Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានបក្សប្រឆាំងតៃវ៉ាន់ ទទួលយកការអញ្ជើញឲ្យទៅបំពេញទស្សនកិច្ចនៅចិន

បានផុស

នៅ

ប្រធានគណបក្ស Kuomintang ដែលជាបក្សប្រឆាំងធំជាងគេនៅតៃវ៉ាន់ បានសម្រេចចិត្តទទួលយកការអញ្ជើញរបស់​លោក​ប្រធានាធិបតី ស៊ី ជិនពីង ដើម្បីទៅបំពេញទស្សនកិច្ចនៅចិនដីគោកក្នុងខែមេសាខាងមុខ។

អ្នកស្រី Cheng Li-wun (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី Cheng Li-wun ដែលទើបជាប់ឆ្នោតជាប្រធានបក្សកាលពីខែតុលា​ឆ្នាំ​មុន បានបង្ហាញសញ្ញានៃការចង់រឹតចំណងមិត្តភាពជាមួយក្រុងប៉េកាំង​ឲ្យ​កាន់តែស្អិតរមួតជាងមុន។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមេសា នៅ​ទី​ក្រុងប៉េកាំង សៀងហៃ និងខេត្តជាំងស៊ូ។ អ្វីដែលកាន់តែពិសេសនោះ ជំនួបនេះកើតឡើងត្រឹមតែមួយខែប៉ុណ្ណោះ មុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើដំណើរទៅកាន់ក្រុងប៉េកាំងសម្រាប់កិច្ចប្រជុំកំពូលដែលត្រូវបានពន្យារពេលដោយសារជម្លោះនៅអ៊ីរ៉ង់។

ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី៣០ខែមីនានេះ គណបក្ស Kuomintang បានបញ្ជាក់ថា អ្នកស្រី Cheng បានទទួលយកការអញ្ជើញនេះដោយ «ក្តីរីករាយ» ក្នុងបំណងចង់​ឲ្យបក្សទាំងពីរ (បក្ស Kuomintang និងបក្សកុម្មុយនិស្តចិន) សហការគ្នាដើម្បីសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។ យ៉ាង​ណា​មិញ រដ្ឋាភិបាល​ក្រុងប៉េកាំង​បាន​បដិសេធការ​ចរចាជាមួយប្រធានាធិបតីតៃវ៉ាន់បច្ចុប្បន្ន លោក ឡៃ ឈីងតេ ដោយចោទ​លោក​ថាជា «ជន​ផ្ដាច់​ខ្លួន»។

គួររំលឹកផងដែរថា រដ្ឋាភិបាលសាធារណរដ្ឋចិន ដែលដឹកនាំដោយគណបក្ស Kuomintang បានភៀសខ្លួនមកតៃវ៉ាន់ក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីចាញ់សង្គ្រាមស៊ីវិលជាមួយក្រុមកម្មុយនិស្តរបស់លោក ម៉ៅ សេទុង។ រហូតមកដល់ពេលនេះ មិនទាន់មានសន្ធិសញ្ញាសន្តិភាពណាមួយត្រូវបានចុះហត្ថលេខានៅឡើយទេ ហើយភាគីទាំងពីរក៏មិនបានទទួលស្គាល់រដ្ឋាភិបាលគ្នាទៅវិញទៅមកជាផ្លូវការដែរ។ ដំណើរទស្សនកិច្ចរបស់លោកស្រី Cheng នាពេលខាងមុខនេះ ត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយក្នុងការស្វែងរកសន្តិភាពតាមរយៈការចរចា និងការផ្លាស់ប្តូររវាងភាគីទាំងពីរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម