Connect with us

កីឡា

តើ ភ្នំពេញក្រោន អាច​វាយកបក​យក​ឈ្នះ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ទេ​ល្ងាច​នេះ?

បានផុស

នៅ

ភ្នំពេញក្រោន ត្រូវ​​​ប្រឹង​ប្រែង​ខ្លាំង​មែន​ទែន ដើម្បី​វាយ​បក​យក​លើ ព្រះ​ខ័ន​រាជ​ស្វាយរៀង វេលា​ម៉ោង ៧ យប់​ ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ក្នុង​ជើង​ទី​២ បន្ទាប់​ពី​ជើង​ទី១ បានចាញ់ ១-៤ វគ្គ ៨ ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ AFC Challenge League។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ទឹក​ដី​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ភ្នំពេញ​ក្រោន បាន​ដាក់​កីឡាករ​​បរទេស ៩ នាក់ និង​កីឡាករ​កម្ពុជា ២ នាក់ ខណៈ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ដាក់​កីឡាករ​បរទេស ៨ នាក់ និង​កីឡាករ​កម្ពុជា ៣ នាក់។ ភ្នំពេញក្រោន ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​រក​បាន ១ គ្រាប់​ភ្លាម​ត្រឹម​តែ ៣ នាទី ប៉ុន្តែ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​កែ​ប្រែ​កំហុស រហូត​ដល់​វាយ​បក​រក​បាន ១ គ្រាប់​តាម​ស្មើនៅ ១-១ ក្នុង​វគ្គ​ទី១ និង រក​បាន ៣ គ្រាប់​ទៀត​ក្នុង​វគ្គ​ទី​២។

គម្លាត ៣ គ្រាប់​នេះ​ពិត​ជា​ឆ្ងាយ​សម្រាប់​ ភ្នំពេញ​ក្រោន ក្នុង​ការ​វាយ​បក។ ពួក​គេ​ត្រូវ​ការឈ្នះ​យ៉ាង​ហោច​ណាស់ ៤-០ ក្នុង​ជើង​ទី២នេះ​ ទើប​​អាច​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ បាល់​មូល អ្វី​ៗ​អាច​កើត​ឡើង​បាន​ដែរ។

ជួប​គ្នា​ ២ លើក​ចុង​ក្រោយ នៅ​ទឹក​ដីពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ គឺ ភ្នំពេញ​ក្រោន បាន​ឈ្នះ​ទាំង​ ២ ​លើក។ ក្នុងនោះ ភ្នំពេញក្រោន បាន​ឈ្នះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ២-១ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ពាន​សម្តេច​តេជោ រដូវ​កាល​មុន និង ឈ្នះ ៣-២ ក្នុង​ជើង​ទី​១ នៃ​លីគ​កំពូល​កម្ពុជា រដូវ​កាល​នេះ។

ប្រធាន​ក្រុម Andres Neito បាន​ជឿ​ជាក់​លើ​ក្រុម​របស់​ខ្លួន​ក្នុង​ការ​វាយ​បក។ កីឡាករ​បានលើកឡើង​ថា ៖«ខ្ញុំ​ជឿ​ជាក់​​លើ​ក្រុម​របស់​ខ្ញុំ​ទាំង​ស្រុង។ ក្រុម​​​មានស្មារតី​​​ងើបឡើងវិញ​ដែល​នឹងទទួល​បាន​លទ្ធផលល្អ»។

ជា​មួយ​គ្នា​នេះ លោក Oleg Starynskyi គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន បាន​លើក​ឡើង​ថា លោក​មិន​អាច​យក​លទ្ធផល​កាល​ពី​ជើង​ទី១​ មក​ប្រៀប​ធៀប​នឹង​ជើង​ទី​២​បាន​​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​របស់​លោក​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​លទ្ធផល​សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់។

ចំណែក​លោក Pep Munoz អតីត​គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង បានយល់​ឃើញ​ថា គម្លាត​ ៣ គ្រាប់ បន្សល់​ទុក​កាល​ពី​ជើង​ទី១​គឺ វា​ឆ្ងាយ​ពេក​សម្រាប់​​ភ្នំពេញ​ក្រោន ប៉ុន្តែ​​ពួក​គេ​អាច​មាន​លទ្ធភាព​ក្នុង​ការ​វាយ​បក។ ជា​ពិសេស​ស្មៅ​ទី​លាន​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​រឹត​តែ​ធ្វើ​ឲ្យ​ពួក​គេ​លេង​បាន​ល្អ។

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ អ្នក​គាំទ្រ​របស់ ភ្នំពេញ​ក្រោន សុទ្ធ​តែ​មាន​ជំនឿ​ចិត្ត​លើ​ក្រុម​របស់​ខ្លួន​អាច​ធ្វើ​បាន​ដើម្បី​បង្កើត​កំណត់​ត្រា​ល្អ​ទៀត​នៅ​ទឹក​ដី​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។ កាល​ពី​ជើង​ទី១ អ្នក​គាំទ្រ​ជាង ២ ម៉ឺន​នាក់​បាន​ចូល​ទស្សនា​ផ្ទាល់ ហើយ​ជើង​ទី​២ នឹង​ឃើញ​អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះ​ករ​ទៀត​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ក្រុម​របស់​ខ្លួន។

សូមបញ្ជាក់​ថា ការ​ប្រកួត​នារាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រៅ​ពី​​ជក់​ចិត្ត​នឹង​សកម្មភាព​បាល់ទាត់​នៅ​លើ​ទី​លាន​ អ្នក​គាំទ្រ​នឹង​ទទួល​បាន​អារម្មណ៍​សប្បាយ​រីក​រាយ​តាម​រយៈ​ការ​បក​ស្រាយ​បទ​ចម្រៀង និង​ការ​ដុត​កាំជ្រួច​ដើម្បី​អបអរ​សាទរ​ដល់​ក្រុម​ដែល​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

អត្ថបទ៖ វិរបុត្រ​  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម