កីឡា
ក្លិបគិរីវង់សុខសែនជ័យ សុំទោសមហាជន ចំពោះអសកម្មក្នុងការប្រកួតចុងម៉ោង
លោក លឹម ប៊ុនធឿន អាជ្ញាកណ្តាលដឹកនាំការប្រកួតបានសម្រេចបញ្ឈប់ការប្រកួតប្រហែលជាជិត២នាទីមុនចប់នាទីប្រកួតរវាងក្លិប ព្រះខ័នរាជស្វាយរៀង និង គិរីវង់សុខសែនជ័យ បន្ទាប់ពីក្រុមទាំងពីរអសកម្មក្នុងការលេងនៅលើទីលាន សម្រាប់ការប្រកួតសប្តាហ៍ទី១១ លីគបាល់ទាត់កំពូលកម្ពុជា យប់ថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ការប្រកួតនៅលើទីលានបង្ហាញយ៉ាងច្បាស់ គឺ ក្រុមព្រះខ័នរាជស្វាយរៀង គ្រប់គ្រងការប្រកួតស្ទើរទាំងស្រុង ទាំងក្នុងវគ្គទី១ និងវគ្គទី២។ ក្រុមគិរីវង់សុខសែនជ័យ បានត្រឹមការពារ និងវាយបកម្តងម្កាលប៉ុណ្ណោះ។ នៅចុងវគ្គទី១ ញាណ សុស៊ីដាន បានទាត់ហ្វ្រីឃីគ ចូលឲ្យព្រះខ័នរាជស្វាយរៀង នាំមុខ ១-០ និងដើមវគ្គទី២ ខ្សែប្រយុទ្ធ Kwame Peprah ស៊ុតចូល១គ្រាប់ជួយឲ្យក្រុមម្ចាស់ផ្ទះនាំមុខ ២-០។
ព្រះខ័នរាជស្វាយរៀង នៅតែបន្តគ្រប់ដណ្តប់ និងសម្រុកខ្លាំង ប៉ុន្តែការចុះការពារស្ទើរទាំងអស់របស់ គិរីវង់សុខសែនជ័យ បានធ្វើឲ្យ ព្រះខ័នរាជស្វាយរៀង ពិបាករកគ្រាប់បាល់យ៉ាងខ្លាំង។ ការវាយបកម្តងម្កាលបានជំរុញឲ្យ គិរីវង់សុខសែនជ័យ ទទួលបានការស៊ុតហ្វ្រីឃីគ ហើយកីឡាករ Victor ស៊ុតចូលបានសម្រេចដើម្បីតាមពីក្រោយ ២-១។

ក្រោយមក គិរីវង់សុខសែនជ័យក៏មានឱកាសទៀតដែរ ប៉ុន្តែនៅពេលម៉ោងបន្ថែម ៦ នាទី ពួកគេហាក់ដូចជាមិនចង់រកគ្រាប់បាល់ទៀតសោះពោលគឺព្យាយាមធ្វើយ៉ាងណាឲ្យរក្សាលទ្ធផលនៅត្រឹម ២-១។ ចំណែក ព្រះខ័នរាជស្វាយរៀង ក៏មិនហ៊ានប្រថុយសម្រុកចូលនៅចុងម៉ោងដែរ ដើម្បីការពារពីការវាយបក ពីព្រោះខ្លួនបានសម្រុកយ៉ាងខ្លាំងដល់ ៩០នាទីហើយ ដោយពិបាករកគ្រាប់បាល់យ៉ាងខ្លាំង។
ហេតុដូច្នេះហើយនៅម៉ោងបន្ថែម ព្រះខ័នរាជស្វាយរៀង គ្រប់គ្រងបាល់ដោយបញ្ជូនឲ្យគ្នាទៅវិញទៅមកនៅតំបន់ការពារ។ នៅពេលជាមួយគ្នានេះ កីឡាកររបស់ គិរីវង់សុខសែនជ័យមិនទៅដាក់សម្ពាធ គៀបសង្កត់ដើម្បីដណ្តើមបាល់ឡើយ។ ពួកគេមិនធ្វើសកម្មភាពឡើងទៅផ្នែកខាងលើសោះពោលគឺនៅតំបន់ការពាររបស់ខ្លួនទាំងអស់។

សកម្មភាពនេះត្រូវបានមហាជនរិះគន់ សូម្បីតែប្រធានក្លិប និងអតីតកីឡាករមួយចំនួនក៏មើលពីសកម្មភាពមិនល្អក្នុងលីគកំពូលកម្ពុជាដែរ។
ទាំងយប់ក្រោយចប់ការប្រកួត គិរីវង់សុខសែនជ័យ បានចេញសេចក្តីថ្លែងការណ៍សម្តែងការខកចិត្ត និងសុំទោសដល់មហាជន ព្រមទាំងប្តេជ្ញាស្វែងរកមូលហេតុឲ្យច្បាស់លាស់។
ក្លិបបានថ្លែងថា ៖«ក្លិបគិរីវង់សុខសែនជ័យ សូមសម្តែងការសោកស្តាយ និងស្នើសុំការអធ្យាស្រ័យពីសំណាក់អ្នកគាំទ្រទាំងអស់ចំពោះការបង្ហាញទម្រង់លេងនៅចុងម៉ោងបន្ថែមក្នុងការប្រកួតនៅល្ងាចមិញនេះ។
ការសម្រេចចិត្តលើទម្រង់លេងនេះ គឺជាការសម្រេចចិត្តដ៏ខុសឆ្គងមួយទោះបីក្នុងគោលដៅរក្សាកម្លាំងកីឡាករ និងការពារកុំឱ្យមានការវាយលុកបន្ថែមទៀតក៏ដោយ។
ក្លិបគិរីវង់សុខសែនជ័យ សូមបញ្ជាក់ថា ការសម្រេចចិត្តលើទម្រង់លេងនេះពុំមានការពាក់ព័ន្ធទៅនឹងអ្វីលើសពីនេះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយដើម្បីឱ្យមានភាពច្បាស់លាស់ក្លិបនឹងរៀបចំកិច្ចប្រជុំផ្ទៃក្នុងជាបន្ទាន់មួយ ដើម្បីស្វែងយល់ឲ្យច្បាស់អំពីឬសគល់ និងមូលដ្ឋាននៃការសម្រេចចិត្តលើការលេងទម្រង់នេះ ជៀសវាងកុំឲ្យមានបញ្ហាដូចនេះទៅថ្ងៃអនាគត។
ជាថ្មីម្ដងទៀតក្លិបគិរីវង់សុខសែនជ័យ សូមអរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលតែងតែយកចិត្តទុកដាក់តាមដានការប្រកួត និងគាំទ្រក្លិបរបស់យើងខ្ញុំ»៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


