Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រកឃើញថា អ្នកនយោបាយ និងតារាល្បីៗ ជាប់ពាក់ព័ន្ធករណី Scam ឆបោកប្រាក់វាល់លាន 

បានផុស

នៅ

ករណី Scam ដែលឆបោកប្រាក់វាល់លាន កំពុងផ្ទុះខ្លាំងនៅក្នុងប្រទេសថៃ ខណៈឥឡូវ មានការទម្លាយថា ករណីនេះក៏ជាប់ពាក់ព័ន្ធ នឹងអ្នកនយោបាយ ព្រមទាំងតារាល្បីៗ ក្នុងវិស័យសិល្បៈផងដែរ ហើយឈ្មោះរបស់ពួកគេ នឹងទម្លាយក្នុងពេលឆាប់ៗ។

(រូប៖ Bangkok Post)

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ មនុស្សជាច្រើន មានជាប់ពាក់ព័ន្ធ បណ្តាញបោកប្រាស់មួយដែលគេសង្ស័យថា បានកៀរគរការវិនិយោគ និងធ្វើការជួញដូររូបិយប័ណ្ណបរទេស (Forex) ដោយគ្មានការអនុញ្ញាត។

ជុំវិញរឿងនេះ នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) បានបើកប្រតិបត្តិការបង្ក្រាបរួចហើយ ឈានដល់ការវាយឆ្មក់ និងរឹបអូសទ្រព្យសម្បត្តិវាល់លានដុល្លារ ហើយក៏ប្រកាសដែរថា ឈ្មោះអ្នកជាប់ពាក់ព័ន្ធក្នុងករណីនេះ នឹងត្រូវទម្លាយជាសាធារណៈ ក្នុងពេលឆាប់ៗខាងមុខ។

(រូប៖ Bangkok Post)

ដ្បិតថា មិនទាន់បញ្ចេញជាផ្លូវការក៏ដោយ ប៉ុន្តែបុគ្គលដែលគេដាក់ការសង្ស័យខ្លាំងបំផុត គឺតំណាងរាស្ត្រ មកពីគណបក្សប្រជាជនថៃ Pawoot Pongvitayapanu ទោះលោក ចេញមុខបដិសេធ ក៏ដោយ។

ទន្ទឹមនោះ ការស៊ើបអង្កេត ក៏ធ្វើឡើងលើតារាសម្តែងប្រុសដ៏ល្បីឈ្មោះម្នាក់ ផងដែរ ប៉ុន្តែសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុក ត្រឹមបង្ហើបឈ្មោះគាត់ថា ផ្តើមដោយអក្សរ «F» ប៉ុណ្ណោះ។

អ្វីដែលគួរឲ្យកត់សម្គាល់ គឺថា លំនៅដ្ឋានរបស់គាត់ ក៏ស្ថិតក្នុងចំណោមទីតាំង ដែលត្រូវបានឆែកឆេរដោយអាជ្ញាធរផងដែរ។

(រូប៖ Bangkok Post)

កាលពីថ្ងៃពុធ, DSI, នគរបាលបង្ក្រាបបទល្មើសបច្ចេកវិទ្យា និងធនាគារកណ្តាលថៃ បានបើកប្រតិបត្តិការ បង្ក្រាបនិងកម្ទេច ក្រុម Scammer ព្រមទាំងបណ្តាញជួញដូររូបិយប័ណ្ណបរទេស (Forex) និងការវិនិយោគខុសច្បាប់ ដោយគ្មានអាជ្ញាប័ណ្ណ នៅទីតាំងសរុប ២៤កន្លែងក្នុងរាជធានីបាងកក ក៏ដូចជាខេត្ត Nonthaburi, Pathum Thani, Samut Prakan និង Samut Sakhon។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចរកឃើញថា បណ្តាញទាំងនេះ បានបោកបញ្ឆោតវិនិយោគិនជាសាធារណៈ រាប់រយនាក់ តាមរយៈគេហទំព័រ និងកម្មវិធីទូរស័ព្ទដៃក្លែងបន្លំ ដោយសន្យាថា នឹងផ្តល់ផលចំណេញខ្ពស់។

ក្នុងការបង្ក្រាបទ្រង់ទ្រាយធំនេះដែរ សមត្ថកិច្ច បានរឹបអូសថវិកាសុទ្ធជាង ៦៥ លានបាត, រថយន្តទំនើបៗ ចំនួន ៥ គ្រឿង, មាសដុំ និងប្រាក់ដុំ, កាបូបប្រេនៗ, គ្រឿងអលង្ការ និងអាវុធជាច្រើនដើម។ លើសពីនេះ គណនីធនាគារជាង ៧០ ត្រូវបានបង្កក ហើយឧបករណ៍រក្សាទុកគ្រីបតូ កុំព្យូទ័រ និងម៉ាស៊ីនមេ ត្រូវបានដកហូត៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម