បច្ចេកវិទ្យា
វិស័យសំខាន់ៗចំនួន ៣ កំពុងប្រើប្រាស់បច្ចេកវិទ្យា 3D Printing
ការសិក្សាបានបង្ហាញពីកំណើននៃការចាប់យកបច្ចេកវិទ្យា 3D Printing ពីសំណាក់ក្រុមហ៊ុន សហគ្រាស និងរោងចក្រជុំវិញពិភពលោក ក្នុងការជំរុញនូវសមត្ថភាពផលិតរបស់ពួកគេ។ បច្ចេកវិទ្យានេះកំពុងទទួលបានការចាប់អារម្មណ៍ក៏ដូចជាប្រើប្រាស់ក្នុងខ្សែច្រវាក់ផលិតកម្ម និងវិស័យសំខាន់ៗ ជាច្រើន ដូចជា ការជំរុញនូវភាពច្នៃប្រឌិតក្នុងផ្នែកផលិតកម្ម, ការផលិតគ្រឿងអេឡិចត្រូនិក, ការផលិតមនុស្សយន្ត, វិស័យសុខាភិបាល, វិស័យផលិត យានយន្ត និងវិស័យយានអវកាស។
យោងតាមមជ្ឍមណ្ឌុលកម្ពុជា ៤.០ បានលើកឡើងអំពីវិស័យសំខានៗចំនួន ៣ ដួចខាងក្រោយ៖
១. ឧស្សាហកម្មយានអវកាស (Aaerospace Industry)៖ ជាឧស្សាហកម្មដំបូងគេដែលធ្វើការប្រើប្រាស់បច្ចេកវិទ្យា 3D Printing ហើយបច្ចេកវិទ្យានេះពិតជាមានសារៈសំខាន់ នៅក្នុងដំណើរផលិតផ្នែករបស់យានអវកាស ជាក់ស្ដែងការផលិតនូវគ្រឿងបង្គុំរបស់ទួរប៊ីន (Turbine)។ អ្នកជំនាញផ្នែកលំហអាកាសបានប្រើប្រាស់ 3D Printing ក្រោមហេតុផលថាបច្ចេកវិទ្យានេះជួយកាត់បន្ថយការចំណាយក៏ដូចជាមានសមត្ថភាពក្នុងការផលិតឱ្យទាន់តម្រូវការ និងមានភាពរឹងមាំ ផងដែរ។ បច្ចេកវិទ្យា 3D Printing នៅក្នុងឧស្សាហកម្មយានអវកាសបាន និងកំពុងប្រើប្រាស់ដើម្បីផលិតចេញជាគំរូ (Prototyping) ជាច្រើនទម្រង់ រួចធ្វើការវាយតម្លៃពីគំរូទៅដល់វិស្វករដែលពួកគេអាចសិក្សាស្រាវជ្រាវ និងប្រើប្រាស់ទៅតាមតម្រូវការ។ លើសពីនេះទៀត វិស្វករអាចជួសជុលផ្នែក ខូចខាតរបស់យានអវកាសក្នុងរយៈពេលខ្លីផងដែរ។ សរុបមក បច្ចេកវិទ្យា 3D Printing ត្រូវបានប្រើប្រាស់ទាំងអំឡុងពេលរចនា ការធ្វើតេស្ត ការត្រួតពិនិត្យ នូវសុពលភាពសម្រាប់ការប្រើប្រាស់ ដំណើរនៃការផលិត និងការកែសម្រួល។
២. វិស័យផលិតកម្ម (Manufacturing Sector)៖ ក្រុមហ៊ុន សហគ្រាស និងរោងចក្រអាចផលិតជាផលិតផល និងឧបករណ៍ប្រើប្រាស់ក្នុងដំណើរការផលិតកម្មបានក្នុងតម្លៃទាប និងឆាប់រហ័ស ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អាជីវកម្ម។ លើសពីនេះ សហគ្រាសអាចទាញយកផលប្រយោជន៍បន្ថែមទៀតពីបច្ចេកវិទ្យានេះ រួមមានកាត់បន្ថយពេលវេលារង់ចាំ, កែលម្អនិងបង្កើនល្បឿនដំណើរការផលិត។ សហគ្រាសក៏មានលទ្ធភាព និងសេរីភាពក្នុងការច្នៃប្រឌិតបន្ថែមទៀតលើផលិតផល សន្សំថ្លៃពលកម្ម និងកាត់បន្ថយពេលវេលាខ្ជះខ្ជាយ។ ទន្ទឹមនេះ ការប្រើ 3D Printing ក្នុងវិស័យផលិតកម្ម ជួយកាត់បន្ថយចំណាយថ្លៃដើម ដោយហេតុថាបច្ចេកវិទ្យា 3D Printing មានតម្លៃថោក មានជម្រើសច្រើន និងកាត់បន្ថយថ្លៃពលកម្មដោយតម្រូវឱ្យមានប្រតិបត្តិករម្នាក់តែប៉ុណ្ណោះ។ បន្ថែមពីនេះ បច្ចេកវិទ្យានេះជួយកាត់បន្ថយហានិភ័យនិងការខាតបង់នៅពេលឧបករណ៍មានការខូចខាតនូវបំណែកណាមួយ និងអាចកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
៣. វិស័យសុខាភិបាល (Healthcare Sector)៖ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការមកដល់នៃបច្ចេកវិទ្យា 3D Printing បានរួមចំណែកជួយឱ្យវិស័យសុខាភិបាលកាន់តែមានភាពប្រសើរឡើង។ យើងសង្កេតឃើញថា បច្ចេកវិទ្យានេះបាននាំមកនូវវិធីសាស្ត្រថ្មីៗនៅក្នុងវិស័យសុខាភិបាល ដោយអនុញ្ញាតឱ្យមានការបង្កើតចេញជាអវយវៈសិប្បនិម្មិត (Limb), សរីរាង្គ (Organ), ឆ្អឹងនិងសរសៃឈាម (Blood Vessel) ហើយក៏អាចផលិតជាឧបករណ៍ដែលសម្រួលដល់ការវះកាត់ដែលមានភាពស្មុគស្មាញ និងការផលិតចេញជាឧបករណ៍វេជ្ជសាស្ត្រ ជាដើម។
យោងតាមរបាយការណ៍ Three-Dimensional (3D) Printing in Orthopedic Surgery ក្នុងឆ្នាំ ២០២១ ដោយ American Academy of Orthopedic Surgeon បានបង្ហាញថាបច្ចេកវិទ្យា 3D Printing បានផ្លាស់ប្តូរពីរបៀប នៃការព្យាបាលសម្រាប់អ្នកជំងឺដែលមានរបួសពាក់ព័ន្ធនឹងសន្លាក់ ឬការខូចទ្រង់ទ្រាយឆ្អឹង សមត្ថភាព និងមុខងារនៃអវយវៈសិប្បនិម្មិត។ បច្ចេកវិទ្យានេះក៏ត្រូវបានប្រើប្រាស់ក្នុងការបង្កើតគំរូកាយវិភាគសាស្ត្រ (Anatomical Models) ដែលមានភាពត្រឹមត្រូវ និងមានភាពលម្អិតខ្ពស់ ដែលអាចជួយគ្រូពេទ្យក្នុងការរៀបចំនូវនីតិវិធីក្នុងការវះកាត់ និងចំណាយតិច។ បច្ចេកវិទ្យានេះក៏អាចផលិតនូវឧបករណ៍ដែលស្រាលជាងមុន និងមានភាពងាយស្រួលក្នុងការប្រើប្រាស់ តែមានភាពរឹងមាំ ធន់ សុវត្ថិភាពខ្ពស់ មានភាពរហ័សក្នុងការផលិត និងងាយស្រួលក្នុងការកែសម្រួលឧបករណ៍ទៅតាមតម្រូវការរបស់អ្នកជំងឺ។ 3D Printing ក៏ត្រូវបានប្រើប្រាស់ដើម្បីបង្កើតឧបករណ៍វេជ្ជសាស្រ្ត ដូចជា Forceps, Clamps, Hemostats S Retractors ជាដើម។
អត្ថបទ ៖ ផល ធារិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា