Connect with us

កីឡា

កំណត់ត្រាល្អបំផុតរបស់ម្ចាស់ផ្ទះ អាមេរិក កាណាដា និងម៉ិកស៊ិក នៅ World Cup

បានផុស

នៅ

ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 មានការរៀបចំយ៉ាងពិសេស ដោយមានការរៀបចំធ្វើជាសហម្ចាស់ផ្ទះ ៣ ប្រទេសរួមគ្នាគឺ​ សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកំណត់ត្រាព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោករបស់ក្រុមម្ចាស់ផ្ទះទាំង ៣ គឺមានតែ អាមេរិក និង ម៉ិកស៊ិក ប៉ុណ្ណោះ ដែលជោគជ័យជាងគេ ខណៈក្រុម កាណាដា វិញធ្លាប់ចូលរួមដល់ជុំចុងក្រោយតិចជាងគេ ហើយក៏មិនដែលឆ្លងផុតវគ្គចែកពូលដែរ។

ក្រុមជម្រើសជាតិ អាមេរិក ធ្លាប់បានជាប់ទៅប្រកួតនៅជុំចុងក្រោយបានចំនួន ១២ លើក ក្នុងចំណោមការរៀបចំសរុប ២៥ លើក។​ អាមេរិក ធ្លាប់បានធ្វើជាម្ចាស់ផ្ទះ ២ លើកហើយ គឺនៅឆ្នាំ ១៩៩៤ និង ២០២៦ នេះ។

លទ្ធផល​​ធំបំផុតរបស់ពួកគេ គឺធ្លាប់បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តងនៅឆ្នាំ ១៩៣០ ប៉ុន្តែបានចាញ់ក្រុមជម្រើសជាតិ អាហ្សង់ទីន យ៉ាងធ្ងន់ធ្ងរក្នុងលទ្ធផល ៦-១។ ក្រៅពីនេះ ពួកគេធ្លាប់ឡើងដល់វគ្គ ៨ ក្រុម ១ លើកនៅឆ្នាំ ២០០២ និងវគ្គ ១៦ ក្រុម ៦ លើកនៅឆ្នាំ ១៩៣៤, ១៩៩៤, ២០០២, ២០១០, ២០១៤ និង ២០២២។

ចំណែកក្រុមជម្រើសជាតិ ម៉ិកស៊ិក វិញ ធ្លាប់មានប្រវត្តិទៅលេងជុំចុងក្រោយច្រើនជាងគេ ក្នុងចំណោមប្រទេសម្ចាស់ផ្ទះទាំង ៣។ ពួកគេធ្លាប់ឡើងទៅលេងជុំចុងក្រោយក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ១៨ ដង។ ក្នុងចំណោមការលេងទាំង ១៨ ដងនោះ គឺពួកគេធ្លាប់ធ្វើម្ចាស់ផ្ទះ ៣ លើកផងដែរ នៅឆ្នាំ ១៩៧០, ១៩៨៦ និង ២០២៦ នេះ។

សមិទ្ធផលល្អបំផុតរបស់ពួកគេ គឺធ្លាប់ឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ ២ លើក កាលពីឆ្នាំ ១៩៧០ និង ១៩៨៦ ដែលពេលនោះពួកគេជាម្ចាស់ផ្ទះទាំង ២ លើក។ ក្រៅពីនោះ ម៉ិកស៊ិក ធ្លាប់ឡើងដល់វគ្គ ១៦ ក្រុមចុង​ក្រោយ​ ៨ លើក នៅឆ្នាំ ១៩៨៦, ១៩៩៤, ១៩៩៨, ២០០២, ២០០៦, ២០១០, ២០១៤ និង ២០១៨។

ព្រឹត្តិការណ៍ World Cup 2026 គឺជាការធ្វើជាម្ចាស់ផ្ទះលើកដំបូងរបស់ប្រទេស កាណាដា។ ពួកគេជាក្រុមមានបទពិសោធក្មេងខ្ចីជាងគេ ដោយធ្លាប់ចូលលេងនៅជុំចុងក្រោយបានត្រឹម ៣ លើកប៉ុណ្ណោះ ពោល​គឺនៅឆ្នាំ ១៩៨៦, ២០២២ និង ២០២៦ នេះ។ ក្នុងចំណោមការលេង ២ លើកកន្លងមក ពួកគេមិនដែលបានឆ្លងផុតវគ្គចែកពូលឡើយ។

គួរបញ្ជាក់ ថា ការប្រកួត World Cup 2026 បានចាប់ផ្តើមពីថ្ងៃទី ១១ ខែ មិថុនា ហើយ​នឹងបញ្ចប់​នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម