កីឡា
សុខ ធី ទម្រាំដណ្តើមបានខ្សែក្រវាត់ ៥ ខ្សែ ជួបដៃគូសុទ្ធតែតឹងតែង
អ្នកប្រដាល់គុនខ្មែររហស្សនាមមនុស្សឈើ សុខ ធី ត្រូវបានគេចាត់ទុកជាអ្នកប្រដាល់លំដាប់កំពូលម្នាក់ប្រចាំទម្ងន់ ៦០ គីឡូក្រាម ហើយក៏ជាកីឡាករប្រដាល់គុនខ្មែរដ៏ជោគជ័យបំផុតម្នាក់នាពេលបច្ចុប្បន្ន។

អ្នកលេងក្បាច់មកពីជាយដែនខេត្ត បន្ទាយមានជ័យ រូបនេះ ទើបតែដណ្តើមបានខ្សែក្រវាត់ ISKA Kun Khmer ពិភពលោក ទម្ងន់ ៦០ គីឡូក្រាម ដែលជាខ្សែក្រវាត់ទី ៥ នៅក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីឈ្នះកីឡាករអេស្ប៉ាញ។ យ៉ាងណា បើក្រឡេកមើលប្រវត្តិប្រកួតដណ្តើមខ្សែក្រវាត់របស់ សុខ ធី នីមួយៗ គឺមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះជួបដៃគូសុទ្ធតែខ្លាំងៗ។
ខ្សែក្រវាត់ទី១ គឺខ្សែក្រវាត់ជើងឯកគុនខ្មែរគូបូតា ដែលរូបគេ បានឈ្នះកាលពីឆ្នាំ ២០១៨ នៅសង្វៀនបាយ័ន។ ខ្សែក្រវាត់លើកដំបូងនេះមានបេក្ខភាព ៨ រូបចូលរួម គឺកីឡាករកម្ពុជា ៤ រូប និងកីឡាករបរទេស ៤ រូប។ នៅវគ្គផ្តាច់ព្រ័ត្រ អ្នកលេងគុនខ្មែររូបនេះបានឈ្នះកីឡាករ ឡុង ជិន ដោយពិន្ទុដើម្បីទទួលបានខ្សែក្រវាត់ជើងឯកគុនខ្មែរគូបូតា អមដោយប្រាក់រង្វាន់ ៦ ពាន់ដុល្លារអាមេរិក។

ខ្សែក្រវាត់ទី ២ គឺខ្សែក្រវាត់ KKIF Kun Khmer World Championship ដែល សុខ ធី ដណ្តើមបានកាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២៣។ មុនទទួលបានខ្សែក្រវាត់មួយខ្សែនេះ រូបគេបានប្រកួតយ៉ាងតឹងតែទល់នឹងកីឡាករ ចិន ឈឹង ហ្វូហេង ដែលពេលនោះឈ្នះដោយពិន្ទុ។ លុះក្រោយមក នៅថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២៤ កីឡាករ ចិន ម្នាក់ទៀត ឈ្មោះ យៀន ម៉ឹងសេង បានឡើងមកដណ្តើមខ្សែក្រវាត់នេះ ប៉ុន្តែចុងក្រោយ សុខ ធី នៅតែអាចរក្សាខ្សែក្រវាត់នេះបានដដែល។

ខ្សែក្រវាត់ ទី ៣ សម្រាប់ សុខ ធី គឺខ្សែក្រវាត់ Kun Khmer Cambodia Champions។ ខ្សែក្រវាត់នេះ កីឡាករ ដណ្តើមបានពីកីឡាកររួមជាតិ ពុធ សំបូរ នៅថ្ងទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២៥។ ជំនួបនេះពិតជាកក្រើកខ្លាំង ដោយសារការប្រកួតនេះមិនត្រឹមតែជាការប្រកួតដណ្តើមខ្សែក្រវាត់ប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកួតសងសឹក ដែល សុខ ធី បានចាញ់ក្នុងការប្រកួតជម្រុះដណ្តើមរថយន្តផងដែរ។ ចុងក្រោយ សុខ ធី បានយកឈ្នះ ពុធ សំបូរ ដោយពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៥ ទឹកពេញនៅខេត្តស្វាយរៀង។

ខ្សែក្រវាត់ទី ៤ គឺខ្សែក្រវាត់ X’Treme Kun Khmer ដែល សុខ ធី ដណ្តើមបានពីក្របីព្រៃ ពេជ្រ សម្បត្តិ កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២៥។ ជឿជាក់ថា អ្នកគាំទ្រនៅមិនទាន់ភ្លេចនៅឡើយទេ ចំពោះការប្រកួតដ៏កក្រើកប្រចាំប្រវត្តិសាស្ត្រគុនខ្មែរ។ ការប្រកួតនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងសម្រាប់អ្នកគាំទ្រទូទាំងប្រទេស ដែលជាជំនួបរវាងកំពូលកីឡាករគុនខ្មែរប្រចាំទម្ងន់ ៦០គីឡូក្រាម ទាំងពីរនាក់។ ទីបំផុត សុខ ធី បានយកឈ្នះ ពេជ្រ សម្បត្តិ ដោយពិន្ទុ បន្ទាប់ពីការប្រកួត ៥ ទឹកពេញ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ X’Treme Kun Khmer។

ចុងក្រោយបំផុត គឺខ្សែក្រវាត់ ISKA Kun Khmer ពិភពលោក ដែល សុខ ធី ទើបដណ្តើមបានកាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៥ ។ ខ្សែក្រវាត់នេះរាប់ថាជាខ្សែក្រវាត់ដ៏ធំបំផុតមួយនៅក្នុងអាជីពរបស់កីឡាករមកខេត្ត បន្ទាយមានជ័យ។ សុខ ធី បានឆ្លងកាត់ការប្រកួត ៥ ទឹកយ៉ាងតឹងតែងទល់នឹងកីឡាករ អេស្ប៉ាញ Samuel Olyas ដោយមានទាំងស្នាមបែកចុងចិញ្ចើមខាងឆ្វេងផង ប៉ុន្តែចុងក្រោយ រូបគេមិនបានធ្វើឱ្យអ្នកគាំទ្រអស់សង្ឃឹមឡើយ។ រូបគេបានយកឈ្នះកីឡាករ អេស្ប៉ាញ ដោយពិន្ទុ បន្ទាប់ពីការប្រកួត ៥ ទឹកពេញ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


