Connect with us

កីឡា

កីឡាកររបស់ ម៉ារ៉ុក Bouaddi លេងល្អដូចផ្កា ខណៈនៅសាលាជាសិស្សពូកែនិទ្ទេស A

បានផុស

នៅ

ខ្សែបម្រើវ័យ ១៨ ឆ្នាំ កីឡាករ Ayyoub Bouaddi បានធ្វើឱ្យអ្នកគាំទ្រទូទាំងពិភពលោកលាន់មាត់សរសើរមិនដាច់ពីមាត់ បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ក្នុងការប្រកួតលើកដំបូងជាមួយក្រុមជម្រើសជាតិ ម៉ារ៉ុក នៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករមកពីក្រុម Lille បានរួមចំណែកយ៉ាងធំធេង ក្នុងការជួយឱ្យក្រុមជម្រើសជាតិ ម៉ារ៉ុក ទទួលបាន ១ ពិន្ទុយ៉ាងសំខាន់ បន្ទាប់ពីស្មើគ្នានឹងក្រុមខ្លាំង ប្រេស៊ីល ១-១ សម្រាប់ការប្រកួតបើកឆាកពូល C នៃព្រឹត្តិការណ៍ World Cup 2026 កាលពីថ្ងៃ អាទិត្យ ទី ១៤ ខែ មិថុនា ឆ្នាំ ២០២៦។

ខ្សែបម្រើ Bouaddi បានក្លាយជារនាំងដ៏ធំ ក្នុងការរារាំងក្រុមសាំបា ប្រេស៊ីល មិនឱ្យលេងបាល់បានងាយស្រួល។ ក្នុងនាមជាខ្សែបម្រើ Bouaddi លេងបាន ៩០ នាទីពេញ ក្នុងនោះប៉ះបាល់ជោគជ័យបាន ៩១%, ឈ្នះការប្រជែងបាល់ ៩ ដង, ប៉ះបាល់បាន ៨៦ ដង, កាត់បាល់បាន ៦ ដង, មិនត្រូវបានកីឡាករប្រេស៊ីលញាក់បាល់ដាច់បានសូម្បីម្តង និងទទួលបានពិន្ទុ ៧.៣។

បន្ទាប់ពី Bouaddi បង្ហាញទម្រង់លេងបានល្អបែបនេះ បានធ្វើឱ្យគេសើរើពីជីវប្រវត្តិរបស់កីឡាកររូបនេះ ទើបដឹង ថា កីឡាករវ័យ ១៨ ឆ្នាំ គឺមានឈាមជ័រជាជនជាតិ ម៉ារ៉ុក ប៉ុន្តែបានកើត និងធំធាត់ឡើងនៅក្នុងប្រទេស បារាំង។ ជាមួយគ្នានេះ កីឡាករធ្លាប់បានជាប់នៅក្នុងថ្នាលយុវជនបារាំង តាំងពី U16 រហូតដល់ U21 ហើយនៅ U21 នេះ រូបគេថែមទាំងដើរតួជាប្រធានក្រុមថែមទៀត។

ប៉ុន្តែចុងក្រោយ Bouaddi បែជាសម្រេចចិត្តផ្លាស់ទៅលេងឱ្យជម្រើសជាតិ ម៉ារ៉ុក វិញ បន្ទាប់ពីមានការពិចារណាយ៉ាងល្អិតល្អន់ ក្រោយមានការបញ្ចុះបញ្ចូលពីសហព័ន្ធបាល់ទាត់ ម៉ារ៉ុក។ FIFA ទើបតែអនុម័តអំពីការប្តូរជម្រើសជាតិកាលពីថ្ងៃទី ១៥ ខែ ឧសភា កន្លងទៅនេះទេ ពោលគឺរយៈពេលជិត១ខែ មុន World Cup 2026 មកដល់។

ក្រឡេកទៅមើលជីវិតនៅក្រៅទីលានវិញ Bouaddi គឺជាសិស្សពូកែម្នាក់ ដោយកាលពីអាយុ ១៦ ឆ្នាំ រូបគេបានប្រឡងបាក់ឌុប ជាប់និទ្ទេសខ្ពស់បំផុត (និទ្ទេស A) ផ្នែកថ្នាក់វិទ្យាសាស្ត្រ។

ត្រឡប់ទៅមុននោះ ១ ឆ្នាំ Bouaddi បានឈ្នះការប្រកួតតស៊ូមតិអំពីប្រធានបទ «តើលទ្ធផលសំខាន់ជាងវិធីសាស្ត្រដែរឬទេ?» ដោយទទួលបានជ័យលាភីលេខ ១ នៅវិមាន Élysée Palace ចំពោះមុខលោកស្រី Brigitte Macron ភរិយារបស់ប្រធានាធិបតីបារាំងថែមទៀត។

នាពេលអនាគត Bouaddi នឹងក្លាយជាធនធានដ៏សំខាន់ម្នាក់របស់ ម៉ារ៉ុក ពោលមិនត្រឹមតែបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជាសរសរទ្រូងបញ្ញវ័ន្តរបស់ប្រទេសជាតិផងដែរ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម