Connect with us

ព័ត៌មានជាតិ

មន្រ្តីជំនាញខេត្តមណ្ឌលគិរី ចុះផ្សព្វផ្សាយអប់រំគ្រោះអគ្គិភ័យ ខណៈរដូវប្រាំងចូលមកដល់

បានផុស

នៅ

មន្រ្តីជំនាញទទួលផែនអាវុធជាតិផ្ទុះ និងអគ្គិភ័យ ក្នុងខេត្តមណ្ឌលគិរី បានចុះផ្សព្វផ្សាយអប់រំបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ដើម្បីបង្ការគ្រោះថ្នាក់ដោយសារគ្រោះអគ្គិភ័យ ខណៈរដូវប្រាំងកាន់តែខិតចូលមកដល់។ ជាធម្មតាក្នុងរដូវប្រាំងនេះ ជារដូវស្ងួត ក្តៅហួតហែង ងាយបង្កជាគ្រោះអគ្គិភ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី៣០ខែតុលានេះថា ការផ្សព្វផ្សាយនេះ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពជូនប្រជាពលរដ្ឋឱ្យចេះបង្ការគ្រោះថ្នាក់អគ្គិភ័យនារដូវប្រាំង ។ លោកបន្តថា ក្នុងនាមស្នងការនគបាលខេត្ត បានចាត់មន្រ្តីជំនាញដឹកនាំដោយលោក នួន ហាន ស្នងការរងទទួលផែនអាវុធជាតិផ្ទុះនិង អគ្គិភ័យ និងលោក មឿង សុផល នាយការិយាល័យអគ្គិភ័យ ដើម្បីសហការជាមួយរដ្ឋបាលក្រុង ស្រុក និងទាំង២១ឃុំ សង្កាត់ កម្លាំងសមត្ថកិច្ចចុះផ្សព្វផ្សាយនូវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធការបង្ការនិង ពន្លត់អគ្គិភ័យ។

បន្ថែមពីនេះ ត្រួតពិនិត្យការបំពាក់គ្រឿងឧបករណ៍សុវត្ថិភាព និងប្រព័ន្ធប្រឆាំងអគ្គិភ័យតាមមាត្រដ្ធានបច្ចេកទេស បង្ការ និងពន្លត់អគ្គិភ័យ ប្លង់ស្ថាបត្យកម្ម តាមស្ថានីយផ្សេងៗដែលងាយរងគ្រោះនៅតាមបណ្តាសាលា ក្រុង ស្រុក ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២១ដល់២៧ខែតុលាឆ្នាំ២០២៥។

ក្នុងការចុះអប់រំផ្សព្វផ្សាយការបង្ការអគ្គិភ័យនោះ មន្រ្តីជំនាញស្នងខេត្តបានចុះផ្សព្វផ្សាយណែនាំពីវិធីបង្ការនិងពន្លត់អគ្គិភ័យបឋមដល់ប្រជាពលរដ្ឋដូចជា ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ស្ថានីយហ្គាស ក្នុងផ្សារធំៗផ្សារទំនើប ឃ្លាំងស្តុកទំនិញ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ខារ៉ាអូខេ និងក្លិបកំសាន្តផ្សេងៗទូទាំងខេត្តអនុវត្តបានចំនួន ១៣៥ទីតាំង សំខាន់ៗស្មើនិងមនុស្ស ២៣១នាក់ចូលរួមផងដែរ។ ជាងនេះទៅទៀតមន្ត្រីជំនាញបានត្រួតពិនិត្យបំពង់បានចំនួន ១៨៦បំពង់ នៅមានសុពលភាពល្អដែលអាចប្រើបានទាន់ពេលវេលាតាមទីតាំងនីមួយៗ។

ក្នុងនាមស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏បានក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្ននារដូវប្រាំងឈានមកដល់ពេលខាងមុខ ព្យាយាមថែរក្សាសុខសុវត្ថិភាព ពិសេសកន្លែងដែលមានហានិភ័យ។ លោកថា៖«ត្រូវបិទបារ៉ែតភ្លើង ពន្លត់ធូប ទៀន មុនចាកចេញពីលំនៅឋាន និងត្រូវសម្អាតបរិវេណជុំវិញផ្ទះ ក្រែងបង្កដោយភ្លើងឆេះព្រៃរាលដាល កើតជាអគ្គិភ័យជាយថាហេតុ»។ ជាងនេះទៅទៀត បើសិនជាមានជួបហេតុការណ៍ឬសង្ស័យមានអគ្គិភ័យឆាបឆេះ សូមបងប្អូនប្រជាពលរដ្ឋ ទាក់ទងផ្ដល់ដំណឹងមកមន្ត្រីជំនាញមូលដ្ឋានដើម្បីឲ្យសមត្ថកិច្ចជំនាញចុះទៅពន្លត់ទាន់ពេលវេលា។

សូមជម្រាបថា ករណីអគ្គិភ័យក្នុងរយះពេល៩ខែ ឆ្នាំ២០២៥ ទូទាំងខេត្តមណ្ឌលគិរី បានកើតឡើងចំនួន១៣ លើក ឆេះផ្ទះពលរដ្ឋអស់ចំនួន១៣ខ្នង និងបានប្រើប្រាស់រថយន្តអស់ចំនួន១០គ្រឿង ក្នុងនោះពន្លត់អស់ទឹក២៨រថយន្តស្មើនិង ១១២ ម៉ែត្រគុប។ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ក៏មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន១៣ខ្នងដូចគ្នា៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម