Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថ្កោល​ទោស​សកម្មភាព​រំលោភ​បំពាន​របស់​​ថៃ​លើ​ដែន​អធិបតេយ្យ​កម្ពុជា

បានផុស

នៅ

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ប៉ែន បូណា បាន​ថ្កោល​ទោស​ចំពោះ​សកម្មភាព​រំលោភបំពាន​របស់​ថៃ​លើ​អធិបតេយ្យភាព​បូរណភាព​ទឹកដី​កម្ពុជា​ រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ បន្ទាប់ពី​ថៃ​បាន​ធ្វើ​សកម្មភាព​រាវ​មីន និង​ប្រើប្រាស់​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ដែល​ពួកគេ​បាន​ព័ទ្ធ​យក​នៅ​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ២០២៥​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដីថ្លែងការណ៍​ពិសេស​នៅ​ល្ងាច​ថ្ងៃទី​១០ ខែតុលា ឆ្នាំ២០២៥​នេះ លោក ប៉ែន បូណា បាន​លើក​ឡើង​ថា​សកម្មភាព​របស់​អាជ្ញាធរ​ថៃ​គឺ​ជា​អំពើ​ឈ្លាន​ពាន​លើ​បូរណភាព​ទឹក​ដី​កម្ពុជា​យ៉ាង​កម្រោល គឃ្លើន​បំផុត​តាមរយៈ​ការ​អនុវត្ត​ច្បាប់​ថៃ​មក​លើ​អធិបតេយ្យភាព​កម្ពុជា​។ លោក​បាន​បញ្ជាក់​ថា​សកម្មភាព​ថៃ​នេះ​ត្រូវ​បាន​កង​ពល​ថ្មើរ​ជើង​លេខ៥១​របស់​កម្ពុជា​បាន​ស្នើ​ឱ្យ​ផ្អាក​តែ​ថៃ​នៅ​តែ​រំលោភ​បំពាន​។ ​​

លោក​ថា៖ «អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​សូម​ប្រកាស​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​រំលោភ​បំពាន​របស់​អាជ្ញាធរ​ថៃ​លើ​ដែន​អធិបតេយ្យ​ បូរណភាព​ទឹកដី​កម្ពុជា​​ និង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ដែល​មិន​អាច​ទទួល​យក​បាន​ ហើយ​ជា​ពិសេស​គឺ​ការ​អនុវត្តន៍​ច្បាប់​ថៃ​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា​»។

​​​​​​​​​​បើ​តាម​លោក ប៉ែន បូណា សកម្មភាព​របស់​ថៃ​បាន​រំលោភ​លើ​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-ថៃ ជា​ការ​រំលោភ​លើ​ស្មារតី​នៃ​កិច្ច​ប្រជុំ​ GBC និង​ RBC ដែល​ឱ្យ​កង​ទ័ព​ឱ្យ​នៅ​ទី​តាំង​ដើម គ្មាន​ការ​ចល័ត​ និង​មិន​ត្រូវ​ប្រើ​កម្លាំង​គ្រប់​ប្រភេទ​ដែល​ប៉ះពាល់​ដល់​ជន​ស៊ីវិល និង​មិន​ត្រូវ​ហាម​ពង្រីក​វិសាលភាព​នៃ​ទំហំ​នៃ​វិវាទ​។ លោក​បន្ថែម​ថា​សកម្មភាព​របស់​ថ្ងៃ​នៅ​ថ្ងៃ ទី​១០​នេះ​ ថៃ​ក៏​បំពាន​ដល់​ MOU ឆ្នាំ​២០០០ រំលោភ​សិទ្ធិ​មនុស្ស​ និង​ច្បាប់​មនុស្ស​ធម៌​អន្តរជាតិ។

លោក​អំពាវនាវ​ឱ្យ​ថៃ​បញ្ឈប់​សកម្មភាព​បង្ក​រឿង​ទាំង​នេះ​ជា​បន្ទាន់​និង​គោរព​នូវបទ​ឈប់​បាញ់​ ការ​ព្រមព្រៀង​គ្នា​រវាង​ប្រទេស​ទាំង​ពីរ និង​ច្បាប់​អន្តរជាតិ​ឡើង​វិញ​៕

អត្ថបទ​ដោយ​ ហ៊ុន សិរីវឌ្ឍន៍ ​​​​​


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម