និងអង្គភាពប្រគល់ជូន ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍វិជ្ជាជីវៈ គុណភាពប្រសិទ្ធផល ភាពស្មោះត្រង់ក្រមសីលធម៌ និងបទវិន័យមន្ត្រីពន្ធនាគារ

២៖ ពង្រឹងការគោរពអនុវត្តច្បាប់នីតិវិធីបទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងលិខិតបទដ្ឋានពាក់ព័ន្ធនានាដែលជាត្រីវិស័យតម្រង់ទិសក្នុងការងារដឹកនាំ និងការងារជំនាញនីមួយនីមួយ។ ៣៖ ត្រូវបន្តកិច្ចសហការល្អ និងស្នើសុំកិច្ចគាំទ្រពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ពីកងកម្លាំងប្រដាប់អាវុធទាំងបីក្នុងកិច្ចអន្តរាគមន៍ធានាសន្ដិសុខសុវត្ថិភាព កិច្ចគាំទ្រពីមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអង្គការដៃគូនានាដើម្បីជួយដល់ការងារពន្ធនាគារ។ ៤៖ត្រូវមានការយកចិត្តទុកដាក់ ខ្ពស់លើការដឹកនាំអង្គភាពឲ្យមានការប្រែប្រួល ជាអវិជ្ជមានត្រូវខិតខំធ្វើទំនើបកម្មការងារតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល កែលម្អនូវរបៀបរបបការងារ និងចៀសវាង ការធ្វើតាមទម្លាប់។

លោកបានបញ្ជាក់ថា ថ្វីបើខេត្តមណ្ឌលគិរីមានផ្ទៃដីធំជាងគេ ប៉ុន្តែស្ថិតិប្រជាពលរដ្ឋក៏មានចំនួនតិចជាងហើយអ្នកជាប់ឃុំ ដែលជាប់នៅពន្ធនាគារខេត្តមណ្ឌលគិរីក៏មានចំនួនតិចជាងតំបន់ផ្សេងផងដែរ។ ដោយឡែកនៅពេលខាងមុខ អគ្គយកដ្ឋានគ្រោងផ្លាស់ប្ដូរទីតាំងពន្ធនាគារខេត្តមណ្ឌលគិរី ទៅទីតាំងថ្មីក្រៅពីទីប្រជុំជនព្រោះបច្ចុប្បន្នពន្ធនាគារ គឺឋិតនៅក្រុងសែនមនោរម្យ និងមានសភាពតូចចង្អៀតផងដែរ។ បន្ថែមពីនេះ ក្នុងនាមមន្ត្រីពន្ធនាគារថ្មីត្រូវព្យាយាម អប់រំកែប្រែអ្នកទោសជាប់ឃុំ ឲ្យប្រែក្លាយទៅជាមនុស្សល្អ ពេលត្រឡប់ទៅវិញនឹងអាចមានឱកាសចូលរួមចំណែកក្នុងសង្គមដែលជាសសរទ្រូងនៃប្រទេសជាតិ។

លោក ម៉ិញ រដ្ឋា ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ អត្តលេខ ៣៣១១ ដែលត្រូវទទួលមុខតំណែងថ្មីជាប្រធានពន្ធនាគារខេត្តមណ្ឌលគិរី ជំនួសប្រធានចាស់ដែលត្រូវចូលនិវត្តន៍ បានប្ដេជ្ញាចិត្ត ជូនប្រមុខថ្នាក់ដឹកនាំគោរព និងប្រតិបត្តិតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនានា ពិសេសគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប្តេជ្ញាគោរព និងប្រតិបត្តិតាមបទដ្ឋានគតិយុត្តនានារបស់ក្រសួងមហាផ្ទៃផែនការយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានពន្ធនាគារគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃអគ្គនាយកដ្ឋានពន្ធនាគារ និងថ្នាក់ដឹកនាំខេត្ត។ ការគោរពរៀនសូត្រអនុវត្តតាមគំរូដឹកនាំគ្រប់គ្រងដ៏ល្អរបស់ថ្នាក់ដឹកនាំពន្ធនាគារមុនៗគួបផ្សំនឹងចំណេះដឹងបទពិសោធការងារផ្ទាល់ខ្លួន និងខិតខំដឹកនាំគ្រប់គ្រងអង្គភាពឲ្យដំណើរការ រក្សាបានសន្តិសុខសុវត្ថិភាពសុខភាពអប់រំស្តារនីតិសម្បទាន ជនជាប់ឃុំដើម្បីប្រែក្លាយពួកគេឲ្យ ទៅជាពលរដ្ឋល្អក្នុងសង្គម និងខិតខំអភិវឌ្ឍអង្គភាពឲ្យបានកាន់តែរីកចម្រើនថែមទៀត ដើម្បីរួមសម្រេចឲ្យបានជោគជ័យលើគោលដៅផែនការយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានពន្ធនាគារ និងផែនការសកម្មភាពរបស់អង្គភាព។ ប្ដេជ្ញាគោរពអនុវត្តឲ្យបានត្រឹមត្រូវតាមបទវិន័យ និងក្រមសីលធម៌មន្ត្រីពន្ធនាគារចូលរួមសហការអនុវត្តតួនាទីភារៈកិច្ចក្នុងអង្គភាពដោយបង្កើនសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងការជាមួយអង្គភាពពាក់ព័ន្ធដើម្បីធានាបានសន្តិសុខសុវត្ថិភាពការងារអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ជនជាប់ឃុំ ឲ្យបានល្អប្រសើរ។

គួរគូសបញ្ជាក់ផងដែរថា បច្ចុប្បន្នពន្ធនាគារខេត្តមណ្ឌលគិរី មានទីតាំងស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុមក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី មានផ្ទៃដីទំហំ ១៣.១៥៩ម២ម៉ែត្រការ៉េ។ មានអគាឃុំ៣ខ្នង មួយខ្នងកសាងសម័យសាធារណប្រជាមានិតវៀតណាម និងពីរខ្នងកែច្នៃពីអគារសួរសុខទុក្ខ និងអគាររោងជាងផងដែរ៕
អត្ថបទ៖ រៀម សុខហេង






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


