ព័ត៌មានអន្ដរជាតិ
តំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
នៅឯក្របខណ្ឌវេទិកាអង្គការសហប្រជាជាតិ តំណាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃចន្ទទី២៧ ខែមេសា បានប៉ះទង្គិចពាក្យសម្តីគ្នាយ៉ាងខ្លាំង ជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ និងការជ្រើសរើសប្រទេសនេះឲ្យធ្វើជាអនុប្រធាន១ក្នុងចំណោមអនុប្រធានជាច្រើនផ្សេងទៀត នៅក្នុងសន្និសីទរយៈពេលមួយខែ ដើម្បីត្រួតពិនិត្យឡើងវិញនូវសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា សន្និសីទអង្គការសហប្រជាជាតិលើកទី១១ ដើម្បីត្រួតពិនិត្យការអនុវត្តសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ដែលបានចូលជាធរមានតាំងពីឆ្នាំ១៩៧០ បានចាប់ផ្ដើមនៅថ្ងៃចន្ទ នៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។ ក្រុមផ្សេងៗគ្នាបានស្នើឈ្មោះអនុប្រធានសន្និសីទចំនួន ៣៤ រូប ហើយប្រធានសន្និសីទ ដែលជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអង្គការសហប្រជាជាតិ (UN) លោក Do Hung Viet បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ត្រូវបានជ្រើសរើសដោយ «ក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធ និងរដ្ឋដទៃទៀត»។
យ៉ាងណាមិញ លោក Christopher Yeaw ជំនួយការលេខាធិការនៃការិយាល័យត្រួតពិនិត្យអាវុធ និងការមិនរីកសាយភាយអាវុធរបស់អាមេរិក បានប្រាប់សន្និសីទនោះថា ការជ្រើសរើសប្រទេសអ៊ីរ៉ង់ គឺជា «ការប្រមាថ» មួយចំពោះសន្ធិសញ្ញា NPT។
លោក បានលើកឡើងថា វាគឺជារឿងដែលមិនអាចប្រកែកបាន ដែលអ៊ីរ៉ង់បានបង្ហាញឲ្យឃើញជាយូរមកហើយ នូវការមើលងាយរបស់ខ្លួន ចំពោះការប្ដេជ្ញាចិត្តមិនរីកសាយភាយអាវុធនៃសន្ធិសញ្ញា NPT ហើយថែមទាំងបានបដិសេធមិនព្រមសហការជាមួយទីភ្នាក់ងារត្រួតពិនិត្យនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយមន្ទិលសង្ស័យនានាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទៀតផង។
លោកបានហៅការជ្រើសរើសប្រទេសអ៊ីរ៉ង់ជាអនុប្រធានលើកនេះថាជា «រឿងដែលហួសពីការខ្មាសអៀន និងជាភាពអាម៉ាស់មួយដល់ភាពជឿជាក់នៃសន្និសីទនេះ»។
ទោះជាយ៉ាងណាក៏ដោយ លោក Reza Najafi ដែលជាឯកអគ្គរដ្ឋទូតរបស់ទីក្រុងតេហេរ៉ង់ ប្រចាំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានច្រានចោលសេចក្តីថ្លែងការណ៍របស់អាមេរិក ដោយចាត់ទុកថា វាជារឿងដែលគ្មានមូលដ្ឋាន និងរៀបចំឡើងក្នុងគោលបំណងនយោបាយ។
លោកបានថ្លែងនៅក្នុងកិច្ចប្រជុំថា «វាជារឿងដែលមិនអាចទទួលយកបានឡើយ ដែលអាមេរិក ក្នុងនាមជារដ្ឋតែមួយគត់ដែលធ្លាប់បានប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងជាប្រទេសដែលបន្តពង្រីក និងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន បែរជាព្យាយាមតាំងខ្លួនជាអាជ្ញាកណ្ដាលក្នុងការវិនិច្ឆ័យលើការអនុវត្តតាម (កិច្ចព្រមព្រៀង) ទៅវិញ»។
បញ្ហានុយក្លេអ៊ែរ បានក្លាយជាចំណុចស្នូលនៃសង្គ្រាមរយៈពេលពីរខែរវាងអ៊ីរ៉ង់ ជាមួយអាមេរិក និងអ៊ីស្រាអែល ខណៈដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់សារជាថ្មីកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ ជាក់ស្ដែង អ៊ីរ៉ង់បានទាមទាឲ្យទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់សិទ្ធិរបស់ខ្លួនក្នុងការចម្រាញ់អ៊ុយរ៉ាញ៉ូម ដែលទីក្រុងតេហេរ៉ង់អះអាងថា ខ្លួនស្វែងរកសម្រាប់តែគោលបំណងសន្តិវិធីប៉ុណ្ណោះ ប៉ុន្តែបណ្ដាប្រទេសលោកខាងលិចនិយាយថា វាអាចត្រូវបានប្រើប្រាស់ដើម្បីផលិតអាវុធនុយក្លេអ៊ែរ។
មិនតែប៉ុណ្ណោះ អ៊ីរ៉ង់នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ថា ខ្លួនមិនស្វែងរកការបង្កើតអាវុធនុយក្លេអ៊ែរនោះទេ។ ប៉ុន្តែ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងសហគមន៍ចារកម្មអាមេរិកបានវាយតម្លៃដាច់ដោយឡែកពីគ្នាថា ទីក្រុងតេហេរ៉ង់ធ្លាប់មានកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរមួយ ដែលខ្លួនបានបិទឈប់ដំណើរការកាលពីឆ្នាំ២០០៣៕
អត្ថបទ៖ សាង ស្រីល័ក្ខ
លោក ត្រាំ បដិសេធសំណើអ៊ីរ៉់ង់ ហើយថា ទាល់ដោះស្រាយបញ្ហានុយក្លេអ៊ែរ ទើបបញ្ចប់សង្គ្រាមបាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


