Connect with us

ព័ត៌មានជាតិ

គម្រោង​អភិវឌ្ឍ​ធំៗ​ចំនួន ៥ បញ្ចប់​ឆ្នាំ​២០២៦ នឹង​​ផ្លាស់ប្តូរ​មុខមាត់​ក្រុង​កំពង់ចាម​កាន់​តែ​រីកចម្រើន

បានផុស

នៅ

ក្រុង​កំពង់ចាម​នឹង​ផ្លាស់ប្តូរ​មុខមាត់ថ្មី​កាន់តែស្រស់បំព្រងនិង​កាន់តែអភិវឌ្ឍថែមទៀត​ ក្រោយគម្រោង​អភិវឌ្ឍ​ធំៗ​ចំនួន ៥ បញ្ចប់​​ក្នុង​ឆ្នាំ ២០២៦។

គម្រោង​សាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម

គម្រោងសាងសង់ប្រព័ន្ធលូនិងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម ជាគម្រោង​អភិវឌ្ឍន៍​ក្រុងរបៀង​មហាអនុតំបន់ទន្លេមេគង្គជំហានទី៤ ក្រោមកម្ចីហិរញ្ញប្បទានសម្បទានរបស់ធនាគារអភិវឌ្ឍអាស៊ី ADB ដែលមានទំហំទឹកប្រាក់ប្រមាណ​​ជាង ២២ លានដុល្លារអាមេរិក។

ដំណើរការ​សាងសង់​ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្នុង​ក្រុងកំពង់ចាម ​​​​គ្រោង​បញ្ចប់នៅ​ពាក់​កណ្តាល​ឆ្នាំ ២០២៦ ខណៈវឌ្ឍនភាពមក​ដល់ពេលនេះ​សម្រេច​បាន​ប្រមាណ​ជាង ៨០,០៧​%​​ នៃ​គម្រោង។ នេះបើតាមការឲ្យដឹងពីលោក ជុំ លីនដា ប្រធាន​វិស្វករនៃក្រុមហ៊ុនប៉ៃជីងអឺប៊េនខន់​ស្ត្រាក់សិនគ្រុប​ខូអិល​ធីឌី (BUCG)។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម​រំពឹង​ទុក​ថា នៅពេលគម្រោងបញ្ចប់ជាស្ថាពរ ក្រុង​កំពង់ចាម​នឹងមិនមាន​ការលិច​លង់ ដោយសារកត្តាទឹកភ្លៀងទៀត​នោះទេ។ ជាមួយគ្នានេះ ទឹក​កខ្វក់​នៅក្នុងក្រុងកំពង់ចាមទាំងមូលក៏​នឹង​ត្រូវបានគ្រប់គ្រង​ដោយមិនឲ្យ​ហូរ​ពាស​វាល​ពាស​កាល​ចូល​ទៅ​ក្នុង​ទន្លេ​ទៀតដែរ ពោលគឺត្រូវហូរចូលទៅក្នុងអាងប្រព្រឹត្តកម្មជាមុនសិន មុននឹង​បង្ហូរទៅ​កាន់ប្រភព​ទឹក​ធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​តាម​ផ្លូវជាតិ​​គ្រោង​ឲ្យ​រួច​រាល់​នៅ​ឆ្នាំ ២០២៦

អាជ្ញាធរ​ខេត្ត​កំពង់ចាមកំពុង​អនុវត្ត​ការងារ​​ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​តាម​ផ្លូវ​ជាតិ​លេខ ៦ និង​លេខ ៧ ហើយ​តាម​ផែនការ​​នឹង​ជំរុញ​ឲ្យ​រួចរាល់​នៅ​ឆ្នាំ ២០២៦។

លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាមនិង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​កំពង់ចាម​បាន​ប្រាប់​កម្ពុជា​ថ្មី​​ថា ការងារ​​បាន​ចាប់ផ្ដើម​អនុវត្ត​បណ្តើរៗ​ចាប់​ពី​ស្រុក​បាធាយ​ព្រំ​ប្រទល់​ខេត្ត​កណ្ដាល​ដល់​រង្វង់​មូល​ស្គន់​តាម​ផ្លូវ​ជាតិ​លេខ ៦ និង​ពី​រង្វង់​មូល​ស្គន់​ដល់​ស្រុក​តាំង​គោក​ព្រំ​ប្រទល់​ខេត្ត​កំពង់ធំ។

«តាម​ផែនការ​របស់​ថ្នាក់​ដឹកនាំ​ខេត្ត​នឹង​ជំរុញ​ឲ្យ​ចប់​រួចរាល់​ក្នុង​ឆ្នាំ ២០២៦»។ នេះបើតាមលោក ស្រី សុភ័ក្រ្ត។

ពាក់ព័ន្ធ​ប្រភព​ថវិកា​សម្រាប់​ការ​អនុវត្ត​ការងារ​នេះ លោក​ ស្រី សុភ័ក្រ្ត បាន​បញ្ជាក់ថា ​មួយ​ផ្នែក​គឺ​បាន​មក​ពី​កញ្ចប់​ថវិកា​រដ្ឋ និង​ក៏​មាន​ការចូលរួម​​ចំណែក​​ពី​សប្បុរសជន​មួយ​ចំនួន​ផង​ដែរ​។

ក្រៅពី​រៀបចំដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​តាមបណ្តា​​ផ្លូវ​ជាតិ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានណែនាំដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ក្រុមហ៊ុនអគ្គិសនីឲ្យបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ជួសជុលបង្គោលនិងអំពូលភ្លើងចាស់​ៗ​​ឡើងវិញស្ថិតក្នុង​ក្រុងកំពង់ចាម ដើម្បីឲ្យកាន់​តែមានភាពស្រស់បំព្រងទ្វេរឡើង និងជួយលើកសម្រស់ក្រុងកំពង់ចាមឲ្យកាន់តែទាក់ទាញភ្ងៀវទេសចរជាតិ និងអន្តរជាតិចូលមកលេងកម្សាន្ត។

អគាររដ្ឋបាលសាលាខេត្តកំពង់ចាមថ្មីនឹងស្ថាបនា​រួចរាល់នៅមុនចូលឆ្នាំខ្មែរ

វឌ្ឍនភាពការងារសាងសង់​អគាររដ្ឋបាល​សាលាខេត្តកំពង់ចាមថ្មីសម្រេចបានប្រមាណ ៨០% រំពឹង​ថា នឹង​កសាង​រួចរាល់​១០០% នៅមុនចូលឆ្នាំខ្មែរឆ្នាំ ​២០២៦។

អគារ​រដ្ឋបាលសាលាខេត្តកំពង់ចាមថ្មីសាងសង់ឡើង​អំពី​បេតុង​អាមេ​មានទំហំបណ្តាយជាង​ ៥៣ ម៉ែត្រ និង​ទទឹង ២៤ ម៉ែត្រ កម្ពស់ ៣ ជាន់​ ស្ថិត​នៅក្នុង​ក្នុង​បរិវេណ​សាលា​ខេត្ត ក្នុង​ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

ផ្លូវជាតិលេខ ៧ ពី​ស្គន់ទៅ​ក្រុង​កំពង់ចាម នឹង​ស្ថាបនា​បញ្ចប់​មុន​ចូលឆ្នាំខ្មែរ

ប្រភព​ពី​មន្រ្តី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា ផ្លូវជាតិលេខ៧ ពីទីប្រជុំជន់​ស្គន់​ដល់​ស្ពាន​គីហ្សូណា​ក្រុង​កំពង់ចាម​ នឹង​រួចរាល់មុន​ផែនការ​អាច​សាងសង់​បញ្ចប់​នៅ​មុន​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។

លោក ផន រឹម មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បញ្ជាក់​ថា ផ្លូវ​ជាតិ​លេខ ៧ ដែល​កំពុង​​ស្ថាបនា​ពង្រីក​ពី ២ គន្លង​ទៅ ៤ គន្លង​ វឌ្ឍនភាពពេលនេះ​សម្រេច​បាន​ប្រមាណ ៨០% ហើយ​នឹងរួចរាល់មុន​ពិធី​ចូលឆ្នាំខ្មែរខាងមុខ។

ក្រោយ​បញ្ចប់​ការ​ស្ថាបនា​ ផ្លូវ​ជាតិលេខ ៧ ដែលត្រូវ​បានស្ថាបនា​ពង្រី​កទទឹង​​ផ្លូវ​ដល់ទៅ ២៤ ម៉ែត្រ នឹង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់ពលរដ្ឋ​​លែង​លំបាកកកស្ទះ និងនាំលំហូរ​​ការ​ធ្វើ​ចរាចរណ៍​កាន់តែ​ឆាប់រហ័ស​ជាង​មុន​។

កំពង់ផែទេសចរណ៍​ក្រុង​កំពង់ចាម បើកការដ្ឋាន​សាងសង់​ គ្រោង​បញ្ចប់​រយៈពេល ២៤ ខែ

កំពង់ផែទេសចរណ៍​ក្រុង​កំពង់ចាម ​បានចាប់ផ្តើមបើកការដ្ឋាន​សាងសង់​ គ្រោង​​បញ្ចប់​​ដំណាក់កាលទី ១ ក្នុង​​រយៈពេល ២៤ ខែ។

​កំពង់ផែទេសចរណ៍ដែកបណ្តែតទឹកក្រុងកំពង់ចាម​ នឹងដើរតួនាទីសម្រាប់តភ្ជាប់ការដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​នៅក្នុង​ស្រុក តាម​តំបន់ទន្លេមេគង្គលើ​រហូតទៅខេត្តក្រចេះជាដើម និងការដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែលធ្វើដំណើរតាមទន្លេមេគង្គពីប្រទេស​វៀតណាមទៅមក​រាជធានីភ្នំពេញ និង​បន្ត​មកលេងកម្សាន្តនៅខេត្តកំពង់ចាមនិងខេត្តក្រចេះ ក៏ដូចជាតំបន់​ជុំវិញដែលមានសក្តានុពល និង​តភ្ជាប់ការដឹកជញ្ជូនតាមព្រែកជីកហ្វូណនតេជោ។ នេះបើតាមរដ្ឋមន្រ្តីក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​។

លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​បាន​បញ្ជាក់​ថា ការសាងសង់​កំពង់ផែ​ទេសចរណ៍​ក្រុង​កំពង់ចាម បង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹង​ប្រែងរបស់រាជរដ្ឋាភិបាលក្នុង​ការ​ជំរុញរៀបចំឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដល់ការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។

កំពង់ផែទេសចរណ៍ក្រុង​កំពង់ចាមមានទីតាំងស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ស្ថិតនៅទីតាំងទីលាន​ចំណតកំពង់ចម្លងចាស់។

ផ្អែក​តាម​ផែនការ​នៃ​ការអនុវត្តគម្រោង ការសាងសង់សំណង់កំពង់ផែសម្រាប់ដំណាក់កាលទី ១ នឹង​ប្រើប្រាស់​រយៈពេល ២៤ ខែ។ ជាមួយគ្នានេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដំណាក់កាលទី២ ដែល​រួម​មាន​អគាររដ្ឋបាល និង​កន្លែងរង់ចាំ​សម្រាប់​ភ្ញៀវទេសចរក៏​នឹងចាប់ផ្តើមនៅឆ្នាំ២០២៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម