Connect with us

ព័ត៌មានជាតិ

មីយ៉ាន់ម៉ា បើកការវាយប្រហារលើកទី៤លើកន្លែងឆបោកតាមអ៊ីនធឺណិតខ្ទាតចូលដល់ដីថៃ

បានផុស

នៅ

ការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកលើកទីបួនរបស់យោធាមីយ៉ាន់ម៉ាលើតំបន់ KK Park ដែលជាកន្លែងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតក្នុងទីក្រុង Myawaddy ប្រទេសមីយ៉ាន់ម៉ា បានខ្ទាតចូលដល់ដីថៃ ធ្វើឲ្យពលរដ្ឋថៃភ័យស្លន់ ខណៈជនជាតិបរទេសរត់ចូលប្រទេសថៃកាន់តែច្រើន។ នេះបើយោងតាមការចេញផ្សាយរបស់ The Nation នៅថ្ងៃទី២៧ខែតុលា។

(រូបភាព៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធាមីយ៉ាន់ម៉ាបានកំពុងបន្តបំផ្លាញអគារដែលជាប់ទាក់ទងនឹងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតដែលគាំទ្រដោយវិនិយោគិនចិន។ ចំពោះការបំផ្ទុះលើកទី៤ នេះបានកើតឡើងនៅម៉ោងប្រហែល ៥:២៥ ល្ងាច ថ្ងៃទី២៦ ខែតុលា ចម្ងាយប្រហែល ៥០០ ម៉ែត្រពីស្រុក Mae Sot ប្រទេសថៃ ហើយបំណែកកម្ទេចកម្ទីបានធ្លាក់មកលើភាគីថៃជាច្រើន។

មន្ត្រីថៃបញ្ជាក់ថា ការផ្ទុះទាំងនេះត្រូវបានគ្រប់គ្រងដោយកងកម្លាំងមីយ៉ាន់ម៉ា មិនមែនជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទេ។ តែទោះយ៉ាងណាប្រជាជនថៃនៅតាមព្រំដែនបានភ័យខ្លាចមានគ្រោះថ្នាក់ពីការបំផ្ទុះ ព្រោះនៅកៀកគ្នាពេក។

(រូបភាព៖ The Nation)

ស្របពេលការវាយប្រហារនៅតែបន្ត ជនបរទេសកាន់តែច្រើនកំពុងរត់គេចខ្លួនពីតំបន់ KK Park និងតំបន់ក្បែរៗចូលទៅក្នុងប្រទេសថៃ។ គិតត្រឹមថ្ងៃទី២៧ ខែតុលា មនុស្សប្រហែល ១,៥២៥ នាក់បានឆ្លងកាត់ព្រំដែនរួមមានជនជាតិឥណ្ឌា ៤៨២នាក់ ជនជាតិហ្វីលីពីន ២២០នាក់ ជនជាតិចិន ១៩៣នាក់ ជនជាតិវៀតណាម ១៣៥នាក់ ជនជាតិអេត្យូពី ១៣៣នាក់ និងជនជាតិកេនយ៉ា ១០២នាក់។ ក្រៅពីនេះក៏មានជនជាតិថៃមួយចំនួនផងដែរ រត់ចូលប្រទេសខ្លួនវិញក្រោយការបង្រាបរបស់យោធាមីយ៉ាន់ម៉ា។

ដើម្បីទប់ទល់នឹងចំនួនជនបរទេសឆ្លងដែនពីមីយ៉ាន់ម៉ា កងទ័ពថៃបានរៀបចំជម្រកបណ្ដោះអាសន្ន ហើយកំពុងធ្វើការជាមួយក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីផ្តល់ជំនួយ និងកំពុងតាមដានលើស្ថានភាពនៅទូទាំងតំបន់ព្រំដែនរវាងប្រទេសទាំងពីរផងដែរ៕

ពលរដ្ឋភ័យស្លន់ស្លោ (រូបភាព៖ The Nation)
បំណែកពីការវាយប្រហារខ្ទាតចូលដីថៃ។ (រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម