Connect with us

កីឡា

លោក Honda ដាក់សំណើចង់ធ្វើគ្រូ ជប៉ុន ជំនួសលោក Moriyasu អមជាមួយលក្ខខណ្ឌដ៏ម៉ឺងម៉ាត់មួយ

បានផុស

នៅ

អតីតអ្នកចាត់ការរបស់ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា លោ​ក Keisuke Honda បានដាក់សំណើចង់ធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ ជប៉ុន ជំនួសគ្រូបច្ចុប្បន្នលោក Hajime Moriyasu បន្ទាប់ពីក្រុមរហស្សនាមដាវសាំម៉ូរៃធ្វើមិនបានល្អនៅព្រឹត្តិការណ៍ World Cup 2026។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Moriyasu ត្រូវបានគេចាត់ទុកជាគ្រូបង្វឹកដ៏ឆ្នើមម្នាក់ ទោះបីជាលោកមិនអាចជួយឱ្យ ជប៉ុន ឆ្លងផុត ប្រេស៊ីល ឡើងទៅកាន់វគ្គ ១៦ ក្រុមនៃព្រឹត្តិការណ៍ World Cup 2026 ក៏ដោយ។ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុន ពិតជាបង្ហាញទម្រង់លេងល្អខ្លាំង ក្រោមការដឹកនាំរបស់លោក។

នៅក្នុងការប្រកួតទល់នឹងក្រុមជើងឯក World Cup ៥ សម័យ ប្រេស៊ីល កន្លងទៅ គឺ ជប៉ុន បានបង្ហាញទម្រង់លេងល្អគួរឱ្យកត់សម្គាល់ ទោះបរាជ័យ ២-១ ក៏ដោយ។ គិតត្រឹមពេលនេះ កិច្ចសន្យារបស់លោកបានផុតសុពលភាពហើយ ប៉ុន្តែលោកមិនទាន់បានសម្រេចចិត្តអំពីការបន្តកិច្ចសន្យាថ្មីនៅឡើយទេ។

ស្របពេលលោក Moriyasu មិនទាន់សម្រេចចិត្តបន្តកុងត្រាថ្មី ស្រាប់តែអតីតខ្សែប្រយុទ្ធរបស់ក្រុម AC Milan លោក Honda បានប្រកាសចង់ធ្វើជាបេក្ខភាពមួយរូប ដើម្បីដឹកនាំក្រុម ជប៉ុន ជំនួសគ្រូបង្វឹកបច្ចុប្បន្ន។ លោក Honda បានបង្ហោះសារនៅបណ្តាញសង្គម X ដូច្នេះ ថា៖ «នេះប្រហែលជាជាមតិដែលអាចបង្កភាពចម្រូងចម្រាស់ ប៉ុន្តែខ្ញុំចង់និយាយថា ខ្ញុំបានឃើញព័ត៌មានថា មានការផ្តល់សំណើបន្តកិច្ចសន្យារបស់លោក Moriyasu មួយឆ្នាំទៀត»។

អតីតគ្រូបង្វឹក កម្ពុជា ដែលបច្ចុប្បន្នមានវ័យ ៤០ ឆ្នាំបានបន្ត ថា៖ «ប្រសិនបើសំណើនោះគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្នទេ ព្រោះមិនទាន់មានបេក្ខជនផ្សេងសម្រាប់តំណែងគ្រូបង្វឹក នោះសូមផ្តល់ឱកាសឲ្យ ខ្ញុំ សាកល្បងរយៈពេលមួយឆ្នាំ។ បើខ្ញុំបរាជ័យក្នុងពានរង្វាន់ Asian Cup អ្នកអាចបណ្តេញខ្ញុំចេញពីតំណែងភ្លាមៗ ដោយមិនចាំបាច់មានការពន្យល់អ្វីឡើយ។ ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីទទួល​យកការប្រកួតប្រជែងនេះ»។

លោក Honda បច្ចុប្បន្ន កំពុងតែទទួលតំណែងជាគ្រូបង្វឹកផង និងជាកីឡាករផងរបស់ក្រុម FC Jurong នៃប្រទេស សិង្ហបុរី។ ដោយឡែក កាលពីអតីតកាលវិញ លោកក៏ធ្លាប់មានបទពិសោធដឹកនាំក្រុមជម្រើសជាតិផងដែរ គឺបានដឹកនាំ កម្ពុជា ទាំងក្រុមធំ និងយុវជនអាយុក្រោម ២៣ ឆ្នាំពីឆ្នាំ ២០១៨ ដល់ ២០២៣៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម