Connect with us

កីឡា

បេក្ខភាពប្រជែងជើងឯក អេស្ប៉ាញ ស្ថិត​នៅ​ពូល ស្រួល​ឡើង​​​វគ្គ ៣២ ក្រុម នៅ World Cup 2026

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិ អេស្ប៉ាញ ជាបេក្ខភាពធំមួយ ដើម្បីប្រជែងជើងឯកព្រឹត្តិការណ៍ World Cup 2026 ខណៈបើកឆាកនៅក្នុងព្រឹត្តិការណ៍នេះ ពួកគេក៏ងាយស្រួលផងដែរ ដោយស្ថិតនៅពូលមួយមិនពិបាក ដើម្បីឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមគោជល់ អេស្ប៉ាញ ស្ថិតនៅពូល H ជាមួយក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ កាបវែរ និង អារ៉ាប៊ីសាអ៊ូឌីត។ នៅក្នុងពូលនេះ ក្រុមត្រូវបានចាត់ទុកជាគូប្រជែងធំបំផុតរបស់ក្រុមម្ចាស់ជើងឯក ១ សម័យ គឺមានតែ អ៊ុយរូហ្គាយ មួយប៉ុណ្ណោះ ខណៈក្រុម កាបវែរ និង អារ៉ាប៊ីសាអូឌីត សុទ្ធតែក្រុមមានបទពិសោធក្មេងខ្ចី។

អេស្ប៉ាញ ជាក្រុមកំពុងឡើងជើងបំផុតមួយ ដោយបច្ចុប្បន្នពួកគេកំពុងស្ថិតនៅលេខ ២ ក្នុងតារាងចំណាត់ថ្នាក់ FIFA។ ដោយឡែកក្រុម ៣ ទៀត សុទ្ធតែស្ថិតនៅចំណាត់ថ្នាក់ក្រោម អេស្ប៉ាញ ក្នុងនោះ អ៊ុយរូហ្គាយ ស្ថិតនៅលេខ ១៦, អារ៉ាប៉ីសាអ៊ូឌីត នៅលេខ ៦០ និង កាបវែរ នៅលេខ ៦៧។

ក្រៅពីការមានចំណាត់ថ្នាក់ល្អជាងគេ ក្រុម អេស្ប៉ាញ ក៏ជាក្រុមមួយ ដែលមានក្រុមកីឡាករល្អបំផុតផងដែរ ពោលតាំងពីអ្នកចាំទី រហូតដល់តំបន់ប្រយុទ្ធ។ អ្នកចាំទីរបស់ពួកគេ ៣ នាក់សុទ្ធតែខ្លឹមៗ ក្នុងនោះមាន David Raya, Unai Simon និង Joan Garcia។

ខ្សែការពារ ពួកគេមានកីឡាករឆ្នើមៗដូចជា Pau Cubarsi, Aymeric Laporte និង Marc Cucurella ជាដើម។ ចំណែកតំបន់បម្រើ និងប្រយុទ្ធវិញមាន Pedri, Rodri, Fabian Ruiz, Lamine Yamal, Nico William, Mikel Oyarzabal និងកីឡាករមួយចំនួនទៀត។

សមាសភាពប៉ុណ្ណោះ បានបង្ហាញ ថា ពួកគេជាក្រុមមួយ ដែលត្រឹមតែមិនពិបាកក្នុងការឆ្លងផុតពូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាក្រុម ដែលមានសមត្ថភាព ដើ​ម្បីប្រជែងពាន World Cup 2026 ផងដែរ។ ជាមួយគ្នានេះ ពួកគេបានបង្ហាញការត្រៀមខ្លួនយ៉ាងល្អ ដោយការលេងមិត្តភាព ៤ ប្រកួតចុងក្រោយ មិនទាន់ចាញ់នោះទេ ក្នុងនោះបានឈ្នះ ស៊ែប៉ី ៣-០, ស្មើ អេហ្ស៊ីប ០-០, ស្មើ អ៊ីរ៉ាក់ ១-១ និងចុងក្រោយឈ្នះ ប៉េរូ ៣-១។

នៅក្នុងពូល H នេះ ក្រុមជម្រើសជាតិ អេស្ប៉ាញ ត្រូវប្រកួតបើកឆាកដំបូងជួបជាមួយនឹងក្រុម កាបវែរ នៅថ្ងៃទី ១៥ ខែ មិថុនា ម៉ោង ១១ យប់។ ប្រកួតទី ២ ត្រូវជួបក្រុម អារ៉ាប៉ីសាអ៊ូឌីត ថ្ងៃទី ២១ ខែ មិថុនា ម៉ោង ១១ យប់ និងប្រកួតទី ២ ត្រូវជួបក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ ថ្ងៃទី ២៧ ខែ មិថុនា ម៉ោង ៧ ព្រឹក៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម