កីឡា
កត្តា ៤ នេះ ធ្វើឱ្យ ជប៉ុន កាន់តែខ្លាំង រហូតត្រូវបានចាត់ទុកជាក្រុមធំមួយនៅ World Cup 2026
ក្រុមបាល់ទាត់ជម្រើសជាតិ ជប៉ុន បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង អំពីសមត្ថភាពក្រុមពួកគេបច្ចុប្បន្ន បន្ទាប់ពីមួយរយៈចុងក្រោយនេះ បានឈ្នះក្រុមលំដាប់ World Cup ជាច្រើន ដូចជា ប្រេស៊ីល អង់គ្លេស ជាដើម។ ជាមួយគ្នានេះ ក្រុមរហស្សនាមដាវសាំម៉ូរ៉ៃ ត្រូវបានគេចាត់ទុកជាបេក្ខភាពក្រុមធំមួយនៅ World Cup 2026 ។

ក្រុមជម្រើសជាតិ ជប៉ុន មានភាពខ្លាំងក្លាជាយូរមកហើយ គ្រាន់តែពីមុនត្រូវបានគេទទួលស្គាល់ត្រឹមតំបន់ អាស៊ី ប៉ុន្តែបច្ចុប្បន្នត្រូវបានពិភពលោកទទួលស្គាល់ទាំងមូលតែម្តង។ រឿងដ៏ភ្ញាក់ផ្អើល គឺកាលពី World Cup 2022 ពួកគេបានបំបាក់ក្រុមខ្លាំងៗដូចជា អាល្លឺម៉ង់ អេស្ប៉ាញ។ ចំណែកការប្រកួតមិត្តភាពកន្លងៗមក ពួកគេបានបន្តបំបាក់ អាល្លឺម៉ង់ ៤-១, ឈ្នះ ប្រេស៊ីល ៣-២ និងឈ្នះក្រុមជាច្រើនទៀត រួមទាំងថ្មីៗនេះទើបឈ្នះ អង់គ្លេស ១-០។

មានកត្តាច្រើន ដែលធ្វើឱ្យជម្រើសជាតិមកពី អាស៊ី នេះមានភាពខ្លាំងក្លាសឹងមិននឹកស្មានដូច្នេះ ប៉ុន្តែសារព័ត៌មាន «កម្ពុជាថ្មី» សូមលើកយកកត្តាសំខាន់ ៤ ដែលធ្វើឱ្យក្រុមរហស្សនាមដាវសាំម៉ូរ៉ៃអាចឈានដល់កម្រិតនេះ។
១. កត្តាប្រព័ន្ធអភិវឌ្ឍយុវជនល្អ៖ ជប៉ុន បានផ្តោតលើការវិនិយោគការអភិវឌ្ឍយុវជនជាច្រើនឆ្នាំមកហើយ។ ពួកគេមានរចនាសម្ព័ន្ធថ្នាលបាល់ទាត់យុវជនច្បាស់លាស់ តាមរយៈការបង្កើតសាលាថ្នាលគុណភាព បូកជាមួយការរៀបចំរបស់ក្លិបអាជីព ដែលបានធ្វើការជាមួយគ្នាយ៉ាងល្អ។ រឿងដ៏សំខាន់មួយទៀត គឺយុវជនរបស់គេត្រូវបានបណ្តុះឡើង ដោយមានវិន័យ និងសាមគ្គីភាព។

២. កត្តាល្បឿន និងបច្ចេកទេស៖ ក្រោយទទួលបានការបណ្តុះបណ្តាលល្អទាំងវិន័យ និងបច្ចេកទេស បានធ្វើឱ្យកីឡាករជប៉ុនទាំងអស់លេងដោយទំនុកចិត្ត និងគុណភាពនៅលើទីលាន។ បច្ចុប្បន្ន ការលេងដោយសាមគ្គីភាព និងលឿនរហ័ស ដើម្បីវាយបកលើគូប្រកួត បានក្លាយជាអត្តសញ្ញាណមួយសម្រាប់ក្រុមដាវសាំម៉ូរ៉ៃតែម្តង។

៣. កីឡាករមានសមត្ថភាពកម្រិត អឺរ៉ុប៖ ក្នុងបញ្ជីឈ្មោះរបស់ក្រុម ជប៉ុន បច្ចុប្បន្ន គឺគ្មានកីឡាករលេងក្នុងស្រុក ឬ នៅអាស៊ី សូម្បីម្នាក់ ដោយកីឡាករទាំងអស់លេងនៅ អឺរ៉ុប ដូចជានៅ អង់គ្លេស អេស្ប៉ាញ បារាំង អ៉ីតាលី អាល្លឺម៉ង់ ហូល្លង់ ប៊ែលហ្សិក ជាដើម។ តាមរយៈស្ថិតិប្រកួតកន្លងមក កីឡាករពួកគេសុទ្ធតែជាកីឡាករជម្រើសដំបូងក្នុងក្រុមពួកគេរៀងៗខ្លួន។ ដូច្នេះហើយ ទើបអ្នកឃើញការលេងរបស់ ជប៉ុន បច្ចុប្បន្ន គឺខ្លាំងឈានដល់កម្រិត អឺរ៉ុប ទៅហើយ។

៤. កត្តាគ្រូបង្វឹកពោរពេញដោយយុទ្ធសាស្ត្រ៖ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិ ជប៉ុន បច្ចុប្បន្ន គឺលោក Hajime Moriyasu ដែលត្រូវបានតែងតាំង តាំងពីឆ្នាំ ២០១៨ មក។ លោកជាជនជាតិ ជប៉ុន ប៉ុន្តែសញ្ញាបត្រគ្រូបង្វឹកកម្រិត អឺរ៉ុប UEFA Pro License។ លោកត្រូវបានគេទទួលស្គាល់ ជាគ្រូបង្វឹកម្នាក់ ដែលមានយុទ្ធសាស្ត្រដឹកនាំបត់បែនបានលឿន ដោយអាចស្របបានគ្រប់ស្ថានការណ៍ទៅតាមគូប្រកួត។

កត្តាទាំង ៤ ខាងលើ ជាចំណុចសំខាន់ ធ្វើឱ្យ ជប៉ុន ក្លាយជាក្រុមខ្លាំងមួយនៅពេលបច្ចុប្បន្ន។ នៅ World Cup 2026 ពួកគេលែងក្លាយជាក្រុមធម្មតាទៀតហើយ ដោយចាប់ពីពេលនេះតទៅ នឹងត្រូវបានគេចាត់ទុកជាក្រុមលំដាប់ធំមួយ។ World Cup 2026 ក្រុមជម្រើសជាតិ ជប៉ុន ស្ថិតនៅពូល F ជាមួយ ហូល្លង់, ជប៉ុន, ស៊ុយអែត និង ទុយនីស៊ី៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


