Connect with us

ព័ត៌មានជាតិ

ជនជាតិដើមភាគតិចមួយចំនួនក្នុងខេត្តមណ្ឌលគិរី រក្សាទំនៀមទម្លាប់ប្រមូលផលស្រូវដោយប្រើដៃបូត

បានផុស

នៅ

ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ភាគច្រើនពឹងផ្អែកប្រកបរបរវិស័យកសិកម្មលើការដាំដំណាំចម្រុះ ដំណាំឧស្សាហកម្ម ម្រេច ដំឡូង ស្រូវ ប័រ ក្នុងនោះក៏មានដំណាំរដូវរយៈខ្លី និងរយៈពេលវែងផងដែរ។ ទន្ទឹមនឹងនេះ កសិករជនជាតិដើមភាគតិចមួយចំនួនរស់នៅក្នុងខេត្តនេះ ក៏ប្រកបរបរកសិកម្មដោយដាំស្រូវ ប៉ុន្តែដល់ពេលរដូវប្រមូលម្តងៗពួកគាត់ពុំប្រើម៉ាស៊ីន ឬឧបករណ៍ទំនើបសម្រាប់ច្រូតកាត់នោះទេ ពោលប្រមូលផលដោយប្រើដៃបូតស្រូវផ្ទាល់តែម្តង។ ការប្រើប្រាស់វិធីសាស្រ្តបូតស្រូវនោះ គឺជាទំនៀមទម្លាប់តាំងពីដូនតាមក ហើយពួកគាត់ចង់រក្សាប្រៃណីនេះ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីរបៀបប្រមូលផលស្រូវពីជំនាន់មុន។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាតិដើមភាគតិចលោក ម៉ោញ ធឿន អាយុ៤៨ រស់នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង បានប្រាប់កម្ពុជាថ្មីឱ្យដឹងថា ក្រុមគ្រួសារលោកបានប្រកបមុខររបរដាំស្រូវនេះយូរឆ្នាំមកហើយនៅលើផ្ទៃដីប្រមាណមួយហិកតា។ នៅរៀងរាល់រដូវប្រមូលផលម្តងៗលោកតែងតែនាំក្រុមគ្រួសារមកបូតស្រូវច្រកដាក់បាវបានចន្លោះពី ២០ ទៅ ៣០ បាវ។ លោកនិយាយប្រាប់ថា៖«ការប្រមូលផលបូតដោយដៃបែបនេះគឺតាមប្រពៃណីរបស់ជនជាតិដើមភាគតិចតាំងពីដូនតាមកម៉្លេះ យើងមិនមានប្រើប្រាស់ម៉ាស៊ីនច្រូតកាត់បែបទំនើបនោះទេ»។

លោក ម៉ោញ ធឿន

បើតាមកសិករជនជាតិដើមភាគតិចរូបនេះ បង្ហើបប្រាប់ទៀតថា ការដាំស្រូវរបស់ក្រុមគ្រួសារគាត់ត្រូវសែនព្រេន៣ដំណាក់ ពោលសែនព្រេនដំណាក់កាលដាំដុះដំបូង ដំណាក់កាលស្រូវទុំ និងសែនព្រេនដំណាក់ប្រមូលផលស្រូវដាក់ចូលជង្រុក។ លោកបន្តថាការធ្វើបែបនេះ ដើម្បីទទួលបានទិន្នផលល្អ និងសុំសេចក្តីសុខ ជាពិសេសបង្ការជំងឺផ្សេងៗផងដែរ។

កសិកររូបនេះបញ្ជាក់ថា ការប្រមូលផលបូតដោយដៃផ្ទាល់នេះ វាហាក់ងាយស្រួលម្យ៉ាងដែរ ព្រោះបូតដោយប្រើដៃផ្ទាល់មិនចាំបាច់ត្រូវជួលម៉ាស៊ីនបោកម្ដងទៀតនោះទេ ហើយការប្រកាន់ភ្ជាប់បែបនេះ ព្រោះចង់ថែរក្សាទំនៀមទម្លាប់របស់ដូនតាកុំឱ្យបាត់បង់៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម