Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​សម្លឹង​មើល​ថ្ងៃ​ទី២៩ខែ​មីនា សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ និង​ធ្វើ​​ប្រជាមតិចំនួន​២

បានផុស

នៅ

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបានប្រាប់រ៉យទ័រ​នៅថ្ងៃសុក្រ​ទី​២៤​ខែតុលា​នេះ​ថា ប្រទេសថៃទំនងជានឹងរៀបចំការបោះឆ្នោតសកលបន្ទាប់របស់ខ្លួននៅថ្ងៃទី​២៩​ខែមីនា បន្ទាប់ពីមានការពិភាក្សារវាងនាយករដ្ឋមន្ត្រី Anutin Charnvirakul និងគណៈកម្មាធិការរៀបចំការបោះឆ្នោត។

លោក Anutin Charnvirakul (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Paradorn Prissananantakul រដ្ឋមន្ត្រី​នៅ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​ថា រដ្ឋាភិបាល និង​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​បាន​ព្រមព្រៀង​គ្នា​លើ​រយៈពេល​បណ្តោះអាសន្ន​សម្រាប់​ការបោះឆ្នោត​ជាតិ។

លោក Paradorn បាន​លើក​ឡើង​ថា «រដ្ឋាភិបាល និងគណៈកម្មាធិការរៀបចំការបោះឆ្នោតបានពិភាក្សាអំពីពេលវេលាសម្រាប់រៀបចំការបោះឆ្នោត។ កាលបរិច្ឆេទដែលទំនងបំផុតគឺថ្ងៃទី​២៩ខែមីនា»។

នាយករដ្ឋមន្ត្រី Anutin មុននេះ បានបង្ហាញថា លោកនឹងរំលាយសភានៅចុងខែមករា ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតសកលនៅខែមីនា ឬដើមខែមេសា។

យោងតាមលោក Paradorn ការបោះឆ្នោតប្រជាមតិជាតិចំនួនពីរ ក៏ត្រូវបានគេរំពឹងថានឹងធ្វើឡើងស្របគ្នានឹងការបោះឆ្នោតផងដែរ ពោលគឺមួយស្តីពី រដ្ឋធម្មនុញ្ញថ្មី និងមួយទៀតស្តីពីថាតើត្រូវលុបចោលកិច្ចព្រមព្រៀងបោះបង្គោលព្រំដែនពីរជាមួយប្រទេសកម្ពុជាដែរឬទេ។

ខណៈ​ដែល​​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​ជា​ផ្លូវការ​នោះ ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោតលោក Ittiporn Boonpracong បាន​បញ្ជាក់​ថា ផែនការ​លម្អិត​កំពុង​ត្រូវ​បាន​បញ្ចប់​សម្រាប់​ទាំង​ការ​បោះឆ្នោត​សកល និង​ប្រជាមតិ។ លោក​បាន​និយាយ​ថា ថវិកា​ប៉ាន់ស្មាន​សម្រាប់​ព្រឹត្តិការណ៍​នេះ ​នឹង​មាន​ចំនួន​សរុប៩ពាន់​លាន​បាត (ជាង​២៧០​លាន​ដុល្លារ) ដោយ​ប្រជាជន​ថៃ​ប្រហែល៥៣លាន​នាក់​មាន​សិទ្ធិ​បោះឆ្នោត។

លោក Anutin មេដឹកនាំគណបក្ស Bhumjaithai បានក្លាយជានាយករដ្ឋមន្ត្រីទីបីរបស់ប្រទេសថៃ​គិត​ចាប់តាំងពីខែសីហា​ឆ្នាំ​២០២៣ បន្ទាប់ពីបានឈ្នះការបោះឆ្នោតសភាកាលពីដើមខែកញ្ញា។ ការ​ឡើង​តំណែង​របស់​លោក​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ដក​ខ្លួន​របស់​គណបក្ស​ពី​អតីត​សម្ព័ន្ធ​កាន់​អំណាច​ដែល​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ។

ដើម្បីទទួលបានការគាំទ្រពីសភា ជាពិសេសពីគណបក្សប្រឆាំងដែលកាន់កាប់អាសនៈច្រើនជាងគេ លោក Anutin បានយល់ព្រមលើលក្ខខណ្ឌសំខាន់ៗចំនួនពីរ ដូចជា ការរៀបចំ​ការ​បោះឆ្នោតក្នុងរយៈពេល៤​ខែបន្ទាប់ពីការចូលកាន់តំណែង និងការធ្វើប្រជាមតិលើរដ្ឋធម្មនុញ្ញថ្មី។

ប្រសិនបើត្រូវបានបញ្ជាក់ ការបោះឆ្នោតនៅថ្ងៃទី​២៩​ខែមីនា នឹងកត់សម្គាល់ការបោះឆ្នោតជាតិលើកដំបូងរបស់ប្រទេសថៃ ក្រោមការដឹកនាំរបស់លោក Anutin ហើយអាចផ្លាស់ប្តូរទិដ្ឋភាពនយោបាយរបស់ប្រទេស ចំពេលមានការជជែកដេញដោលគ្នាជាបន្តបន្ទាប់លើកំណែទម្រង់រដ្ឋធម្មនុញ្ញ និងគោលនយោបាយដែនដី៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម