Connect with us

ចរាចរណ៍

នគរបាលខេត្តតាកែវ រឹតបន្តឹងការត្រួតពិនិត្យយានយន្តកែច្នៃខុសបច្ចេកទេសលើផ្លូវជាតិលេខ២ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់នៅលើដងផ្លូវសាធារណៈ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបន្តអនុវត្តវិធានការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ចំពោះយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងយានយន្តដែលមិនគោរពតាមបទប្បញ្ញត្តិចរាចរណ៍ផ្លូវគោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅលើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ក្នុងគោលបំណងទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ អ្នករួមដំណើរ និងអ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។

ជាក់ស្តែង យានយន្តមួយចំនួនត្រូវបានកែប្រែទំហំតួរថយន្ត បន្ថែមទ្រុងដែក ប្តូរប្រព័ន្ធបច្ចេកទេស ឬដឹកជញ្ជូនលើសទម្ងន់កំណត់ ដែលជាកត្តាបង្កឱ្យបាត់បង់លំនឹងពេលបើកបរ ងាយក្រឡាប់ ឬបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនៅលើដងផ្លូវ។ លើសពីនេះ ការកែច្នៃខុសបច្ចេកទេស ក៏អាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងបង្កការរំខានដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។

មន្ត្រីនគរបាលចរាចរណ៍បានអំពាវនាវដល់ម្ចាស់យានយន្ត និងអ្នកបើកបរទាំងអស់ ត្រូវគោរពតាមច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ និងចៀសវាងការកែច្នៃដែលផ្ទុយពីបទដ្ឋានបច្ចេកទេសកំណត់ដោយច្បាប់។

ស្នងការដ្ឋាននគរបាលខេត្តតាកែវ បញ្ជាក់ថា ការត្រួតពិនិត្យ និងអនុវត្តច្បាប់ចំពោះយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នឹងបន្តធ្វើជាប្រចាំនៅតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដើម្បីធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងការធ្វើដំណើរប្រកបដោយភាពរលូនសម្រាប់ប្រជាពលរដ្ឋគ្រប់រូប៕​

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម