ព័ត៌មានជាតិ
ខេត្តតាកែវមិនអនុញ្ញាតឱ្យលេងប៉ាតម្សៅ បាញ់ទឹកតាមទីតាំងសង្ក្រាន្ត ដងផ្លូវឡើយ ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា និងគ្រោះថ្នាក់ចរាចរណ៍
អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បញ្ជាក់ច្បាស់ៗថា ក្នុងខេត្តតាកែវមិនអនុញ្ញាត ឱ្យមានការលេងប៉ាតម្សៅ ឬបាញ់ទឹក នៅតាមទីតាំងប្រារព្ធពិធីសង្ក្រាន្ត ក៏ដូចជាតាមដងផ្លូវសាធារណៈឡើយ ព្រោះសកម្មភាពទាំងនេះមិនត្រឹមតែមិនមែនជាវប្បធម៌ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ ការប៉ះទង្គិចគ្នា និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ដែលប៉ះពាល់ដល់ភាពសប្បាយរីករាយរបស់មហាជន។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងមហាផ្ទៃ ដោយដកស្រង់ប្រភពចេញពីរដ្ឋបាលខេត្តតាកែវ ក្រោយកិច្ចប្រជុំគណៈកម្មការ និងក្រុមការងារក្នុងការរៀបចំព្រឹត្តិការណ៍«តាកែវសង្ក្រាន្តឆ្នាំ២០២៦» នាថ្ងៃទី១៣ ខែមេសា នេះ។

គួររម្លឹកថា កាលពីខែមីនា កន្លងទៅ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានប្រកាសថា មិនឱ្យយករថយន្តពន្លត់អគ្គិភ័យទៅបាញ់ទឹកលេង ក្នុងថ្ងៃចូលឆ្នាំខ្មែរឡើយ ទន្ទឹមនេះ សម្ដេចក៏ស្នើឱ្យយុវជនផ្អាកលេងបាញ់ទឹក និងប៉ាតម្សៅ ហើយងាកមកលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល។
ក្នុងកិច្ចប្រជុំដដែល អភិបាលខេត្តតាកែវ ជំរុញឱ្យអាជ្ញាធរ និងអ្នករៀបចំកម្មវិធីតាមវត្តអារាម និងទីសាធារណៈ ត្រូវរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរ ដែលក្នុងនោះរួមមានបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែងជាដើម។ឯកឧត្តមបានលើកទឹកចិត្តឱ្យមានការរាំតាមចង្វាក់ប្រពៃណីដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងឡាំលាវ ដែលជានិមិត្តរូបនៃភាពទន់ភ្លន់ និងសាមគ្គីភាពរបស់ខ្មែរ។

អភិបាលខេត្តតាកែវ លោក វ៉ី សំណាង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ «តាកែវសង្ក្រាន្ត ឆ្នាំ២០២៦» ក្លាយជាការចងចាំដ៏ល្អ សប្បាយរីករាយ និងពោរពេញដោយមោទនភាពជាតិខ្មែរ។

ព្រឹត្តិការណ៍សង្ក្រាន្តខេត្តតាកែវឆ្នាំនេះ រដ្ឋបាលខេត្តតាកែវរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកទស្សនាកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន និងទីតាំងសំខាន់ៗក្នុងខេត្ត ក្រោមការយកចិត្តទុកដាក់ខ្ពស់លើផ្នែកសន្តិសុខ និងអនាម័យបរិស្ថាន៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


