Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ បដិសេធ​សំណើ​អ៊ីរ៉់ង់ ហើយ​ថា ទាល់ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​ ទើប​​បញ្ចប់​សង្គ្រាមបាន

បានផុស

នៅ

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់ចំណុចរបត់ថ្មីមួយទៀត បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អាមេរិកបានបង្ហើប​ប្រាប់​​ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២៦ នេះ​ ថា ប្រធានាធិបតី ដូណាល់ ត្រាំ បាន​បង្ហាញក្ដីមិនពេញចិត្តយ៉ាងខ្លាំង ចំពោះសំណើចុងក្រោយរបស់ភាគីអ៊ីរ៉ង់។

លោក ដូណាល់ ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុចម្បងដែលធ្វើ​ឲ្យ​លោក ត្រាំ មិនសូវពេញចិត្ត​នឹងសំណើនេះ គឺដោយសារតែវាមិនបានលើកយកបញ្ហាកម្មវិធី​នុយក្លេអ៊ែររបស់អ៊ីរ៉ង់ មកជជែកវែកញែកឲ្យ​បានច្បាស់លាស់ ដែលនេះគឺជាចំណុចក្ដៅបំផុតសម្រាប់ទីក្រុងវ៉ាស៊ីនតោន។

ថ្មីៗ​នេះ អ៊ីរ៉ង់បានបញ្ជាក់ថា ពួកគេចង់ទុកបញ្ហានុយក្លេអ៊ែរមួយឡែកសិន រង់ចាំរហូតដល់សង្គ្រាមបញ្ចប់ និងបញ្ហាដឹកជញ្ជូនតាមសមុទ្រក្នុងតំបន់ឈូងសមុទ្រត្រូវបានដោះស្រាយរួចរាល់ ទើបព្រមជជែក។ ប៉ុន្តែខាងអាមេរិកវិញ បានប្រកាន់ជំហរដាច់ខាតថា បញ្ហានុយក្លេអ៊ែរត្រូវតែដោះស្រាយតាំងពីដំបូងទីតែម្ដង។

ទោះបីជាមានការទាស់ទែងគ្នាយ៉ាងនេះក្ដី ប្រទេសប៉ាគីស្ថានដែលដើរតួជាអ្នកសម្របសម្រួល បានព្យាយាមយ៉ាងខ្លាំងដើម្បីជួយផ្សះផ្សាគម្លាតរវាងមហាអំណាចទាំងពីរ។ ប៉ុន្តែ ក្ដីសង្ឃឹមក្នុងការស្ដារសន្តិភាពឡើងវិញហាក់បីដូចជារសាត់ទៅឆ្ងាយបន្តិចទៅហើយ បន្ទាប់ពីលោក ត្រាំ បានសម្រេចចិត្តលុបចោលដំណើរទស្សនកិច្ចរបស់បេសកជនពិសេស និងកូនប្រសាររបស់លោក គឺលោក Jared Kushner ទៅកាន់រដ្ឋធានីអ៊ីស្លាម៉ាបាដ កាលពីចុងសប្តាហ៍មុន។

បច្ចុប្បន្ន ជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ នៅតែស្ថិតក្នុងស្ថានភាពទាល់ច្រកនៅឡើយ ដែលបញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់ស្ថិរភាពនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឲ្យ​ការផ្គត់ផ្គង់ថាមពលពីតំបន់មជ្ឈិមបូព៌ាធ្លាក់ចុះ ដែលជាក្ដីបារម្ភយ៉ាងខ្លាំងសម្រាប់សេដ្ឋកិច្ចពិភពលោក។ គិតត្រឹមពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា តើភាគីទាំងពីរនឹងអាចរកចំណុចកណ្ដាលឃើញនៅពេលណានោះឡើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម