Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ប្រកាសថា ខ្លួនកំពុងសហការផ្នែកយោធាជាមួយរុស្ស៊ីនិងចិន

បានផុស

នៅ

ស្របពេលសង្គ្រាមមជ្ឈិមបូព៌ា ឈានដល់សប្តាហ៍ទី៣ហើយនោះ ការច្បាំងគ្នានៅតែខ្លាំងក្លា ដោយមានការបាញ់តដៃគ្នាឥតឈប់សោះឡើយ ហើយឥឡូវនេះ ភាគីអ៊ីរ៉ង់ ប្រកាសថា ខ្លួនកំពុងមានកិច្ចសហការយោធាជាមួយរុស្ស៊ី និងចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ MS NOW កាលពីថ្ងៃសៅរ៍ទី១៤ខែមីនាឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi និយាយថា ទីក្រុងតេហេរ៉ង់កំពុងមានកិច្ចសហប្រតិបត្តិការយោធាយ៉ាងជិតស្និទ្ធជាមួយទីក្រុងមូស្គូនិងប៉េកាំង។ រុស្ស៊ីនិងចិនថាជា «ដៃគូយុទ្ធសាស្ត្រ»។

យ៉ាងណា ដ្បិតមិនបានផ្ដល់ព័ត៌មានលម្អិតស៊ីជម្រៅក៏ដោយ ប៉ុន្តែលោកបញ្ជាក់ថា អ៊ីរ៉ង់ មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក ហើយកិច្ចសហការនោះកំពុងបន្ត។ កិច្ចសហការនេះគ្របដណ្តប់លើវិស័យនយោបាយ សេដ្ឋកិច្ច និងយោធា។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi (រូប៖ Reuters)

ទោះបែបនេះ ប៉ុន្តែមិនទាន់មានការចេញមុខបកស្រាយឬពន្យល់អ្វីទេ ពីសំណាក់ភាគីរុស្ស៊ីនិងចិន។

ការអះអាងរបស់លោក Araghchi កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានមន្ទិលសង្ស័យថា មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កំពុងលបជួយអ៊ីរ៉ង់ស្ងាត់២។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

នៅក្នុងកិច្ចសម្ភាស​ជាមួយសារព័ត៌មាន Fox News ​លោកត្រាំ បានទម្លាយនូវការសង្ស័យរបស់លោកថា ពូទីន ប្រហែលជាកំពុងផ្តល់ជំនួយដល់អ៊ីរ៉ង់ ក្នុងសង្រ្គាមប្រឆាំងនឹងអាមេរិក និងអ៊ីស្រាអែល។ ការដែលទីក្រុងមូស្គូសម្រេចចិត្តជួយទីក្រុងតេហេរ៉ង់បែបនេះ អាចជាការសងសឹកទៅនឹងការដែលអាមេរិកបន្តគាំទ្រប្រទេសអ៊ុយក្រែន។ លោកត្រាំ និយាយថា៖ «ខ្ញុំគិតថា ពូទីន ប្រហែលជាកំពុងជួយពួកគេបន្តិចបន្តួច… ហើយគាត់ប្រហែលជាគិតថា យើងក៏កំពុងជួយអ៊ុយក្រែនដូចគ្នា»។

ទោះបីជាបេសកជនពិសេសអាមេរិក លោក Steve Witkoff បានបញ្ជាក់ថា មន្ត្រីរុស្ស៊ីទើបតែបានបដិសេធរឿងចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ីរ៉ង់ក៏ដោយ ក៏​លោកត្រាំ​បានចាត់ទុកស្ថានភាពនេះថាជា «វដ្តនៃការប្រកួតប្រជែងសម្ព័ន្ធមិត្ត» រវាងមហាអំណាចពិភពលោក ដែលមានរុស្ស៊ី និងចិននៅពីក្រោយ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម