ព័ត៌មានអន្ដរជាតិ
ត្រាំជំរុញប្រធានាធិបតីអ៊ីស្រាអែលឲ្យលើកលែងទោសណេតាន់យ៉ាហ៊ូ ជុំវិញសំណុំរឿងពុករលួយ
ការិយាល័យរបស់ប្រធានាធិបតីអ៊ីស្រាអែល លោក អ៊ីសាក់ ហឺហ្សូក (Isaac Herzog) បានបញ្ជាក់កាលពីថ្ងៃពុធទី១២ខែវិច្ឆិកាថា លោកបានទទួលលិខិតពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលជំរុញឲ្យលោកពិចារណាផ្តល់ការលើកលែងទោសដល់នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។

លោកណេតាន់យ៉ាហ៊ូ ដែលស្ថិតក្រោមការជំនុំជម្រះតាំងពីឆ្នាំ២០២០ជុំវិញការចោទប្រកាន់អំពើពុករលួយ បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ហើយបានអះអាងថាខ្លួនមិនមានទោសនោះទេ។
នៅក្នុងលិខិត លោកត្រាំ បានពណ៌នាអំពីសំណុំរឿងប្រឆាំងលោកណេតាន់យ៉ាហ៊ូ ថាជាករណីដែលពាក់ព័ន្ធនយោបាយ។
យោងតាមការិយាល័យរបស់លោកហឺហ្សូក លោកត្រាំ បានសរសេរថា «ខណៈដែលខ្ញុំពិតជាគោរពឯករាជ្យភាពរបស់ប្រព័ន្ធយុត្តិធម៌អ៊ីស្រាអែល ខ្ញុំជឿថាសំណុំរឿងប្រឆាំងនឹង Bibi (ឈ្មោះហៅក្រៅរបស់លោកណេតាន់យ៉ាហ៊ូ) ដែលបានតស៊ូជាមួយខ្ញុំអស់រយៈពេលជាយូរមកហើយ រួមទាំងប្រឆាំងនឹងគូប្រជែងដ៏ធំបំផុតរបស់អ៊ីស្រាអែលគឺអ៊ីរ៉ង់ផងដែរ គឺជាការចោទប្រកាន់នយោបាយដែលមិនសមហេតុផល»។
ការិយាល័យរបស់លោកហឺហ្សូក បានកត់សម្គាល់ថា រាល់សំណើសុំការលើកលែងទោសពីប្រធានាធិបតី ត្រូវតែអនុវត្តតាមនីតិវិធីផ្លូវការ។ តំណែងប្រធានាធិបតីអ៊ីស្រាអែល ទោះបីជាភាគច្រើនជាតួនាទីបែបពិធីការក្តី ប៉ុន្តែមានអំណាចក្នុងការផ្តល់ការលើកលែងទោសក្នុងករណីពិសេស។

លោកណេតាន់យ៉ាហ៊ូ ក្រោយមកបានឆ្លើយតបនៅលើបណ្ដាញសង្គម X ដោយថ្លែងអំណរគុណលោកត្រាំ ចំពោះ«ការគាំទ្រដ៏មហិមា»របស់លោក។ លោកបានសរសេរថា «ដូចរាល់ដង លោកនិយាយត្រូវ និងការពិតចាក់ចំចំណុច។ ខ្ញុំទន្ទឹងរង់ចាំបន្តភាពជាដៃគូរបស់យើងដើម្បីពង្រឹងសន្តិសុខ និងពង្រីកសន្តិភាព»។
លោកត្រាំ ធ្លាប់បានលើកឡើងពីបញ្ហានេះកាលពីខែតុលាក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់អ៊ីស្រាអែល ដោយជំរុញលោកហឺហ្សូក ក្នុងសុន្ទរកថាទៅកាន់សភាឲ្យពិចារណាលើកលែងទោសដល់នាយករដ្ឋមន្ត្រីដែលជាប់បណ្តឹងរូបនេះ។
លោកណេតាន់យ៉ាហ៊ូ ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿង៣ដាច់ដោយឡែកពីគ្នានៅឆ្នាំ២០១៩ រួមមានការចោទប្រកាន់ថាបានទទួលអំណោយមានតម្លៃប្រហែល១៨ម៉ឺនដុល្លារ ពីពាណិជ្ជករអ្នកមានដើម្បីជាថ្នូរនឹងអំណោយផលនយោបាយ។
អ្នកគាំទ្ររបស់លោក រួមទាំងលោកត្រាំ បានលើកឡើងថា ការជំនុំជម្រះនេះគឺជាការជំរុញដោយកត្តានយោបាយរបស់ក្រុមឆ្វេងនិយមនៅអ៊ីស្រាអែលដើម្បីទម្លាក់លោកណេតាន់យ៉ាហ៊ូចេញពីអំណាច។
ការជំនុំជម្រះនេះកំពុងបន្ត ហើយមិនទាន់មានសាលក្រមណាមួយត្រូវបានសម្រេចនៅឡើយទេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


