Connect with us

ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី រៀបចំតាំងបង្ហាញសម្លព្រូងបំពង់ឬស្សីអត្តសញ្ញាណជនជាតិដើមភាគតិច នាពិធីបុណ្យអុំទូក

បានផុស

នៅ

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំតាំងបង្ហាញនូវសម្លព្រោងបំពង់ឫស្សីចំនួន១ ០០០ បំពង់ដែលជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច និងភ្លក្សដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានទៅលេងកម្សាន្តក្នុងខេត្តនេះ។ ការតាំងបង្ហាញនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៤-៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលមានទីតាំងស្ថិតនៅលើសួនច្បារដំរីដែក ក្រុងសែនមនោរម្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ ដើម្បីញ៉ាំងបរិយាកាសឱ្យសប្បាយរីករាយ ក៏ដូចជាអបអរសាទរនាឱកាសបុណ្យអុំទូក រដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានរៀបចំតុបតែងកែលម្អតាមទីធ្លាសាធារណៈ ដំឡើងភ្លើងពណ៌ចម្រុះ និងបណ្ដែតប្រទីប នៅទំនប់ទាំងពីរ គឺទំនប់មនោរម្យ និងទំនប់សែនសុខដុម។ អាជ្ញាធរ ក៏បានរៀបចំដាក់តាំងពិព័រណ៍ផលិតផលក្នុងស្រុកដែលមានស្តង់ចូលរួមចំនួន ៣០ និងកាន់តែពិសេសគឺបានដាក់តាំងបង្ហាញនៃសម្លព្រូងបំពង់ឫស្សីដែលជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចចែកជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ភ្លក្សដោយឥតគិតថ្លៃផងដែរ។

ការតាំងបង្ហាញនេះ ដើម្បីឱ្យភ្ញៀវទេសចរបានស្គាល់មុខម្ហូបរបស់ជនជាតិដើមភាគតិច និងឈ្វេងយល់នៃការចម្អិនម្ហូប និងជាផ្នែកមួយផ្សព្វផ្សាយវិស័យទេសចរបែបប្រពៃណី។

ក្រៅពីនេះ រដ្ឋបាលខេត្ដរៀបចំឱ្យមានការសម្តែងសិល្បៈល្ខោនបាសាក់ចំនួន៧យប់ ដោយគិតចាប់ពីថ្ងៃទី៤-១០ ខែវិច្ឆិកា ក្នុងនោះក៏មានការបាញ់កាំជ្រួចនៅពេលរាត្រីផងដែរ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក ដែលបានធ្វើឡើងតាមទំលៀមទំលាប់ប្រពៃណីជាខ្មែរតាំងពីដូនតាមក៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម