សេដ្ឋកិច្ច
រោងចក្រ មីនេបៀទី២ តម្លៃ ៣៨,៥ លានដុល្លារ បើកដំណើរការនៅខេត្តពោធិ៍សាត់
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៥ បានចូលរួមបើកសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងរោងចក្រទី២ថ្មីរបស់ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) សាខាខេត្តពោធិ៍សាត់។

រោងចក្រថ្មីដែលប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងនាពេលនេះ គឺជារោងចក្ររបស់ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តពោធិ៍សាត់ ជាសមិទ្ធផលដ៏សំខាន់មួយរបស់មីនេបៀ ដែលបានចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសគឺមានសង្គតិភាពទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្ម ផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។
រោងចក្រទី២របស់ក្រុមហ៊ុនមីនេបៀនេះ ត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន ៣៨,៥ លានដុល្លារ នៅលើផ្ទៃដីទំហំ ៥០ហិកតា និងអាចបង្កើតការងារបានប្រមាណ ៨០០០ កន្លែង នៅពេលប្រតិបត្តិការពេញសមត្ថភាព។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា វត្តមានរបស់រោងចក្រមីនេបៀក្នុងខេត្តពោធិ៍សាត់ នឹងទាក់ទាញវិនិយោគិនកាន់តែច្រើនបន្ថែមទៀត ដែលអាចជាក្រុមហ៊ុនផ្គត់ផ្គង់ ឬជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់មីនេបៀ ឬធ្វើប្រតិបត្តិការអាជីវកម្មក្នុងឱស្សាហកម្មពាក់ព័ន្ធ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ជាមួយនឹងធនធានថាមពលកកើតឡើងវិញដ៏សម្បូរបែបរបស់ខេត្តពោធិ៍សាត់ ក៏ដូចជាគម្រោងរបស់មីនេបៀរក្នុងការបង្កើត Solar Farm ក្នុងខេត្តនេះ គឺជាការសម្រេចចិត្តយុទ្ធសាស្រ្តមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនសម្រេចបាននូវស្តង់ដារបរិស្ថានថ្មី ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់ប្រវត្តិរូបអាជីវកម្ម ដែលមានការគិតគូរដល់បរិស្ថាន និងផ្តល់នូវតម្លៃបន្ថែមជូនអតិថិជនគោលដៅផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីសមិទ្ធផលការងារលេចធ្លោមួយចំនួនដែលសម្រេចបានក្រោមការដឹកនាំតម្រង់ទិស និងចង្អុលបង្ហាញដោយចក្ខុវិស័យមុតស្រួចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានជូចជា៖ ១.កិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាសុខសន្តិភាព និងស្ថិរភាពជាតិ, ២.ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងអំណោយផលក្នុងការវិនិយោគដោយមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការច្រកចេញចូលតែមួយ, ៣.ភាពប្រាកដប្រជា និងការបង្កើនទំនុកចិត្តវិនិយោគ តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាផ្លូវការ ជាមួយសហរដ្ឋអាម៉េរិក ដែលកម្ពុជាគឺជាប្រទេសទី១ នៅក្នុងពិភពលោក, និង៤.កំណើនចំនួនគម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងឈានទៅបំបែកកំណត់ត្រាសារជាថ្មី ក្នុងបំណាច់ឆ្នាំ២០២៥ ខាងមុខនេះ។

ឧបនាយករដ្ឋមន្ត្រី ក៏បានយកវេទិកានេះសម្តែងនូវការវាយតម្លៃខ្ពស់បំផុត និងការអរគុណយ៉ាងជ្រាលជ្រៅទៅកាន់ ក្រុមហ៊ុន មីនេបៀ ដោយបានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនក្នុងការចាប់ផ្ដើមវិនិយោគនៅក្នុងប្រទេសកម្ពុជាកាលពីជាងមួយទសវត្សរ៍មុន និងការបន្តពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ គឺជាសក្ខីកម្មមួយដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។
មិនតែប៉ុណ្ណោះ ឧបនាយករដ្ឋមន្ត្រីបានលើកសរសើរពីតួនាទីស្នូលរបស់ មីនេបៀ ក្នុងការផ្តល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋ និងជាពិសេសគឺការចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកម្ពស់ការបណ្តុះបណ្តាលមូលធនមនុស្ស ក្នុងជំនាញវិជ្ជាជីវៈពាក់ព័ន្ធ ដែលជាកត្តាដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងគុណភាព។
ក្រុមហ៊ុន មីនេបៀ នឹងពាំនាំបទពិសោធន៍ជោគជ័យ និងវិជ្ជមាន ដែលជាគុណសម្បត្តិនៃការបោះទុនវិនិយោគនៅកម្ពុជា ទៅផ្សព្វផ្សាយបន្តក្នុងបណ្តាញធុរកិច្ចរបស់ខ្លួន ជាការទាក់ទាញក្រុមហ៊ុនជប៉ុនផ្សេងទៀត ឱ្យពិចារណាដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


