Connect with us

ព័ត៌មានជាតិ

បទ​យកការណ៍៖ ការបង្កើតរបរ​ជាង​ម៉ាស៊ីន​ត្រជាក់​ជួយ​បង្កើន​ចំណូល​បន្ថែម​ដល់​អ្នក​រត់​កង់​បី

បានផុស

នៅ

កង់​បី​ឥណ្ឌា​ដែល​មាន​ជណ្ដើរ​ដាក់​នៅ​ពី​លើ​ជាមួយ​នឹង​ផ្ទាំង​ផ្សព្វផ្សាយ​ទទួល​ដំឡើង និង​ធ្វើ​ម៉ាស៊ីន​ត្រជាក់​​លើ​នោះ​ផង​ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​នៅ​តាម​ដង​​ផ្លូវ​ជា​ច្រើន​។ លោក សាន់ សុទ្ធា ដែល​ជា​ម្ចាស់​កង់បី​ឥណ្ឌា​នេះ​ថា​ការងារ​ទាក់ទង​នឹង​ម៉ាស៊ីន​ត្រជាក់​នេះ​គឺ​ជា​ការ​រក​ចំណូល​បន្ថែម​របស់​លោក​បន្ទាប់​ពី​ការងារ​រត់​កង់​បី​ដែល​បច្ចុប្បន្ន​ហាក់​មាន​ការ​ប្រកួត​ប្រជែង​ច្រើន​។ ក្នុង​មួយ​ខែ​ដំបូង​នៃ​ការងារ​បន្ថែម​របស់​លោក​អាច​រក​ភ្ញៀវ​លាង​និង​ជួស​ជុល​ម៉ាស៊ីន​ត្រជាក់​បាន​ប្រមាណ​១០​នាក់​ផង​ដែរ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាន់ សុទ្ធា៖ «ដំបូង​អញ្ចេះ​យើង​អត់​ទាន់​អាច​រក​ចំណូល​បាន​ច្រើន​ទេ! វា​អត់​ទៀង​ទេ ជួន​កាល​ពីរ​បី​ថ្ងៃ​មាន​មួយ​អី​អ៊ីចឹង​ទៅ​វា​អត់​អាច​កំណត់​ថា​មួយ​ថ្ងៃ​បាន​ប៉ុន្មាន​ទេ​។ បើ​យើង​ធ្វើ​យូរ​យើង​មាន​ម៉ួយ​ តែ​ចាប់​ដំបូង​អត់​ទាន់​មាន​អ្នក​ណា​ស្គាល់​ទេ​»

ទោះ​ជា​យ៉ាង​ណា​លោក​ថា​លោក​មិន​បោះបង់​ចោល​ការងារ​នេះ​ទេ​ព្រោះ​មិន​មែន​ជា​បន្ទុក​ដល់​ការងារ​ប្រចាំ​ថ្ងៃ​របស់​លោក​ឡើយ ដោយ​សារ​តែ​ពេល​ដែល​អត់​មាន​អ្នក​ហៅ​ជួសជុល​ ឬ​ដំឡើង​​ម៉ាស៊ីន​ត្រជាក់​លោក​នៅ​រត់​កង់​បី​តាម​ធម្មតា​។

លោក​បាន​ឱ្យ​ដឹង​ថា​លោក​បាន​រៀន​ជំនាញ​ម៉ាស៊ីន​ត្រជាក់​នេះ​ពី​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ITI ក្នុង​វគ្គ​១លាន​៥​សែន​របស់​រដ្ឋាភិបាល​ ដោយ​លោក​ជ្រើសរើស​យក​វគ្គ​រៀន​ថ្ងៃ​សៅរ៍​ អាទិត្យ។ ក្រោយ​ពី​រៀន​ចប់​សាលា​បាន​ផ្ដល់​ជូន​នូវ​ឧបករណ៍​សម្ភារៈ​មួយ​ចំនួន​ដល់​លោក​ស្រាប់​ការងារ​ថ្មី​នេះ​​ដែរ​។


លោក​បន្ថែម​ថា៖ «ខ្ញុំ​ចូល​រៀន​នេះ​ដោយ​សារ​សាលា​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​នៅ​ឃុំ​សង្កាត់​របស់​ខ្ញុំ​ឱ្យ​ចូលរៀន​វគ្គ​១​លាន​៥​សែន​នេះ​។ ​​ការ​សិក្សា​វគ្គ​នេះ​ល្អ​ណាស់​ព្រោះ​យើង​បាន​រៀន​ជំនាញ​ និង​អាច​រក​ចំណូល​បាន​ពី​ការ​រត់​ផាស់​អេប​ហ្នឹង​។ [..] ខ្ញុំ​រៀន​សៅរ៍​ អាទិត្យ ដូចជា​មិន​ខាត​ការងារ​ខ្ញុំ​ទេ ព្រោះ​ចូល​ម៉ោង​៨ បើ​យើង​មាន​ម៉ូយ​ព្រលឹម​ឡើង​ដឹក​សិស្ស​ទៅ​រៀន​ប្រចាំ​ខែ​អ៊ីចឹង​ដឹក​ទៅ​ដល់​ម៉ោង​១២​យើង​ចេញ​ទៅ​ដឹក​ម៉ូយ​តទៅទៀត​ទៅ​ឆ្លៀត​បន្តិច​ៗ​ យើង​ក៏​អាច​រត់​ពេល​យប់​ដើម្បី​ទប់​ទៅ​ចាំ​ថ្ងៃ​ច័ន្ទ​សុក្រ​ចាំ​យើង​រក​យក​សល់​ទៅ​»

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ស៊ុន មេសា បាន​ឱ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​២០២៦ ក្រសួង​ការងារ​បាន​ញែក​វគ្គ​បណ្ដុះ​បណ្ដាល​បច្ចេកទេស​១លាន​៥សែន​​នេះ ​ទៅ​ដល់​អ្នក​រត់​រ៉ឺម៉ក​ទេសចរណ៍ កង់​បី និង​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មួយ​ទៀត​ដើម្បី​ឱ្យ​ពួកគាត់​ទទួល​បាន​ចំណូល​បន្ថែម​ពី​ការងារ​ប្រចាំ​ថ្ងៃ​របស់​គាត់​។ លោក​បាន​ឱ្យ​ដឹង​ថា​វគ្គ​បណ្ដុះបណ្ដាល​សម្រាប់​អ្នក​រត់​កង់​បី​ និង​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ជំនាញ​៣ គឺ​អគ្គិសនី ជួសជុល​ម៉ាស៊ីន​ត្រជាក់ និង​ជួស​ជុល​រថយន្ត​ធុន​ស្រាល ដែល​ការងារ​ទាំង​នេះ​សុទ្ធតែ​ជា​ការងារ​ដែល​ងាយ​ស្រួល​ចល័ត​។ ​​

លោក​ថា៖ «នេះ​គឺ​ជា​ការ​រួម​ចំណែក​មួយ​ដើម្បី​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​មាន​ចំណូល​​បន្ថែម​។ ហើយ​ការ​បណ្ដុះបណ្ដាល​ដល់​បងប្អូន​ត្រីចក្រយានយន្ត ឬ​ក៏​​និយាយ​ភាសា​សាមញ្ញ​ថា​រត់​តុក​តុក​នេះ​គឺ​ជា​ចំណុច​មួយ​នៅ​ក្នុង​ផែន​ការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ក្នុង​ឆ្នាំ​២០២៦ ដែល​​បន្ត​ជំរុញ​នឹង​ផលិត​ថ្នាក់​បណ្ដុះបណ្ដាល​ចល័ត​ឱ្យ​កាន់​តែ​ច្រើន​និង​ទំនើប​ដើម្បី​បង្ខិត​​ការ​បណ្ដុះបណ្ដាល​ឱុ្យ​កាន់​តែ​ជិត​អ្នក​ដែល​មាន​តម្រួវ​ការ។ ហើយ​ពង្រីក​ការ​កែ​ច្នៃ​ម៉ូតូ​​កង់​បី​ ត្រីចក្រយាន​នេះ​ដើម្បី​បង្កើន​ចំណូល​ដល់​ពួកគាត់​បន្ថែម​ទៀត»


​​​​​​សម្រាប់​អ្នក​រត់​កង់​បី រ៉ឺម៉ក​ទេសចរណ៍ និង​អ្នក​ធ្វើ​ការ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ចាប់​អារម្មណ៍​ក្នុង​ការ​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​អាច​ទាក់ទង​ទៅ​កាន់​សាលា​បណ្ដុះ​បណ្ដាល​ដោយ​ផ្ទាល់​តាម​លេខ ០១៥/០១៦/០៦០/០១៧ ៨២១ ៨២៧ ​ឬ​ក្រសួង​ការងារ​លេខ ១២៩៧ ដើម្បី​ទទួល​បាន​ព័ត៌មាន​នឹង​ការ​បណ្ដុះបណ្ដាល​។ ការសិក្សា​គឺ​មាន​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ ម៉ោង​ពេល​ល្ងាច និង​វគ្គ​ថ្ងៃ​សៅរ៍​ អាទិត្យ។

ងាក​មក​លោក​ សាន់ សុទ្ធា វិញ​លោក​ថា​លោក​ចង់​ចាប់​ការ​រៀន​សូត្រ​វគ្គ​បណ្ដុះ​បណ្ដាល​ជាង​ម៉ាស៊ីន​បោក​ខោអាវ និង​ទូរ​ទឹកកក​បន្ថែម​​លើ​ជំនាញ​បច្ចេកទេស​ម៉ាស៊ីន​ត្រជាក់​បច្ចុប្បន្ន ​ដោយ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​លោក​អាច​ចាប់​យក​អាជីព​ផ្នែក​ទាំង​នេះ​ទាំង​ស្រុង​ឈប់​រំពឹង​លើ​ការ​រត់​កង់​បី​ទៀត​ហើយ​។


លោក​ថា៖ «រំពឹង​ទៅ​ថ្ងៃ​មុខ​បើ​សិន​ជា​ខ្ញុំ​អាច​មាន​ភ្ញៀវ​(ម៉ាស៊ូន​ត្រជាក់​)ច្រើន​ ខ្ញុំ​នឹង​អាច​ឈប់​រត់​ផាស​អេប​ចាប់​អាជីព​នេះ​ធ្វើ​តែ​ម្ដង​»

លោក​ក៏​ជំរុញ​ដល់​អ្នក​រត់​រ៉ឺម៉ក​ទេសចរណ៍ កង់បី​ផ្សេង​ទៀត​ឱ្យ​ឆ្លៀត​ពេល​រៀន​ជំនាញ​ដែល​រដ្ឋ​ផ្ដល់​ជូន​នេះ​ផង​ដែរ​ ដោយ​ថា​រៀន​មិន​អស់​លុយ ហើយ​មាន​ជំនាញ​ក្នុង​ខ្លួន​ដែល​អាច​យក​មក​បង្កើន​ចំណូល​ស្រាប់​ខ្លួន​ឯង​និង​គ្រួសារ​ផង​ដែរ៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម