Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុនបញ្ចេញកញ្ចប់លុយយក្ស ៥,៣​ពាន់​លានដុល្លារ ដើម្បីទប់ទល់បញ្ហា​សាំង​ឡើងថ្លៃ

បានផុស

នៅ

រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការហក់ឡើងនៃតម្លៃប្រេងនៅក្នុងប្រទេស ដោយត្រៀមបញ្ចេញកញ្ចប់ថវិកាបម្រុងប្រមាណ ៨០០​​ពាន់​លានយ៉េន (ប្រហែល ៥,៣ពាន់​លានដុល្លារអាមេរិក)។

(រូបថត៖ Bloomberg)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយរបស់​សារព័ត៌មាន APA វិធានការសង្គ្រោះសេដ្ឋកិច្ចនេះ ត្រូវបានគេរំពឹងថានឹងទទួលបានការអនុម័ត​ផ្លូវការពីគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារ ទី២៤ ខែមីនា ស្អែកនេះ ក្នុងគោលបំណងការពារប្រជាជនជប៉ុនពីផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្តាលមកពីភាពតានតឹងយោធារវាងអាមេរិក និងអ៊ីរ៉ង់។

ការសម្រេចចិត្តទម្លាក់លុយរាប់ពាន់លានដុល្លារនេះ បានកើតឡើងបន្ទាប់ពីតម្លៃសាំងនៅជប៉ុនបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានកាលពីសប្តាហ៍មុន ដោយសាំងប្រភេទ AI-95 បានឡើងថ្លៃដល់ ១៩០,៨យ៉េន (ប្រហែល ១,២០ដុល្លារ) ក្នុងមួយលីត្រ។ តាមរយៈការផ្ដល់ប្រាក់ឧបត្ថម្ភធនទៅឲ្យ​ក្រុមហ៊ុនប្រេងក្នុងស្រុក រដ្ឋាភិបាលជប៉ុនមានបំណងទាញតម្លៃសាំងឲ្យធ្លាក់ចុះមកវិញ និងរក្សានៅត្រឹមប្រហែល ១៧០យ៉េន ក្នុងមួយលីត្រប៉ុណ្ណោះ។

ក្រៅពីសាំងរថយន្ត វិធានការការពារនេះក៏នឹងគ្របដណ្តប់លើប្រេងសំខាន់ៗផ្សេងទៀតផងដែរ រួមមាន ប្រេងម៉ាស៊ូត ប្រេងសម្រាប់កម្តៅក្នុងផ្ទះ និងប្រេងកាត ដែលសុទ្ធសឹងតែជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ការជ្រៀតជ្រែកចូលទីផ្សាររបស់រដ្ឋាភិបាលជប៉ុននៅពេលនេះ ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រ «ទប់ជើងព្រួល» ដើម្បីកុំឲ្យវិបត្តិថាមពលសកល រុញច្រានតម្លៃទំនិញប្រើប្រាស់ផ្សេងៗឲ្យ​ឡើងថ្លៃតាមដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម