Connect with us

កីឡា

អ៊ីតាលី ដុន​ដាប​ខ្លាំង ដោយ​​រយៈ​ពេល ១២ ឆ្នាំ​ មិន​បាន​ឡើង World Cup ជុំ​ចុង​ក្រោយ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ អ៉ីតាលី បាន​ធ្លាក់​ពី​​ព្រឹត្តិការណ៍​ជើង​ឯក​ពិភព​លោក World Cup ឆ្នាំ ២០២៦ បន្ទាប់​ពី​ចាញ់​ក្រុម​ជម្រើស​ជាតិ បូស្នៀ និងហឺហ្សេហ្គោវីណា ក្នុង​ជម្រុះ​ដោយ​លទ្ធផល​ប៉េណាល់​ទី ៤-១ ក្រោយ​ស្មើ​គ្នា ១-១ នៅ​យប់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៉ីតាលី ជា​ក្រុម​ខ្លាំង​មួយ​ប្រចាំ​តំបន់​អឺរ៉ុប ដោយ​ពួក​គេ​ធ្លាប់​ឈ្នះ​ជើងឯក​ពិភព​លោក ៤ លើក​គឺ ឆ្នាំ ១៩៣៤ ១៩៣៨ ១៩៨២ និង ២០០៦។ គិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៣០ រហូត​ដល់ ឆ្នាំ ២០១៤ ពួក​គេ ធ្លាក់​ក្នុង​វគ្គ​ជម្រុះ​តែ​ម្តង​គត់​គឺ ឆ្នាំ ១៩៥៨ ខណៈ​រដូវ​កាល​ផ្សេង​ៗ​ទៀត​សុទ្ធ​តែ​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ និង​បាន​ឡើង​ជុំ​ចុង​ក្រោយ។

ទោះ​បី​ជា​​យ៉ាង​ណា គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១៨ រហូត​ដល់ ឆ្នាំ ២០២៦ ដែល​ជា​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក ៣ រដូវ​កាល​ ស្មើ​នឹង​ ១២ ឆ្នាំចុង​ក្រោយ អ៉ីតាលី បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​រហូត។ នេះ​ជា​ប្រវត្តិ​សាស្ត្រ​ដ៏​អាក្រក់​បំផុត​សម្រាប់​ជម្រើស​ជាតិ​ អ៉ីតាលី ដែល​បាន​ធ្លាក់​ពីជម្រុះ World Cup ៣ លើក​ជាប់​គ្នា។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះគឺ ការ​ប្រកួត​ជម្រុះ​ចុង​ក្រោយ នៅ​ឆ្នាំ ២០២៦ ​នេះ ពួក​គេ​​បាន​ជួប បូស្នៀ ដែល​ជា​ប្រទេស​មួយ​មិន​សូវ​ល្បី​ល្បាញ​ខាង​បាល់ទាត់​។ ការ​ប្រកួត ១២០​ នាទី​ពេញ ពួក​គេ​បាន​ស្មើ​គ្នា ១-១ ហើយ​ការ​ទាត់​ប៉េណាល់​ទី​កាត់​សេចក្តី អ៉ីតាលី បានចាញ់ ១-៤។

បច្ចុប្បន្ន ក្រុម​ជម្រើស​ជាតិ បូស្នៀ ស្ថិត​នៅ​លេខ ៧១ នៃ​តារាង​ចំណាត់​ថ្នាក់​ពិភព​លោក FIFA Ranking ខណៈ អ៉ីតាលី ស្ថិត​នៅលេខ ១៣ ដែល​ខុស​ឆ្ងាយ​មែន​ទែន។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ បូស្នៀ ជា​លើក​ទី ២ ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ដែល​បាន​ឈាន​ដល់​ជុំ​ចុង​ក្រោយ ជើង​ឯក​ពិភព​លោក បន្ទាប់​ពី​បាន​ឈាន​ដល់​​ជុំ​ចុង​ក្រោយ​លើក​ដំបូង​កាលពី​ឆ្នាំ ២០១៤។ ពួក​គេ​ទើប​ចូល​រួម​ប្រកួត​ជើង​ឯក​ពិភព​លោក នៅ​ឆ្នាំ ១៩៩៨ បន្ទាប់​ពី​បំបែក​ខ្លួន​ចេញ​ពី​ប្រទេស​យូហ្គោស្លាវី៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម