Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋ​ជាសមាជិករបស់ UN ជាង៨០ ថ្កោល​ទោស​​អ៊ីស្រាអែល ពង្រីក​ការ​​គ្រប់គ្រង​​លើតំបន់​ West Bank

បានផុស

នៅ

រដ្ឋ​ជាសមាជិករបស់​​អង្គការសហប្រជាជាតិជាង ៨០ បាន​ថ្កោល​ទោស​ផែនការ​អ៊ីស្រាអែល ដែល​​ពង្រីក​ការ​គ្រប់គ្រង​លើ​តំបន់​ West Bank ដើម្បី​កាន់​កាប់ និង​ទាមទារ​យក​ទឹកដីប៉ាឡេស្ទីន​ធ្វើ​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋរបស់ខ្លួន។ នេះបើយោងតាម​ការចុះផ្សាយរបស់ Al Jazeera នៅ​ថ្ងៃទី១៨ ខែកុម្ភៈ ។

លោក Antonio Guterres. Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Riyad Mansour ឯក​អគ្គ​រដ្ឋទូត​ប៉ាឡេស្ទីនប្រចាំ​អង្គការសហ​ប្រជា​ជាតិបាន​លើក​ឡើង​កាលពីថ្ងៃអង្គារថា៖ « យើងថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះការសម្រេចចិត្ត និងវិធានការឯកតោភាគី​របស់អ៊ីស្រាអែល​ ដែល​មានគោលបំណងពង្រីក​​ខ្លួន​ខុស​ច្បាប់ក្នុង​តំបន់​ West Bank»។ ដោយ​​លោក​ថ្លែងទៅ​កាន់​សម្ព័ន្ធមិត្ត​​នៃ​រដ្ឋជា​សមាជិក​ចំនួន ៨៥ និង​មាន​​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ផង​ដែរ​។

លោក Mansour បានបន្ត​ថា៖ « ការសម្រេចចិត្តបែប​នេះ​គឺផ្ទុយនឹង​កាតព្វ​កិច្ច​របស់អ៊ីស្រាអែល​ក្រោមច្បាប់អន្តរជាតិ ហើយ​ត្រូវ​តែ​បញ្ឈប់​សកម្ម​ភាព​​នេះ​ភ្លាមៗ។ យើងប្រឆាំង​ដាច់​ខាត គ្រប់​​ទម្រង់​ណាមួយ​នៃ​ការ​គ្រប់​គ្រង​ទឹក​ដី​នេះ»។

លោកបន្ថែម​ថា៖ «យើងសូមបញ្ជាក់ជាថ្មីនូវ​ការបដិសេធ​របស់​យើង​ចំពោះវិធានការទាំងអស់​ ដែល​មានគោលបំណងផ្លាស់​ប្តូរសមាស​ភាព​ប្រជា​សាស្ត្រ លក្ខណៈ​ និងទ្រង់​ទ្រាយ​នៃ​ទឹកដីប៉ាឡេស្ទីន​តាំង​ពី​ឆ្នាំ ​១៩៦៧ រួម​ទាំង​តំបន់​យេរូសាឡឹម(East Jerusalem)​ខាងកើតផងដែរ»។

លោក​សង្កត់​ធ្ងន់​ថា​៖ «វិធានការបែបនេះ​ គឺជា​ការ​រំលោភ​ច្បាប់​អន្តរ​ជាតិ ធ្វើ​ឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែង​ដែលកំពុង​បន្ត​សម្រាប់​សន្តិភាព ​និងស្ថិរភាពនៅ​ក្នុងតំបន់ ផ្ទុយ​នឹងផែនការក្នុង​តំបន់ ធ្វើ​ឱ្យប៉ះពាល់​ដល់​លទ្ធភាព​នៃការឈាន​ដល់កិច្ចព្រមព្រៀងសន្តិភាព​ដើម្បី​បញ្ចប់ជម្លោះ»​។

គួរ​ឱ្យ​ដឹង​ថា ផែនការ​ដើម្បី​បញ្ចប់​ជម្លោះ​ក្នុង​តំបន់​ហ្គាហ្សា គឺ​ជា​កិច្ច​ព្រម​ព្រៀង​ក្នុង​ខែវិច្ឆិកា​ រវាងអ៊ីស្រាអែលនិងហាម៉ាស ក្នុង​ការ​បញ្ចប់​សង្គ្រាម​ប្រល័យ​ពូជសាសន៍​។

អគ្គ​លេខាធិការអង្គការ​សហប្រជាជាតិ(UN) លោក Antonio Guterres កាល​ពី​ដើមសប្តាហ៍បាន​ព្រមាន​ថា៖ « ផែនការចុះបញ្ជី​ដី​ធ្លីរបស់អ៊ីស្រាអែល​អាចនាំទៅរកការ​ដកហូតទ្រព្យសម្បត្តិរបស់ប្រជាជន​ប៉ាឡេស្ទីន និង​ប្រឈម​នឹងការពង្រីកការ​គ្រប់គ្រង​របស់អ៊ីស្រាអែលក្នុងតំបន់នោះ»។

លោក Guterres បានបន្ត​ថា៖ « ដំណើរការនេះអាចនាំ​ឱ្យ​មាន​អស្ថិរ​ភាព​និងខុសច្បាប់»។ ដោយ​លោក​លើកឡើងពីសេចក្តីសម្រេច​ដ៏​សំខាន់​មួយ​ក្នុងឆ្នាំ ២០២៤ ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បញ្ជាក់​ថា ​ការកាន់កាប់របស់អ៊ីស្រាអែល​នៅតំបន់ West Bank និង Gaza គឺ​ខុស​ច្បាប់ ហើយ​ត្រូវតែបញ្ចប់។

គួរ​បញ្ជាក់​ថា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានលើក​ឡើង​ក្នុង​សេច​ក្តី​សម្រេច​ថា៖ « ការរំលោភ​ និង​ប្រើ​អំណាចកាន់កាប់​របស់​អ៊ីស្រា​អែល​មាន​វត្តមាន​នៅក្នុងទឹកដីប៉ាឡេស្ទីនគឺ​ខុស​ច្បាប់»។

សេចក្តី​សម្រេច​​បន្ថែមថា៖ « ការតាំងទីលំនៅ​របស់អ៊ីស្រាអែលនៅ​តំបន់ West Bank និង East Jerusalem ព្រម​ទាំងរបប​ដែលជាប់ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​បានបង្កើតឡើង កំពុង​រំលោភ​លើច្បាប់អន្តរជាតិ»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម