ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មលេខ ១៣ នៃប្រាសាទឥដ្ឋ លើភ្នំបាខែង ក្នុងដំណាក់កាលទី ១
ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានចំណាយពេល ៧ ខែ ដើម្បីជួសជុលពង្រឹងតួប៉មប្រាសាទឥដ្ឋលេខ ១៣ ឬ G13 នៅលើភ្នំបាខែង ឱ្យរឹងមាំឡើងវិញ ហើយបានបញ្ចប់ការជួសជុលនេះក្នុងដំណាក់កាលទី ១ នៅខែវិច្ឆិកា ឆ្នាំ ២០២៥។


អ្នកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងជួសជុលតួប៉មប្រាសាទឥដ្ឋលេខ ១៣ ដំណាក់កាលទី ១ បានចាប់ផ្ដើមតាំងពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ។ ការជួសជុលដំណាក់កាលទី ១ នេះ ក្រុមការងារបានជួសជុលតួប៉មទី ១៣ ចាប់តាំងតែពីខឿន ជើងជញ្ជាំង រហូតដល់ផ្តែរខាងលើ សរុបកម្ពស់ប្រវែង ៥ ម៉ែត្រ ដែលរងការពុកផុយ ខូចខាតដោយសារកត្តាអាយុកាល សម្ភារៈសំណង់ពុកផុយដោយសារធម្មជាតិ និងកង្វះការថែទាំយូរអង្វែង។


អ្នកស្រី ឈុន រតនា បញ្ជាក់ទៀតថា ការងារជួសជុលនេះ ក្រុមការងារបានរកឃើញថ្មភក់របស់ខឿនតួប៉មលេខ ១៣ ទិសខាងខាងលិចចំនួនប្រមាណជិត ១០០ ដុំ ហើយបានយកទៅរៀបនៅតាមទីតាំងដើមធ្វើឱ្យខឿននេះមានភាពរឹង ដើម្បីទប់លំនឹងប្រាសាទនេះឡើងវិញ ដែលអាចរក្សាបាននូវទម្រង់ដើម នៃរចនាសម្ព័ន្ធ នៃខឿននេះបានមួយផ្នែក ដោយមុនជួសជុលនៅសេសសល់ស្លាកស្នាមមានថ្មខឿនចំនួន ១១ ដុំ តែប៉ុណ្ណោះ។

ក្រោយពីជួសជុលរួចរាល់ អ្នកជំនាញសង្កេតឃើញថា តួប៉មរបស់ប្រាសាទឥដ្ឋលេខ ១៣ នៅលើខ្នងភ្នំបាខែង ដែលធ្លាប់តែទ្រុឌទ្រោម បានប្រែក្លាយទៅជាមានស្ថានភាពរឹងមាំជាថ្មីឡើងវិញ ដែលធ្វើឱ្យតួប៉មឥដ្ឋនេះ អាចឈរបង្អួតភ្នែកភ្ញៀវទេសចរដោយពុំបាច់ប្រើជន្ទល់ទ្រដូចកាលពីមុនទៀតឡើយ។ ចំពោះការជួសជុលប្រាសាទឥដ្ឋ នៅលើខ្នងភ្នំបាខែង ដំណាក់កាលទី ២ គ្រោងនឹងអនុវត្តនៅឆ្នាំក្រោយ បន្តចាប់ពីផ្តែរ រហូតដល់កំពូល នៃប្រាសាទ ហើយតួប៉មប្រាសាទទាំងមូល នឹងរឹងមាំជាបន្តបន្ទាប់៕
អត្ថបទ ៖ ជុន កុសល




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


