Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ បើកភ្លើងខៀវពន្យារពេលសង្គ្រាមជាមួយអ៊ីរ៉ង់ ក្រោមហេតុផល​ធំៗ៤

បានផុស

នៅ

ស្ថានការណ៍នៅមជ្ឈិមបូព៌ាហាក់មានដង្ហើមដកបន្តិច បន្ទាប់ពីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបន្តបទឈប់បាញ់ជាមួយប្រទេសអ៊ីរ៉ង់ជាបណ្ដោះអាសន្ន។ ទោះបីជាកាលពីមុន លោកបានគំរាមថានឹងទម្លាក់គ្រាប់បែកឲ្យ​ខ្ទេច បើគ្មានកិច្ចព្រមព្រៀងក៏ដោយ ប៉ុន្តែនៅនាទីចុងក្រោយ លោកបែរជាយល់ព្រមទុកពេលឲ្យ​ទីក្រុងតេហេរ៉ង់បន្ថែមទៅវិញ។

(រូបថត៖ Axios)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយ​កាលពីថ្ងៃទី​២១ និង​២២ ខែមេសា ឆ្នាំ២០២៦ ដោយភ្នាក់ងារព័ត៌មាន CBS News និង Al Jazeera មូលហេតុធំៗចំនួន ៤ ដែលលោកត្រាំ សុខចិត្ត​ពន្យារពេល​បទ​ឈប់បាញ់កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ រួមមាន៖

១. សំណើ «សុំសេចក្ដីសុខ» ពីប្រទេសប៉ាគីស្ថាន

លោកត្រាំ បានបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា លោកបានយល់ព្រមតាមសំណើរបស់ប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល។ ប៉ាគីស្ថានបានសុំពេលបន្ថែម ដើម្បីឲ្យ​មេដឹកនាំអ៊ីរ៉ង់អាចរៀបចំសំណើដោះស្រាយបញ្ហាជាផ្លូវការមួយមកដាក់លើតុចរចា។ បើតាម The Guardian លោកត្រាំ ហាក់ចង់ទុកមុខមាត់​ឲ្យ​អ្នកសម្របសម្រួលអាស៊ីខាងត្បូងមួយនេះ ដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំ។

២. ការស៊ើបការណ៍ឃើញមាន «ការបែកបាក់ផ្ទៃក្នុង» របស់អ៊ីរ៉ង់

មូលហេតុគួរឲ្យ​ចាប់អារម្មណ៍បំផុតនោះគឺ លោកត្រាំ បានអះអាងថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុងមានការឈ្លោះប្រកែកគ្នាខ្លាំងរវាងក្រុមអ្នកចង់ចរចា និងក្រុមដែល​មិន​ចង់។ លោកបាន​លើក​ឡើង​ថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុងបាក់បែកយ៉ាងធ្ងន់ធ្ងរ។ ការពន្យារពេលនេះ គឺដើម្បីផ្ដល់ឱកាសឲ្យ​ពួកគេ «រកចំណុចរួមមួយ» មកចរចាជាមួយអាមេរិក ចៀសវាងការចរចាដែលគ្មានលទ្ធផល។

៣. យុទ្ធសាស្ត្រ «ឡោមព័ទ្ធឲ្យដាច់ពោះ»

ទោះបីជាផ្អាកការទម្លាក់គ្រាប់បែក ប៉ុន្តែកងទ័ពជើងទឹកអាមេរិកនៅតែបន្តបិទច្រកសមុទ្រ និងកំពង់ផែអ៊ីរ៉ង់ដដែល។ យោងតាម Gulf News លោកត្រាំ ជឿជាក់ថា អ៊ីរ៉ង់កំពុងខាតបង់ប្រាក់ចំណូលរហូតដល់ ៥០០លានដុល្លារក្នុងមួយថ្ងៃ។ លោកគិតថា ការរង់ចាំកាន់តែយូរ អ៊ីរ៉ង់កាន់តែអស់កម្លាំង ហើយអាមេរិកនឹងទទួលបាន «កិច្ចព្រមព្រៀងដ៏ល្អបំផុត» ដោយមិនបាច់​ចំណាយ​គ្រាប់បាញ់។

៤. ឥទ្ធិពលនៃតម្លៃប្រេង និងសេដ្ឋកិច្ចពិភពលោក

ការប្រកាសពន្យារពេលនេះ បានធ្វើឲ្យ​តម្លៃប្រេងពិភពលោកដែលកំពុងហក់ឡើងខ្ពស់ ចាប់ផ្ដើមមានស្ថិរភាពឡើងវិញ។ សម្រាប់លោកត្រាំ ដែលជានិច្ចកាលផ្ដោតលើសេដ្ឋកិច្ច ការបញ្ចៀសការហក់ឡើងនៃតម្លៃសាំងនៅអាមេរិក គឺជាអាទិភាពខ្ពស់បំផុតមុននឹងសម្រេចចិត្តបើកការវាយប្រហារទ្រង់ទ្រាយធំ៕

អត្ថបទ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម