Connect with us

ព័ត៌មានជាតិ

តាម​ស្ថានីយ​​ជញ្ចីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស នឹង​បំពាក់​ប្រព័ន្ធ​​បច្ចេកវិទ្យា AI គ្រប់គ្រង​ការ​ដឹកជញ្ជូន​លើស​​ទម្ងន់

បានផុស

នៅ

ដើម្បី​ថែរក្សានិង​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ទូទាំងប្រទេស ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន បានកំពុង​ជំរុញ​​ការ​​ប្រើប្រាស់​បច្ចេកវិទ្យា​​ទំនើប​​​ ដើម្បី​ពង្រឹង​​គ្រប់គ្រង​​ការដឹកជញ្ជូន​លើសទម្ងន់។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កំណាត់​ផ្លូវ​ជាតិ​លេខ ៧ ពី​ប្រជុំជន​ស្គន់​ទៅ​ក្រុង​កំពង់ចាម លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តី​​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា ក្នុង​គោលដៅទប់ស្កាត់ការដឹកជញ្ជូន​លើស​ទម្ងន់​ដែលនាំ​ឲ្យ​ខូចខាតផ្លូវថ្នល់ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុង​រៀបចំ​បង្កើតប្រព័ន្ធ​គ្រប់គ្រង​ការ​ដឹកជញ្ជូន​លើស​ទម្ងន់​ឆ្លាត​វៃ និង​ស្វ័យប្រវត្តិកម្ម តាម​រយៈ​ការបំពាក់​ប្រព័ន្ធអ៊ីនធឺណិត កាមេរ៉ា CCTV និង​កាមេរ៉ា AI ដើម្បីថែរក្សា និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីនេះ លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា ក្រសួង​ក៏​នឹង​លើក​កម្រិត​ប្រព័ន្ធ​ជញ្ជីង​បច្ចុប្បន្ន​ឱ្យ​ទៅជា​ប្រព័ន្ធ​ជញ្ជីង​​ស្វ័យប្រវត្ត​ដែល​ថ្លឹង​រថយន្ត​ក្នុង​ល្បឿន​យឺត ដើម្បី​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ឲ្យ​កាន់​តែ​មានប្រសិទ្ធភាពថែ​មទៀត។

​នៅក្នុងឱកាស​ដឹកនាំ​មន្រ្តី​បច្ចេកទេស​​ចុះ​ពិនិត្យសកម្មភាពត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅស្ថានីយថ្លឹង​រថយន្ត​ព្រៃព្នៅ ស្ថិត​នៅទីតាំងចំណុចផ្លូវលេខ ៣៨៤ ភូមិភ្លយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែងកាលពីពេលថ្មីៗនេះ លោក​ ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​​ប្រកាស​ដាក់ចេញនូវវិធានការ​​ជា​បន្ទាន់ ក្រោយ​រកឃើញជាក់ស្តែងនូវរថយន្តដឹកទំនិញ​លើសទម្ងន់កម្រិតកំណត់រហូតដល់ទៅ ៨៣ តោន។

ជាមួយ​ការ​ប្រកាស​ដាក់ចេញ​ចំណាត់​ការ​ឆ្លើយតបភ្លាមៗ លោករដ្ឋមន្រ្តី​​បាន​បញ្ជា​ឲ្យ​រៀបចំដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព CCTV នៅគ្រប់ស្ថានីយជញ្ជីងអចល័តទាំងអស់ទាំង ៤៣ ទូទាំងប្រទេស ដែល​ប្រព័ន្ធនេះនឹងតភ្ជាប់មកប្រព័ន្ធការិយាល័យ​កណ្តាលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និង​តភ្ជាប់ដោយផ្ទាល់មកកាន់ទូរសព្ទដៃរបស់ថ្នាក់ដឹកនាំ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យបន្ថែម។

លោកបានព្រមានពីការ​អនុវត្ត​អភិក្រមវះកាត់លើមន្ត្រីពាក់ព័ន្ធ ប្រសិន​បើ​រក​ឃើញមានមន្ត្រីណាម្នាក់ជាប់ពាក់ព័ន្ធ ឬចូលរួម​សកម្មភាពអនុញ្ញាតឱ្យមានការដឹកជញ្ជូនលើសទម្ងន់ ដោយយកអភិក្រមវះកាត់មកអនុវត្តតែម្តងដោយគ្មានការលើកលែងឡើយ។

ពាក់ព័ន្ធ​គម្រោង​គម្រោងស្តារ និង​លើកកម្រិតគុណភាព​ផ្លូវជាតិលេខ ៧ ពី​ប្រជុំជន​ស្គន់​ដល់​ក្រុង​កំពង់ចាម រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បញ្ជាក់​ថា កាលពីមុន​កំណាត់​ផ្លូវជាតិ​លេខ ៧ ពី​ប្រជុំជន​ស្គន់​ដល់​ក្រុង​កំពង់ចាម ធ្លាប់​ត្រូវ​បាន​ស្តារ និង​ស្ថាបនា​ឡើងវិញ​ម្តង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ ១៩៩៩ ជាប្រភេទ​បេតុងកៅស៊ូ ដែល​មានទទឹង ៧ ម៉ែត្រ និង ៩ ម៉ែត្រ។

កាលនោះ កំណាត់​ផ្លូវនេះ​រួមជា​មួយស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានគីហ្សូណា) ត្រូវ​បាន​សាងសង់​ឡើង​ក្រោម​ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

លោក​រដ្ឋមន្រ្តី​បាន​លើក​ឡើង​ពី​មូលហេតុ ក្នុង​ជំរុញពង្រីកនិង​លើកកម្ពស់​គុណភាពផ្លូវនេះ​ឡើង​វិញ​ឱ្យ​បាន​ធំទូលាយ និង​ល្អប្រសើរជាងមុន ដោយ​ផ្អែក​លើការសិក្សា​អំពីកំណើន​ដឹកជញ្ជូន ទំហំ​ចរាចរណ៍​ដែលកើន​ឡើងយ៉ាងខ្លាំង ក៏ដូចជា​បញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍​ដែលកើត​ឡើង​ជា​ញឹកញាប់។

គម្រោងសាងសង់កំណាត់ផ្លូវជាតិ​លេខ ៧ ពី​ប្រជុំជន​ស្គន់​ទៅ​ក្រុង​កំពង់ចាម​ ត្រូវ​បាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ជាផ្លូវការកាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ ក្រោម​អធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

ផ្លូវនេះ​មាន​ប្រវែង​សរុប ៤៥,៤៨៩ គីឡូម៉ែត្រ ស្ថាបនា​ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩ សង់ទីម៉ែត្រ បែងចែក​ចរាចរណ៍ មាន ៤ គន្លង (២ គន្លង​ទៅ និង ២ គន្លងមក) ដោយ​គន្លង​នីមួយៗ​មាន​ប្រវែង ៣,៧៥ ម៉ែត្រ និង​មាន​សួន​ពុះ​ចែក​ទ្រូង​ផ្លូវ​ប្រវែង ១,៥ ម៉ែត្រ។

នៅ​លើ​កំណាត់​ផ្លូវ​នេះ​ក៏​មាន​ការ​សាង​សង់​ស្ពាន​សរុប ៨ កន្លែង រួមបញ្ចូល​ទាំង​ការ​សាង​សង់​ស្ពាន​ថ្មី​ចំនួន ១ កន្លែង ប្រវែង ៤០ ម៉ែត្រ និង​ទទឹង ២៤ ម៉ែត្រ និង​ស្ពាន​ថ្មី​ចំនួន ៦ កន្លែង​ផ្សេងទៀត​មាន​ប្រវែង​សរុប ១០៦ ម៉ែត្រ។

នៅ​លើ​គម្រោង​ផ្លូវ​នេះ​ ក៏​មាន​សាងសង់​ស្ថានីយ​ថ្លឹង​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កំណត់​ចំនួន ២ កន្លែង​។ ថែម​ទាំង​បំពាក់​ភ្លើង​សញ្ញា​ចរាចរណ៍​ចំនួន ៤ កន្លែង និង​បង្គោល​បញ្ចេញ​សំឡេង​សម្រាប់​ជន​ពិការ​ឆ្លងកាត់​ចំនួន ៨ បង្គោល។

ការ​ស្ថាបនា​ផ្លូវ​នេះ​បាន​ប្រើប្រាស់រយៈពេល​សាងសង់​ចំនួន ២៧ ខែ លឿនជាង​ផែនការ​គ្រោង​ទុក​ចំនួន ១៥ ខែ ដែល​ចំណាយ​សរុប​ប្រមាណ​ជាង ១១៧ លានដុល្លារ​អាមេរិក​ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​​ចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់​ដោះស្រាយ​ផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

ផ្លូវជាតិលេខ ៧ នេះ ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់​ដែលតភ្ជាប់ជាមួយ​បណ្តាញផ្លូវជាច្រើន​ឆ្ពោះ​ទៅកាន់​រាជធានី និងខេត្ត។ ចំណុច​ចាប់ផ្តើម​ផ្លូវនេះ​តភ្ជាប់​ជាមួយ​ផ្លូវជាតិលេខ ៦ ពី​រង្វង់​មូល​ស្គន់​ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ធំ និង​ខេត្ត​សៀមរាប និង​តភ្ជាប់​ត្រង់​ចំណុច​បំបែក​ស្រុក​ព្រៃឈរ​ជាមួយ​ផ្លូវជាតិ​លេខ ៦០ ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ ៦ និង​ផ្លូវជាតិ​លេខ ៧០ ឆ្ពោះ​ទៅកាន់​ស្រុក​កង​មាស។

លើសពី​នេះ វាតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧១ ត្រង់​ចំណុច​បំបែក​ត្រើង​ទៅ​កាន់​ស្រុក​ចម្ការ​លើ។ វា​ក៏​ត​ភ្ជាប់​ជាមួយ​ផ្លូវ​ខេត្ត​លេខ ២២២ ឆ្ពោះ​ទៅ​ស្រុក​ស្ទឹងត្រង់ និង​ផ្លូវ​ខេត្ត​លេខ ២២៣ ឆ្ពោះ​ទៅ​ស្រុក​កងមាស និង​ខេត្តភូមិភាគឥសាន។

ការ​តភ្ជាប់ក្នុង​ក្របខណ្ឌ​អាស៊ាន ផ្លូវនេះ​ជាផ្នែកមួយ​នៃផ្លូវហាយវេអាស៊ាន​លេខ ១១ (ASEAN Highway 11) ដែល​តភ្ជាប់ជាមួយបណ្តាញផ្លូវសំខាន់ៗ​ឆ្ពោះទៅកាន់​ព្រំដែនកម្ពុជា និង​បណ្តាញ​ផ្លូវ​ខេត្ត​នៃបណ្តា​ប្រទេសក្នុងមហា​អនុតំបន់មេគង្គ។

ផ្លូវនេះដើរ​តួនាទីយ៉ាង​សំខាន់​ក្នុងការសម្រួល​ដល់ការធ្វើដំណើរ និង​ការដឹក​ជញ្ជូនកសិផល កសិ-ឧស្សាហកម្ម​នានា ដូចជា កៅស៊ូ ស្រូវ ដំឡូងមី ស្វាយចន្ទី ពោត ចេក អំពៅ ថ្នាំជក់ ធុរេន បន្លែ ផ្លែឈើ និង​ត្រីសាច់។ វា​ក៏ជួយលើក​កម្ពស់វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កំពង់ចាម​ដែល​មាន​ប្រាសាទ​បុរាណ និង​រមណីយដ្ឋាន​ធម្មជាតិ និ​ងវប្បធម៌​ប្រវត្តិសាស្ត្រផងដែរ។

ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច បើ​តាម​ការ​សិក្សាវាយតម្លៃ​បាន​បញ្ជាក់​ថា ផ្លូវនេះ​នឹង​ផ្ដល់​អត្រា​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​រហូត​ដល់ ១៥,២៧% ដែល​បង្ហាញ​ពី​ការរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ទៅ​ថ្ងៃអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម