Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីល្បាតព្រំដែនថៃ ច្រើននាក់ របួសក្នុងការវាយប្រហារ បំផ្ទុះគ្រាប់បែក នៅភាគខាងត្បូង 

បានផុស

នៅ

ក្រុមផ្តាច់ខ្លួនភាគខាងត្បូងប្រទេសថៃ​ បានបើកការវាយប្រហារថ្មីទៀតហើយ លើកងល្បាតព្រំដែន ដែលបណ្តាលឲ្យមន្ត្រី ច្រើននាក់រងរបួស។

(រូប៖ ការិយាល័យទំនាក់ទំនងសាធារណៈ ខេត្ត Yala)

តាមការផ្សាយរបស់ Khaosod, ការវាយប្រហារកើតឡើង នៅម៉ោង ៨:១០ នាទី ព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយក្រុមមូស្លីម បានបំផ្ទុះគ្រាប់បែកច្នែ ដែលពួកគេបង្កៃតាមចិញ្ចឹមផ្លូវ ក្នុងឃុំ Ban Rae នៃស្រុក Than To ខេត្ត Yala។

ការប្រហារនេះ បណ្តាលឲ្យកងល្បាតព្រំដែនថៃ ចំនួន៦នាក់ ត្រូវរបួស ក្នុងនោះ មាន២នាក់របួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងតំបន់ភ្លាមៗ។

អាជ្ញាធរមូលដ្ឋានបញ្ជាក់ថា គ្រាប់បែកទាំងនេះ ត្រូវបានបញ្ជាបំផ្ទុះពីចម្ងាយ ខណៈជនបង្កមិនទាន់កំណត់អត្តសញ្ញាណបានទេ ហើយខ្លួន កំពុងបើកការស៊ើបអង្កេត។

(រូប៖ ការិយាល័យទំនាក់ទំនងសាធារណៈ ខេត្ត Yala)

មុននេះប៉ុន្មានថ្ងៃ នៅខេត្ត Narathiwat ក៏កើតមានហេតុការណ៍ស្រដៀងគ្នានេះដែរ ពោលគឺក្រុមផ្តាច់ខ្លួន បានបំផ្ទុះគ្រាប់បែក កំណត់គោលដៅលើទាហានល្បាត បណ្តាលឲ្យ រងរបួសម្នាក់។

ការវាយប្រហារនោះ កើតឡើងនៅម៉ោង ៥ល្ងាច ថ្ងៃអង្គារ ក្នុងឃុំ Kayu Khla, នៃស្រុក Waeng ដោ​យក្រុមផ្តាច់ខ្លួន បានបំផ្ទុះគ្រាប់បែកច្នៃ លើកងល្បាតក្នុងព្រៃ។

យ៉ាងណា មិនមានទាហានណាស្លាប់ទេ ប៉ុន្តែមានម្នាក់ រងរបួសចំទ្រូង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ​រូបគេមានឈ្មោះ Narapong Nusonguan អាយុ ២២ឆ្នាំ មកពីអង្គភាពការពារព្រំដែន លេខ២៕

(រូប៖ ការិយាល័យទំនាក់ទំនងសាធារណៈ ខេត្ត Yala)

ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ នៅភាគខាងត្បូងប្រទេសថៃ គឺកើតឡើងនៅក្នុងខេត្តចំនួន៤ ដូចជា Narathiwat, Pattani, Yala និង Songkhla ដែលអូសបន្លាយពេល ជាច្រើនទសវត្សរ៍មកហើយ ដោយមានឫសគល់ ចេញពីប្រវត្តិសាស្ត្រនយោបាយ និងសាសនា។ 

យោងតាមតួលេខចុងក្រោយ ពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤ មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម