Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ ត្រៀម​ជួយ​វ៉េណេ​ស៊ុយ​អេឡា​ ក្នុង​គ្រោះ​រញ្ជួយ​ដី​ដ៏​ធំ​ មិន​ធ្លាប់​មាន​

បានផុស

នៅ

ប្រទេស​វ៉េណេស៊ុយ​អេ​ឡា​ចួប​គ្រោះ​រញ្ជួយ​ដី​ដ៏​ធំ​ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្រ្ត​ កាល​ពី​យប់​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៦ បាន​បំផ្លាញ​ហេដ្ឋារចនា​សម្ព័ន្ធ​​ សម្លាប់​មនុស្ស​រាប់សិប​នាក់​ និង​របួស​ជិត​១០០០នាក់​។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ដែល​លើក​ទ័ព​ចាប់អតីតប្រធានាធិបតី ម៉ាឌូរ៉ូ កាល​ពីដើមឆ្នាំ​នេះ បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ពុធ ​ថា សហ​រដ្ឋអាមេរិក​បានត្រៀម​ខ្លួនរួចជាស្រេច​ ដើម្បីជួយប្រទេសវ៉េ​ណេ​ស៊ុយ​អេ​ឡា បន្ទាប់​ពីមានការរញ្ជួយដីធំៗ​ចំនួនពីរ​ជាប់​ៗ​គ្នា​ បានវាយប្រហារប្រទេស​អាមេរិកខាងត្បូង​នេះ។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ Anadolu នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៦ ។

លោក ត្រាំ សរសេរ​លើ​បណ្តាញ​សង្គម​ Truth Social ផ្ទាល់​ខ្លួន​ថា៖ « ការ​រញ្ជួយ​ដីធំៗ​ពីរ​ដែល​ទើបតែវាយប្រហារ​ប្រទេស​វ៉េណេស៊ុយអេឡា គឺមាន​ទំហំ​ធំ​ និង​បន្សល់ទុកនូវ​ចំនួនអ្នកស្លាប់​យ៉ាងច្រើន​»។

ប្រធានាធិប​តី​អាមេរិក​ លោក ដូណាល់ ត្រាំ ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បន្ថែម​ថា៖ « សហ​រដ្ឋ​អាមេរិកត្រៀម​ខ្លួនជាស្រេច រួម​ទាំង​​ឆន្ទៈក្នុង​ការ​ជួយ! ​យើង​ណែនាំ​ដល់ភ្នាក់ងារ​សហព័ន្ធទាំងអស់ឱ្យ​ត្រៀម​ខ្លួន​ ដើម្បី​ធ្វើ​សកម្មភាព​យ៉ាងឆាប់រហ័ស។ យើង​នឹង​នៅ​ទីនោះ​សម្រាប់មិត្តភ័ក្តិ​ថ្មី និងអស្ចារ្យរបស់​យើង»។

មិន​ខុស​គ្នា​ប៉ុន្មាន រដ្ឋ​មន្ត្រី​ការបរទេសអាមេរិក លោក Marco Rubio លើក​ឡើង​ថា៖ «  សហរដ្ឋ​អាមេរិក​សូមចូលរួម​រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត​ ចំពោះប្រជាជនវ៉េ​ណេស៊ុយអេឡា បន្ទាប់​ពីគ្រោះរញ្ជួយដីដ៏សាហាវនេះ»។

លោក Rubio សរសេរ​លើ​បណ្តាញ​សង្គម​ X ថា៖ « បេះដូង​របស់យើង​គឺនៅ​ជាមួយអ្នក​ទាំងអស់​ដែល​បានបាត់បង់​មនុស្សជា​ទីស្រលាញ់ អ្នករងរបួស និង​ក្រុមជួយ​សង្គ្រោះដ៏ក្លាហាន​ដែល​កំពុងធ្វើការដោយ​មិននឿយហត់​ បន្ទាប់ពីគ្រោះ​រញ្ជួយដីនេះ»។

លោក Rubio បន្ថែមថា៖ « អាមេរិកឈរ​នៅជាមួយប្រជាជនវ៉េណេស៊ុយអេឡា អំឡុងពេលដ៏លំបាកនេះ ហើយ​តាមការណែនាំ​របស់​ ប្រធានាធិបតី ត្រាំ ក្រសួងការបរទេស​កំពុងដាក់​ពង្រាយក្រុម​ស្វែងរក ជួយ​សង្គ្រោះ ធនធាន​វេជ្ជសាស្ត្រ និងជំនួយ​មនុស្សធម៌ទៅកាន់ប្រទេសវ៉េណេស៊ុយអេឡាភ្លាមៗ»។

ដើម្បី​ឆ្លើយតបទៅនឹងការកត់​សម្គាល់របស់​ លោក ដូណាល់​ ត្រាំ​ ប្រធានាធិបតី​ស្តីទីរបស់​ប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បាន​ថ្លែង​អំណរ​គុណ​ ចំពោះ​​ប្រធា​នា​ធិប​តី​អាមេរិក​និង​រដ្ឋបាល​របស់​លោក​ តាមរយៈ​​​បណ្តាញ​សង្គម​ X សម្រាប់ការផ្តល់​ការគាំទ្រ និងសាមគ្គីភាពដល់​ប្រជាជនវ៉េ​ណេស៊ុយ​អេឡា ​ចំពោះ​សោកនាដកម្មដ៏​ធំ​មួយ​នេះ។

យោង​តាមការស្ទង់ភូមិសាស្ត្រសហរដ្ឋ​អាមេរិក(USGS) គ្រោះ​រញ្ជួយ​ដីពីរ​ដង​​ជាប់​គ្នា​​ត្រូវ​បាន​វាយប្រហារ​​ភាគខាងជើង​វ៉េណេស៊ុយ​អេឡា។​

ទីភ្នាក់ងារនេះ​និយាយ​ថា ការរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័របាន​វាយប្រហារ​នៅ​ជិត​តំបន់​ San Felipe ជារដ្ឋ​ធានី​នៃ​រដ្ឋ Yaracuy បន្ទាប់​មក​ ៤០​វិនាទី​ក្រោយ​ ការរញ្ជួយដី​កម្រិត ៧.៥រ៉ិចទ័របាន​វាយប្រហារភាគ​អាគ្នេយ៍នៃ​តំបន់​ Yumare ។

ទី​ភ្នាក់​ងារ USGS បន្ថែម​ថា ការរញ្ជួយ​ដីកម្រិត ៧.៥ រ៉ិចទ័រ​នេះ​គឺជាការរញ្ជួយ​ដីដ៏ធំបំផុតដែល​បាន​កត់ត្រាទុក វាយប្រហារ​លើ​ប្រទេស​វ៉េណេស៊ុយអេឡា និងជា​រញ្ជួយ​ដីខ្លាំងបំផុត​របស់ប្រទេសនេះ​ក្នុងរយៈពេលជាង ១២៥ឆ្នាំ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម