Connect with us

ព័ត៌មានជាតិ

ក្រុងកំពង់ចាម​នឹង​​លែង​លិច​លង់​​ ក្រោយ​ប្រព័ន្ធលូ​ស្ថាបនាបញ្ចប់ទាំង​ស្រុង​នៅ​ពេល​ខាងមុខ

បានផុស

នៅ

ដំណើរការ​សាងសង់​ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្នុង​ក្រុងកំពង់ចាម ​​​​គ្រោង​បញ្ចប់នៅ​ពាក់កណ្តាល​ឆ្នាំ ២០២៦ ខណៈវឌ្ឍនភាពមក​ដល់ពេលនេះ​សម្រេចបានប្រមាណជាង ៨០,០៧​%​​ នៃ​គម្រោង។ នេះបើតាមការឲ្យដឹងពីលោក ជុំ លីនដា ប្រធាន​វិស្វករនៃក្រុមហ៊ុនប៉ៃជីងអឺប៊េនខន់ស្ត្រាក់សិនគ្រុប​ខូអិល​ធីឌី (BUCG)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ជុំ លីនដា ប្រធាន​វិស្វករនៃក្រុមហ៊ុនប៉ៃជីងអឺប៊េនខន់ស្ត្រាក់សិនគ្រុប​ បាន​​បង្ហាញ​ពី​លទ្ធផល​ការងារ​ដែលបានអនុវត្តរួចរាល់ និងកំពុងបន្តរួមមាន៖

-ការងារប្រព័ន្ធរំដោះទឹកភ្លៀងក្នុងក្រុងបានបញ្ចប់ ១០០%
-ការងារស្ថានីយបូមរំដោះទឹកភ្លៀងទឹកជំនន់ក្នុងក្រុងបានបញ្ចប់ ១០០%
-ការងារសាងសង់ស្ថានីយបូមបឋមទី១ ទី២ និងស្ថានីយមេគឺបានបញ្ចប់ ១០០%
-ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទាំងមូលបានបញ្ចប់ ២០%
-ការងារដំឡើងបំពង់ទុយោទឹកស្អុយទាំងបីប្រភេទបានបញ្ចប់ចំនួន ៦២ គីឡូម៉ែត្រ
-ការងារជួសជុលផ្លូវកៅស៊ូ AC បានចំនួនចំនួន ២៧ គីឡូម៉ែត្រ

បើតាម​ប្រធាន​វិស្វករនៃក្រុមហ៊ុនប៉ៃជីងអឺប៊េនខន់ស្ត្រាក់សិនគ្រុប គម្រោងការងារ​ទាំងមូលគ្រោងនឹងបញ្ចប់ទាំងស្រុងតាមកុងត្រានៃកិច្ចសន្យានៅថ្ងៃទី ៣១ ខែ​ឧសភា ឆ្នាំ​២០២៦ ខាងមុខ។

ខណៈ​ដឹកនាំមន្ទីរសាធារ​ណការ និងដឹកជញ្ជូន និងមន្ត្រីពាក់ព័ន្ធចុះពិនិត្យដំណើរការសាងសង់​កាលពីម្សិលមិញនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម​រំពឹង​ទុកថា នៅពេលគម្រោងបញ្ចប់ជាស្ថាពរ ក្រុងកំពង់ចាមនឹងមិនមានការលិច​លង់ដោយសារកត្តាទឹកភ្លៀងទៀត​នោះទេ។ ជាមួយគ្នានេះ ទឹកកខ្វក់នៅក្នុងក្រុងកំពង់ចាមទាំងមូលក៏​នឹង​ត្រូវបានគ្រប់គ្រង ដោយមិនឲ្យហូរពាស​វាល​ពាស​កាល​ចូលទៅ​ក្នុងទន្លេទៀតដែរ ពោលគឺត្រូវហូរចូលទៅក្នុងអាងប្រព្រឹត្តកម្មជាមុនសិន មុននឹងបង្ហូរទៅកាន់ប្រភពទឹក​ធម្មជាតិ។

គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម ជាគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ទន្លេមគង្គជំហានទី៤ អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចីហិរញ្ញប្បទានសម្បទានរបស់ធនាគារអភិវឌ្ឍអាស៊ី ADB ដែល​អនុវត្ត​ដោយក្រុមហ៊ុន ប៉េកាំង អឺបឺន ខនស្ត្រាក់សិនគ្រុប ខូអិលធីឌី Beijing Urban Constructions Group ដែលមានទំហំទឹកប្រាក់ក្នុងកិច្ចសន្យាប្រមាណជាង ២២លានដុល្លារអាមេរិក។

ផ្អែកតាមកិច្ចសន្យា គម្រោងនេះអនុវត្តការសាងសង់រយៈពេល ៣៦ ខែ ឬបីឆ្នាំ ដោយចាប់អនុវត្តពីខែធ្នូ ឆ្នាំ២០២២ រហូតដល់បំណាច់ខែឧសភា ២០២៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម