Connect with us

ព័ត៌មានជាតិ

កម្ពុជាលើកពីតម្រូវការជំនួយបច្ចេកទេសពីយូណេស្កូ សម្រាប់កិច្ចការពារប្រាសាទព្រះវិហារ ដែលរងការបំផ្លាញដោយថៃ

បានផុស

នៅ

នៅទីស្តីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានទទួលជួបពិភាក្សាការងារជាមួយលោក Flavio Bonetti តំណាងអង្គការយូណេស្កូថ្មីប្រចាំកម្ពុជា។ ក្នុងជំនួបនោះ លោក ប្រាក់ សុខុន បានលើកពីតម្រូវការដ៏ចាំបាច់ទៅលើជំនួយបច្ចេកទេសពីអង្គការយូណេស្កូ សម្រាប់កិច្ចការពារ និងថែទាំសំណង់ប្រាសាទព្រះវិហាររបស់កម្ពុជា ដែលត្រូវបានរងការបំផ្លាញដោយយោធាថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា ជំនួយបច្ចេកទេសរបស់អង្គការយូណេស្កូពិតជាមានសារៈសំខាន់ក្នុងការការពារប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងដែលបានទទួលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ នាពេលថ្មីៗនេះ។ លោក បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ក្នុងការបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយអង្គការយូណេស្កូ។

ជុំវិញបញ្ហាជម្លោះដែលបានកើតឡើង លោករដ្ឋមន្ត្រីការបរទេស បានលើកឡើងពីជំហររបស់កម្ពុជា ដែលតែងតម្កល់តម្លៃសន្តិភាពជាចំណុចដ៏សំខាន់បំផុតរបស់ខ្លួន ដោយលោកប្រាប់តំណាងយូណេស្កូ ថា គ្មានប្រទេសណាមួយស្គាល់ច្បាស់អំពីតម្លៃនៃសន្តិភាពជាងប្រទេសកម្ពុជានោះទេ ដោយសារកម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍អស់ជាច្រើនឆ្នាំ។

ចំពោះវត្តមានលោក Flavio Bonetti ដែលត្រូវបានតែងតាំងជាតំណាងរបស់អង្គការយូណេស្កូប្រចាំនៅកម្ពុជា ពេលនេះ លោក ប្រាក់ សុខុន បានសម្ដែងការអបអរសាទរ និងកត់សម្គាល់ថានេះឆ្លុះបញ្ចាំងពីតម្លៃដែលកម្ពុជាផ្តល់លើភាពជាដៃគូយូរអង្វែងជាមួយអង្គការយូណេស្កូ។ លោកបានអរគុណដល់អង្គការយូណេស្កូចំពោះកិច្ចខិតខំប្រឹងប្រែង និងការបន្តគាំទ្រកម្ពុជា ពិសេសការជំរុញអាទិភាពអភិវឌ្ឍន៍របស់កម្ពុជាលើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ នវានុវត្តន៍ បរិស្ថាន និងការអភិរក្សសម្បត្តិបេតិកភណ្ឌ។

ឆ្លើយទៅកាន់ប្រមុខការទូតកម្ពុជា លោក Flavio Bonetti បានលើកឡើងពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់លោក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបន្តខិតខំប្រឹងប្រែងចូលរួមក្នុងកិច្ចអភិរក្សបេតិកភណ្ឌ និងវិស័យពាក់ព័ន្ធនានា ដូចជាវិស័យអប់រំ បរិស្ថាន វិទ្យាសាស្ត្រ នវានុវត្តន៍ ព្រមទាំងការលើកកម្ពស់ សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម