Connect with us

ព័ត៌មានជាតិ

អនុប្រធានព្រឹទ្ធសភា ថា ច្បាប់អន្តរជាតិនៅតែមានតម្លៃក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

អនុប្រធានទី២ព្រឹទ្ធសភា លោក ធន់ វឌ្ឍនា បានលើកឡើងថា ច្បាប់អន្តរជាតិនៅតែមានតម្លៃក្នុងការដោះស្រាយបញ្ហានៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ហើយលោក បញ្ជាក់ថា អ្នកការទូតបរទេសកំពុងតាមដានស្ថានការណ៍ទាំងព្រំដែន ទាំងនយោបាយនៅក្នុងប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់អនុប្រធានព្រឹទ្ធសភា បានធ្វើឡើងក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលរៀបចំដោយសមាគមអតីតនិស្សិតខ្មែរមកពីជប៉ុន (JAC) កាលពីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ។

លោក ធន់ វឌ្ឍនា បានសង្កត់ធ្ងន់ថា បញ្ហាព្រំដែនជាមួយថៃ ត្រូវតែដោះស្រាយតាមការចរចា និងច្បាប់អន្តរជាតិ។ ដូច្នេះវាត្រូវការពេលវេលាច្រើន ហើយអ្វីដែលយើងត្រូវធ្វើគឺកសាងមិត្ត និងកសាងខ្លួនយើង។ លោក បានអំពាវនាវដល់ពលរដ្ឋមានទំនុកចិត្តលើរាជរដ្ឋាភិបាល ហើយជឿថា ថៃនឹងដកចេញពីទឹកដីកម្ពុជា ព្រោះថៃមានបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន និងមិនចង់មានសម្ពាធពីអន្តរជាតិទេ។

ក្នុងវេទិកាខាងលើ លោក ធន់ វឌ្ឍនា ក៏បានលើកឡើងពីទំនាក់ទំនងល្អរវាងកម្ពុជា និងជប៉ុន ដែលមានស្ទើរគ្រប់វិស័យ ដែលក្នុងនោះ លោកបានកោតសរសើរដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលខិតខំរកការងារពិសេសនៅជប៉ុន ដែលផ្ដល់ឱកាសដល់ពលករដើម្បីរៀន រក និងពង្រីកបទពិសោធ។ លោក បានសរសើរដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលខិតខំលើកកម្ពស់គុណភាពផលិតផលខ្មែរ និងជំរុញវប្បធម៌ស្រាវជ្រាវតាមសាកលវិទ្យាល័យ។

លោក បានថ្លែងអំណរគុណ និងដឹងគុណរដ្ឋាភិបាលជប៉ុន ជាពិសេសប្រជាជនជប៉ុន ដែលបានជួយជ្រោមជ្រែងកម្ពុជាកន្លងមក និងបានកោតសរសើរដល់អតីតនិស្សិតខ្មែរមកពីជប៉ុនទាំងអស់ ដែលជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម