Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ បង្ហាញគោលដៅចំនួន៤ ដែលត្រូវសម្រេចឲ្យបានក្នុងសង្គ្រាមជាមួយ អ៊ីរ៉ង់

បានផុស

នៅ

នៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៦ សហរដ្ឋអាមេរិកចាប់ដៃអ៊ីស្រាអែល បើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ វាយប្រហារប្រទេសអ៊ីរ៉ង់ ដោយក្រោយការចរចានុយក្លេអ៊ែរបរាជ័យ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ដំបូងឡើយ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជាក់ច្បាស់ៗថា គោលដៅនៃប្រតិបត្តិការនេះគឺ ទប់ស្កាត់អ៊ីរ៉ង់ មិនឲ្យផលិតអាវុធនុយក្លេអ៊ែរ ដែលគំរាមកំហែងដល់អាមេរិក ក៏ដូចជាប្រទេសផ្សេងទៀតក្នុងតំបន់ ដ្បិតការចោទប្រកាន់នេះ ត្រូវបានទីក្រុងតេហេរ៉ង់ ច្រានចោលម្តងហើយម្តងទៀតក៏ដោយ។

យ៉ាងណា ឥឡូវប្រមុខសេតវិមានបានអះអាងពីគោលដៅ៤ចំណុចដែលអាមេរិកត្រូវសម្រេចឲ្យបានក្នុងសង្គ្រាមនេះដូចជា៖ ទី១ អាមេរិកត្រូវកម្ទេចសមត្ថភាពមីស៊ីលអ៊ីរ៉ង់ឲ្យហ្មត់, ទី២ កម្ចាត់កងទ័ពជើងទឹកអ៊ីរ៉ង់, ទី៣ ធានាឲ្យបានថាប្រទេសដែលជាអ្នកឧបត្ថម្ភភេរវកម្មលេខមួយលើពិភពលោក នឹងមិនអាចទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាត និងទី៤ ត្រូវធានាឲ្យបានថា របបដឹកនាំអ៊ីរ៉ង់មិនអាចបន្តបំពាក់អាវុធ ផ្ដល់មូលនិធិ និងបញ្ជាកងទ័ពភេរវករនៅក្រៅព្រំដែនរបស់ពួកគេបានទៀតឡើយ។

មុននេះដែរ លោកត្រាំប្រកាសហើយថា អាមេរិក នឹងមិនដកថយឡើយ ពោលគឺនឹងវាយអ៊ីរ៉ង់ រហូតដល់សម្រេចបានគោលដៅទាំងអស់។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ដោយឡែក ពេលថ្លែងទៅកាន់ CNN លោក ត្រាំ ព្រមាន​ថា សហរដ្ឋអាមេរិកមិនទាន់ឈានដល់ចំណុចកំពូលនៃយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់នៅឡើយទេ ខណៈ​ប្រតិបត្តិការបច្ចុប្បន្នគ្រាន់តែជា «ការកម្ដៅសាច់ដុំ» ប៉ុណ្ណោះ ហើយ «រលកយក្ស» នៃការវាយប្រហារនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

លោកអះអាងថា ទោះជាប្រតិបត្តិការកំពុងបន្តក៏ដោយ ក៏សហរដ្ឋអាមេរិក​មិនទាន់បានចាប់ផ្តើមវាយប្រហារខ្លាំង​នៅឡើយទេ ហើយលោកព្យាករ​ថា ការបង្កើនកម្លាំងវាយប្រហារទ្រង់ទ្រាយធំនឹងកើតឡើង។

យ៉ាងណា លោកត្រាំ​​ក៏កត់សម្គាល់ពីភាពមិនច្បាស់លាស់ជុំវិញរចនាសម្ព័ន្ធគ្រប់គ្រងបច្ចុប្បន្ននៅក្នុងទីក្រុងតេហេរ៉ង់ដែរ ដោយទទួលស្គាល់ថា វ៉ាស៊ីនតោន​ក៏មិនដឹង​​ថាអ្នកណានឹងក្លាយជាមេដឹកនាំថ្មីរបស់ប្រទេសនេះ ឬអ្នកណានឹងត្រូវគេជ្រើស​តាំង​នោះដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម