Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ម្លប់ នៃសន្តិភាពដែលប្រមុខដឹកនាំប្រឹងប្រែងរកបានដោយកម្រ គឺជាសន្តិសុខសម្រាប់គ្រប់ស្ត្រី និងគ្រួសារខ្មែរទូទាំងនគរ

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ និងជាប្រធានសមាគមនារី​កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា ម្លប់ នៃសន្តិភាពដែលប្រមុខដឹកនាំប្រទេស​ប្រឹងប្រែង​រកបាន​ដោយកម្រ គឺជាសន្តិសុខដ៏យូរអង្វែងរបស់មនុស្សជាតិ ពិសេសសម្រាប់គ្រប់ស្ត្រី និងគ្រួសារខ្មែរទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះពេលអញ្ជើញជាអធិបតីក្នុងពិធី​អបអរសាទរ ទិវា​នារី​អន្តរជាតិ ៨ មីនា ខួបលើកទី ១១៥ ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «សន្តិភាព និងសន្តិសុខ​សម្រាប់​ស្ត្រី និង​គ្រួសារ» និងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែម​សមាសភាព​គណៈកម្មការ​សាខា​សមាគមនារី​កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ២ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង​ថ្ងៃទី ៥ ខែ​មីនា ឆ្នាំ ២០២៦ ម្សិលមិញ។

នា​ឱកាស​នោះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម បានមាន​ប្រសាសន៍​ថា ក្នុងនាមជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ក្រសួង​តែងតែ​ផ្តល់​អាទិភាព​ខ្ពស់​លើ​ការ​លើក​កម្ពស់​តួនាទី​របស់​ស្ត្រី តាមរយៈ​ការ​តែងតាំង​មុខតំណែង​ដឹកនាំ និង​ការ​ដំឡើង​ឋានន្តរសក្ដិ​ស្រប​តាម​សមត្ថភាព និង​អតីតភាព​ការងារ នៅគ្រប់​រចនាសម្ព័ន្ធ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ។ ទន្ទឹម​នឹង​នេះ ថ្នាក់​ដឹកនាំ​ក្រសួង ជានិច្ចកាល​តែង​គិតគូរពីការបង្កើនបរិមាណ និង​ពង្រឹង​ភាព​អង់អាច​ដល់​មន្ត្រីរាជការ​ជាស្ត្រី។ ជាក់ស្តែង យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​របស់​ក្រសួង​ត្រូវបាន​ដាក់ចេញ ដើម្បី​ធានា​នូវ​កាលានុវត្ត​ភាព​ស្មើៗ គ្នា ក្នុង​ការ​ចូលរួម​សម្រេច​ចិត្ត​លើ​វិស័យ​ធនធាន​ទឹក និង​ឧតុនិយម។

ថ្លែងក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការ​ផ្ដាំផ្ញើ​សាក​សួរសុខទុក្ខ និង​ការ​នឹករលឹក​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ជូន​ដល់​សមាជិក-សមាជិកា ទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម​នាថ្ងៃនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និង​គ្រួសារ» ដែលបានរំលេចពី​សារៈសំខាន់​មិនអាចកាត់ថ្លៃបាន នៃសន្ដិភាព និងសន្តិសុខសម្រាប់ស្ត្រី និង​ក្រុមគ្រួសារ ក៏​ដូច​គូស​បញ្ជាក់​ពីការ​រួមចំណែក​យ៉ាងសកម្ម​របស់ស្រ្តី​ក្នុងកិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កសាង និង​ថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។ លើសពីនេះ ការ​ប្រារព្ធ​យុទ្ធនាការ​ទិវា​អន្តរជាតិនារី ៨ មីនា គឺ​ដើម្បី​អបអរសាទរ​ពី​វឌ្ឍនភាព និង​សមិទ្ធផល​លើ​គ្រប់​វិស័យ​របស់​ស្ត្រី ក៏ដូចជា​ការ​ឆ្លុះបញ្ចាំង​លើ​មេរៀន​បទពិសោធ បញ្ហា​ប្រឈម កាលានុវត្ត​ភាព និងលើកឡើងនូវទិសដៅ​អាទិភាព ដើម្បីធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវសកម្មភាព​ជាក់លាក់ និងវិធានការជាវិជ្ជមាននានា ដើម្បីឆ្ពោះទៅសម្រេចបានសង្គមមួយ​ដែល​មាន​បរិយាបន្ន និងសមភាព​សម្រាប់ទាំងអស់គ្នា។

សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួម​អបអរសាទរ​ចំពោះ លោកស្រី លៀង យុគ ថោជេដ្ឋា ប្រធានកិត្តិយស​គណៈកម្មការ​សាខា​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និងបាន​ផ្តាំផ្ញើ​ដល់​គណៈកម្មការ​សាខាសមាគមនារីក្រសួង ដែល​បានប្រកាស​កែសម្រួល និងបំពេញបន្ថែម​សមាសភាព​នាថ្ងៃនេះ ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ របបរាយការណ៍ ការបែងចែកតួនាទីភារកិច្ច និងទទួលខុសត្រូវទៅ​ថ្នាក់​ដឹកនាំ នៃ​គណៈកម្មការ​សមាគម​នារី​សាខា អនុ​សាខា ទូទាំង​អង្គភាព​កាន់តែ​ទូលំទូលាយ និង​ឲ្យ​បាន​ស៊ីជម្រៅ​ទៅតាម​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្តី និងគ្រួសារ» នៅក្នុងឆ្នាំនេះ ធ្វើឡើងក្នុង​គោលបំណង​រំលេចពី​សារៈសំខាន់​មិនអាចកាត់ថ្លៃបាន នៃ​សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចគូសបញ្ជាក់​ពីការ​រួមចំណែក​យ៉ាងសកម្ម​របស់​ស្រ្តី​ក្នុងកិច្ចខិតខំ​ប្រឹងប្រែង​ដើម្បីកសាង និងថែរក្សាសន្តិភាព។ ជាមួយគ្នានេះ ក៏អំពាវនាវ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ជាបន្ទាន់​ក្នុង​ការ​ការពារ និង​លុបបំបាត់​នូវ​រាល់​ឧបសគ្គ​រារាំង​ដែល​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ស្ត្រី និងគ្រួសារ ដែលទាំងនេះជា​បុរេ​លក្ខខណ្ឌ និង​ជា​ធាតុផ្សំ​មិនអាចខ្វះ​បាន​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ស្ថិរភាព និង​វិបុល​ភាព​សង្គម៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម