Connect with us

កីឡា

អ្នកចាំទី កយ​ សាលីម សង្ឃឹមរកបានសមិទ្ធផលជូនបឹងកេតរដូវកាលក្រោយ

បានផុស

នៅ

អ្នក​ចាំទី កយ សាលីម សង្ឃឹម​ស្វែង​រកបាន​លទ្ធផល​ល្អដល់​ក្លិប​បឹងកេត​នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​បង្ហាញ​ខ្លួន​បាន​ច្រើន​នៅ​ក្នុង​រដូវ​កាល​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បឹងកេត​បាន​ប្រើ​ប្រាស់​​កីឡាករ​ ថា ចន្ទរិទ្ធី ជា​អ្នក​ចាំទី​ជម្រើស​ជាតិ​ទី​១​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​​អ្នក​ចាំទី​ដៃ​ទី​២ កយ សាលីម ក៏​ទទួល​បាន​ឱកាស​បង្ហាញ​ខ្លួន​លើ​ទី​លាន​ញឹក​ញាប់​ដែរ។ ​សម្រាប់​ការ​បង្ហាញ​ខ្លួន​របស់​គេ​ក៏​​​ធ្វើ​បាន​ល្អ។ ជាក់​ស្តែង​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ ជុំ​ទី​៣​នៃ​លីគ​កំពូល​កម្ពុជា សាលីម បានជួយ​ឲ្យ​បឹង​កេត​ស្មើ​គ្នា​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ៣-៣ កាល​ពី​ថ្ងៃ​ទី២០ ខែ​មេសា ឆ្នាំ​២០២៤ ដែល​ធ្វើ​ឲ្យ​រូប​គេ​​ត្រូវ​បាន​ជ្រើស​រើស​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត។

កយ សាលីម បាន​និយាយ​ថា ៖«ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រំភើប​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត តែ​សោក​ស្តាយ​ដែរ​ដែល​យើង​របូត​គ្រាប់​បាល់​លឿន​ពេក​នៅ​ដើម​វគ្គ​ទី​២។ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​របស់​យើង​បាន​ប្រមូល​អារម្មណ៍​ និង​ព្យាយាម​លេង​ឡើង​វិញ​​រហូត​អាច​បាន​ស្មើ»។

«សម្រាប់​ខ្ញុំ​រដូវ​កាល​នេះ ខ្ញុំ​បង្ហាញ​ខ្លួន​បាន​ច្រើន ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​អាច​ជួយ​អ្វី​ដល់​ក្លិប​បាន​ច្រើន​ទេ។ សង្ឃឹម​ថា ឆ្នាំ​ក្រោយ ខ្ញុំ​នឹង​អាច​រក​​លទ្ធផល​ជូន​ក្លិប​បាន»។ អ្នក​ចាំទី​ កយ សាលីម បាន​បញ្ជាក់។

ពាក់ព័ន្ធ​នឹង​ទម្រង់​លេង​បច្ចុប្បន្ន​របស់​បឹងកេត​ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​មើល​ឃើញ​​ល្អ​ប្រសើរ​ច្រើន​ក្រោម​ការ​ដឹក​នាំ​របស់​លោក​គ្រូ ហុង ផេង បើ​ប្រៀប​ធៀប​នឹង​​លោក​គ្រូជន​ជាតិ​សិង្ហបុរី​ Clement Teo អ្នក​ចាំទី កយ សាលីម បាន​ឲ្យ​ដឹង​ថា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ក្រុម​ទាំង​មូល​លេង​យល់​ចិត្ត​គ្នា​បាន​ច្រើន ដោយសារ​កីឡាករ​បរទេស​បាន​​ជួយ​តំបន់ការពារ​ច្រើន។

សាលីម​ បន្ថែម​ថា ៖«ពី​មុន ពួក​យើង​ក៏​លេង​យល់​ចិត្តដែរ តែយើង​លេង​​ខ្សែ​ការពារ​ខ្មែរ​​មិន​សូវ​ល្អ​ដូច​ដែល​មាន​កីឡាករ​បរទេស​ចូល​រួម​​ក្នុង​តំបន់​ការពារ​ទេ»។

បន្ទាប់​ពី​ចប់​ជុំ​ទី​៣ បឹងកេត ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ៤ (៤១​ពិន្ទុ) វិសាខា លេខ៣ (៤៤​ពិន្ទុ) ភ្នំពេញ​ក្រោន លេខ​២ (៦៤​ពិន្ទុ) និង​ព្រះ​ខ័ន​រាជ​ស្វាយរៀង លេខ​១ (៦៩ពិន្ទុ)។

ការ​ប្រកួត​ជុំទី​៤ (Top 4)

  • ព្រះ​ខ័ន​រាជ​ស្វាយរៀង vs បឹងកេត (ថ្ងៃ​ទី​៤ ខែ​ឧសភា)
  • ភ្នំពេញ​ក្រោន vs វិសាខា (ថ្ងៃទី​៤ ខែឧសភា)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម