Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ​ដោះស្រាយ​បញ្ចប់​ការ​តវ៉ា​របស់​បងប្អូន​កម្មករ​នៅ​ក្រុមហ៊ុន ភីវី យ៉ាងលឿន​រហ័ស

បានផុស

នៅ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដោះស្រាយបញ្ចប់ករណីកម្មករនិយោជិត នៅក្រុមហ៊ុន ភីវី អ៊ិនដាសស្រ្ទី (ខេមបូឌា) ឯ.ក រួចរាល់ហើយ នៅរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥នេះ។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ដោះស្រាយបញ្ចប់រួចរាល់នេះ គឺក្រោមការដឹកនាំកិច្ចប្រជុំដោយ​លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីក្រុមអន្តរាគមន៍ដោះស្រាយរបស់ក្រសួង លោកប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ តំណាងក្រុមហ៊ុន និងតំណាងបងប្អូនកម្មករនិយោជិត។

កាលពីព្រឹកមិញនេះ កម្មករនិយោជិតជាង ៧០០នាក់ នៅក្រុមហ៊ុន ភីវី អ៊ិនដាសស្រ្ទី (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានតវ៉ាករណីក្រុមហ៊ុនជូនដំណឹងអំពីការផ្លាស់ប្តូរនាមករណ៍ថ្មី និងផ្លាស់ប្ដូរនិយោជកថ្មី នៅចុងឆ្នាំ ២០២៥។

លោក ស៊ុន មេសា បានឱ្យដឹងបន្តថា បន្ទាប់ពីកិច្ចប្រជុំ ភាគីកម្មករនិយោជិត បានឯកភាពយល់ព្រមចូលធ្វើការងារវិញនៅថ្ងៃស្អែក ហើយភាគីនិយោជក បានឯកភាពរក្សាអត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិត ដែលមាននៅក្នុងច្បាប់។

អ្នកនាំពាក្យក្រសួងការងារដដែល បានបញ្ជាក់បន្ថែមថា មន្ត្រីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ នឹងបន្តពិនិត្យតាមដានករណីនេះ នៅថ្ងៃស្អែក បន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម