Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​កាត់ទោស​ប្រហារ​ជីវិត​មនុស្ស​៥នាក់ ពាក់ព័ន្ធ​នឹង​Scamនៅ​មីយ៉ាន់ម៉ា

បានផុស

នៅ

តុលាការ​ចិន​កាលពី​ថ្ងៃ​អង្គារទី​៤​វិច្ឆិកា ​បាន​កាត់ទោស​​ប្រហារជីវិតលោក Bai Suocheng ដែលជា​បងធំ​​ឧក្រិដ្ឋកម្ម​ Kokang ​ដ៏​ល្បីល្បាញ​មកពី​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា ​ពី​បទ​ដឹកនាំ​បណ្តាញ​ឧក្រិដ្ឋកម្ម​ដ៏​ធំ​មួយ​ពាក់ព័ន្ធ​នឹង​ការ​ឆបោកតាម​អនឡាញ(Scam) ល្បែងស៊ីសង និង​ការជួញដូរ​គ្រឿងញៀន​ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​ចិន​ស្លាប់៦​នាក់​។

លោក Bai Suocheng (រូបថត៖ CCTV)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការស្រុក Shenzhen ក្នុងខេត្ត Guangdong បានកាត់ទោសប្រហារជីវិតលោក Bai កូនប្រុសរបស់គាត់ Bai Yingcang និងសហការីជាន់ខ្ពស់បីនាក់។ សារព័ត៍មាន​ស៊ីនហួររាយការណ៍ថា ជនជាប់ចោទ​១៦​នាក់​ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារ Bai ក៏ត្រូវ​ជាប់ពន្ធនាគារផង​ដែរ។

ពីរ​នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​តែ​ត្រូវ​​ព្យួរ​ទោស​​រយៈពេល​​២​​ឆ្នាំ ​ខណៈ​មនុស្ស៥​នាក់​ផ្សេង​ទៀត​​ត្រូវ​បាន​កាត់​ទោស​​ឲ្យ​​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ។ ជនជាប់ចោទ៩នាក់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់២០​ឆ្នាំ រួមជាមួយនឹងការផាកពិន័យ ការរឹបអូសទ្រព្យសម្បត្តិ និងដីកានិរទេស។

យោងតាមសាលក្រម លោក Bai និងបណ្តាញរបស់គាត់បានធ្វើ​ប្រតិបត្តិការបោកប្រាស់ទូរគមនាគមន៍ និងល្បែងស៊ីសង​នៅក្នុងតំបន់ Kokang នៃប្រទេសមីយ៉ាន់ម៉ា ក្រោម​ការការពារប្រដាប់អាវុធ ដែលបណ្តាល​ឲ្យ​មានអ្នកស្លាប់ និងរបួសជាច្រើននាក់ក្នុងចំណោមជនជាតិចិន។

តុលាការ​បាន​និយាយ​ថា ក្រុម​ហ៊ុន​នេះ​បាន​សាង​សង់​​បរិវេណ​ការពារ​ខ្លួន​​ចំនួន​៤១​ទីតាំង ដើម្បីប្រតិបត្តិការ​ក្រុមScam ដោយ​ផ្តល់​​ឲ្យ​​ពួក​គេ​នូវ​សន្តិសុខ​ប្រដាប់​អាវុធ។ ឧក្រិដ្ឋកម្មរបស់ពួកគេរួមមាន ការក្លែងបន្លំតាម​ទូរគមនាគមន៍ និង​អ៊ីនធឺណិត ការ​បើក​កាស៊ីណូខុសច្បាប់ ការ​ចាប់ជំរិត ពេស្យាកម្ម ការផលិតនិងការជួញដូរគ្រឿងញៀន និង​មនុស្ស។

ស៊ីនហួរបានរាយការណ៍​បន្ថែម​ថា ប្រតិបត្តិការរបស់ក្រុមនេះពាក់ព័ន្ធនឹងការកេងចំណេញខុសច្បាប់ជាង​២៩​ពាន់លានយន់ (ស្មើ​នឹង​៤​ពាន់លានដុល្លារ) និង​ការផលិត និងការជួញដូរថ្នាំញៀនមេតំហ្វេតាមីនប្រហែល១១​តោន។

សេចក្តីសម្រេចនេះ គឺជាការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតមួយនៅក្នុងការបង្រ្កាបដ៏ធំ​របស់ប្រទេសចិនលើ​ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងដែន ដែលភ្ជាប់ទៅនឹងភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។ ទីក្រុងប៉េកាំង បានដាក់សម្ពាធដល់អាជ្ញាធរក្នុងតំបន់ Kokang របស់ប្រទេសមីយ៉ាន់ម៉ា ដែលជាជម្រក​របស់ក្រុមប្រដាប់អាវុធដ៏មានអំណាច ​ឲ្យ​ប្រគល់ជនសង្ស័យសំខាន់ៗដែលត្រូវបានចោទប្រកាន់ពីបទធ្វើបាបពលរដ្ឋចិន។

ការកាត់ក្តី​លើ​គ្រួសារ Bai បានចាប់ផ្តើមនៅក្នុង​ខែកញ្ញា បន្ទាប់ពីពួកគេត្រូវបានគេចាប់ខ្លួន និងធ្វើបត្យាប័នទៅកាន់ប្រទេសចិនកាលពីដើមឆ្នាំនេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម