Connect with us

ព័ត៌មានជាតិ

រដ្ឋបាលស្រុកអូររាំងដាក់ទិសដៅបន្តស្ថាបនាផ្លូវ និងថែទាំដើមឈើ ក្រោយសម្រេចសមិទ្ធផលសំខាន់ៗក្នុងឆមាសទី១

បានផុស

នៅ

រដ្ឋបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី បានដាក់ទិសដៅបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានក្នុងឆមាសទី២ ឆ្នាំ២០២៦ ដោយគ្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែប្រវែង ៧៦០ម៉ែត្រ ព្រមទាំងបន្តថែទាំដើមឈើ សួនច្បារ និងប្រព័ន្ធភ្លើងសូឡា ក្រោយសម្រេចបានសមិទ្ធផលអភិវឌ្ឍន៍សំខាន់ៗចំនួន៤ ក្នុងរយៈពេល ៦ ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សៀក មុន្នី អភិបាលស្រុកអូររាំង បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី២៣ ខែមិថុនា ថា រដ្ឋបាលស្រុកបានខិតខំអនុវត្តផែនការអភិវឌ្ឍមូលដ្ឋាន ស្របតាមគោលនយោបាយរាជរដ្ឋាភិ​បាលដោយផ្តោតលើការលើកកម្ពស់សោភណភាពហេដ្ឋារចនាសម្ព័ន្ធសាធារណៈ បរិស្ថាន និងទីកន្លែងកម្សាន្តសម្រាប់ប្រជាពលរដ្ឋ។

បើតាមលោកអភិបាលស្រុក ក្នុងឆមាសទី១ ឆ្នាំ២០២៦ រដ្ឋបាលស្រុកអូររាំងសម្រេចបានគម្រោងសំខាន់ៗចំនួន៤ រួមមាន ការជួសជុលរបងសាលាស្រុកប្រវែងសរុប ១៨០ម៉ែត្រ ការដំឡើងបង្គោលភ្លើងសូឡាចំនួន ១៧០បង្គោល ការរៀបចំសួនច្បារ និងទីធ្លាសាធារណៈទំហំជាង ៨,៥០០ម៉ែត្រការ៉េ ព្រមទាំងការដាំដើមភួងមង្គលចំនួន ៣០០ដើម និងផ្កាលម្អតាមបណ្ដោយផ្លូវជាតិលេខ៧៦ ដើម្បីបង្កើនភាពបៃតង និងលើកកម្ពស់សោភណភាពក្នុងមូលដ្ឋាន។

លោកបញ្ជាក់ទៀតថា សម្រាប់ឆមាសទី២ រដ្ឋបាលស្រុកគ្រោងស្ថាបនាផ្លូវបេតុងអាមេមួយខ្សែ ស្ថិតក្នុងភូមិពូរ៉ាង និងភូមិសែនមនោរម្យ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

បំពាក់អំពូលសូឡាបំភ្លឺផ្លូវ

ជាមួយគ្នានេះ អាជ្ញាធរស្រុកនឹងបន្តគៀងគរការចូលរួមពីប្រជាពលរដ្ឋ និងវិស័យឯកជន ក្នុងការអភិវឌ្ឍគម្រោងថ្មីៗបន្ថែមទៀត ព្រមទាំងថែរក្សាសមិទ្ធផលដែលសម្រេចបានរួច ដោយផ្តោតលើការថែទាំដើមឈើ សួនច្បារសាធារណៈ និងប្រព័ន្ធភ្លើងសូឡា ឱ្យមានប្រសិទ្ធភាព និងភាពគង់វង្ស។

ក្រៅពីនេះ លោក សៀក មុន្នី បញ្ជាក់ថា រដ្ឋបាលស្រុកក៏នឹងបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម តាមរយៈកិច្ចសហការរវាងអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ដើម្បីរក្សាបរិយាកាសសុខសាន្ត និងផ្តល់ភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម